ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ស្ទើរ​ស្រក់​ទឹកភ្នែក​! រឿងរ៉ាវ​ជីវិត​លោកយាយ​វ័យ​ជាង​៨០​ឆ្នាំ​​បណ្តើរ​​កង់​លក់​នំ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជីវិត​តែលតោល​របស់​លោកយាយ​ម្នាក់​ដែល​វ័យ​៨៤​ឈាន​ចូល​៨៥​ឆ្នាំទៅ​ហើយ ត្រូវ​បាន​គេ​ឃើញ​គាត់​តែងតែ​ជិះ​ ឬបណ្តើរ​កង់​លក់​នំ និង​ផ្លែ​ឈូក​តាម​ផ្លូវ​សាធារណៈ ហើយ​ពេល​ខ្លះ​គេ​ឃើញ​គាត់​កាន់​កញ្ច្រែង​មួយ​ដែល​មាន​ដាក់​នំ និង​ផ្លែ​ឈូក​ដើរ​ចូល​ទៅ​ក្នុង​ហាង​គុយទាវ ដើម្បី​សួរ​ភ្ញៀវ​តាម​តុ​ឲ្យ​ជួយ​ទិញ​នំ និង​ផ្លែ​ឈូក​របស់​គាត់…

ខេត្តបាត់ដំបង ៖ ជីវិត​តែលតោល​របស់​លោកយាយ​ម្នាក់​ដែល​វ័យ​៨៤​ឈាន​ចូល​៨៥​ឆ្នាំទៅ​ហើយ ត្រូវ​បាន​គេ​ឃើញ​គាត់​តែងតែ​ជិះ​ ឬបណ្តើរ​កង់​លក់​នំ និង​ផ្លែ​ឈូក​តាម​ផ្លូវ​សាធារណៈ ហើយ​ពេល​ខ្លះ​គេ​ឃើញ​គាត់​កាន់​កញ្ច្រែង​មួយ​ដែល​មាន​ដាក់​នំ និង​ផ្លែ​ឈូក​ដើរ​ចូល​ទៅ​ក្នុង​ហាង​គុយទាវ ដើម្បី​សួរ​ភ្ញៀវ​តាម​តុ​ឲ្យ​ជួយ​ទិញ​នំ និង​ផ្លែ​ឈូក​របស់​គាត់ គ្រាន់​បាន​ប្រាក់​ខ្លះ​ទុក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

លោកយាយ​ខាងលើ​ឈ្មោះ គ្រី ណៃ មាន​អាយុ​៨៤​ឈាន​ចូល​៨៥​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន សង្កាត់​ព្រះស្តេច ក្រុង​បាត់ដំបង ។

ដោយសារ​ចង់​ដឹង​ពី​ជីវិត​ពិត ក៏​ដូច​ជា​ចង់​ស្គាល់​ទីកន្លែង​រស់នៅ​របស់​លោកយាយ​គ្រី ណៃ កោះសន្តិភាព​បាន​ជួប​ផ្ទាល់​ជាមួយ​លោកយាយ ដោយ​គាត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​រស់នៅ​ជាមួយ​គេ​ជា​​អ្នក​​រាប់អាន​គ្នា​ដែល​បាន​ស្គាល់គ្នា​ចេញ​មក​ពី​សម័យ​ប៉ុ​ល ពត ដូច​គ្នា ហើយ​គាត់​គ្មាន​សាច់ញាតិ ឬ​បងប្អូន​អ្វី​ទាំងអស់​ ព្រោះ​បាន​ស្លាប់​ក្នុង​ជំនាន់​ប៉ុ​ល​ពត​អស់ហើយ សព្វថ្ងៃ​គាត់​បាន​ស្នាក់​នៅ​ជាមួយ​ក្រុម​គ្រួសារ​មួយ​ដែល​សណ្តាន​ចិត្តល្អ និង​បន្ត​រស់នៅ​ជាមួយ​ក្រុមគ្រួសារនោះ​​ប្រមាណ​ជាង​៣០​ឆ្នាំ​កន្លង​មកហើយ​ ។

លោកយាយ គ្រី ណៃ បាន​បញ្ជាក់​ប្រាប់​ថា រៀង​រាល់​ព្រឹក​ចាប់ពី​វេលា​ម៉ោង​៦​កន្លះ គាត់​តែងតែ​ចេញពីផ្ទះ​ដោយ​ជិះ​កង់​មាន​ដឹក​នំ​ទៅ​លក់​រហូត​ដល់​ម៉ោង​៩​ទៅ​ម៉ោង​១០​ព្រឹក ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​ពី​៤​ពាន់​រៀល​ទៅ​៥​ពាន់​រៀល ក្នុង​មួយ​ព្រឹក តែ​មាន​ពេល​ខ្លះ​គាត់​មិន​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​ទេ គឺ​គាត់​បាន​ជិះ​កង់​ចូល​ទៅ​ក្នុង​វត្ត​សង្កែ ដើម្បី​បាន​ប្រណិប័តន៍​ព្រះសង្ឃ​ខ្លះ និង​បាន​បាយ​ទឹក​ខ្លះ​គ្រាន់​ចំអែត​ក្រពះ​មួយ​ពេល​ៗ តែ​មាន​ពេល​ខ្លះ​ភ្ញៀវ​តាម​តុ​គុយទាវ កាហ្វេ មិន​បាន​ជួយ​ទិញ​នំ​របស់​គាត់​នោះ​ទេ ដោយ​ឃើញ​អាណិត​គឺ​មាន​តែ​ឲ្យ​ថវិកា​បន្តិចបន្តួច​ដល់​គាត់ និង​មាន​អ្នកខ្លះ​បាន​ទិញ​ជា​បាយ​កញ្ចប់​ឲ្យ​គាត់​ទុក​ពិសា​មួយ​ពេល​ៗ​ផង​ដែរ ។

លោក​លី សេង អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​-​ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា កាលពី​ជំនាន់​ប៉ុ​ល ពត គាត់​រស់នៅ​ភូមិ​តា​ប៉ុន (​ក្នុងស្រុក​សង្កែ​សព្វថ្ងៃ​) ត្រូវ​បាន​ជន្លៀស​ចេញ​ទៅ​តំបន់​ចាម​រអា​កាត់​តាម​ឬ​ស្សី​ក្រាំង ទៅ​តំបន់​ចុង​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ។ លុះ​ចេញ​ផុត​ពី​សម័យ​ប៉ុ​ល ពត គាត់​បាន​វិល​ត្រឡប់​មក​វិញ​កាត់​តាម​តំបន់​ភ្នំ​តា​ប្តេ​រ ស្រុក​មោង​ឬ​ស្សី ឆ្ពោះ​មក​ក្រុង​បាត់ដំបង ដោយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ហើយ​បាន​រួម​ដំណើរ​ជាមួយ​លោកយាយ​ទាំងអស់​គ្នា ។

លោក​លី សេង បាន​បន្ត​ថា លុះ​មក​ដល់​ក្រុង​បាត់ដំបង ក៏​បាន​ស្នាក់​នៅ​ជុំ​គ្នា ដោយ​កាល​ណោះ​លោកយាយ គ្រី ណៃ មាន​អាយុ​ជិត​៥០​ឆ្នាំ បាន​ចេញ​ទៅ​រក​អង្ករ​-​ស្រូវ​តាម​វាលស្រែ​យក​មក​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក និង​ដាក់​រួម​ជាមួយ​ក្រុម​គ្រួសារ​គាត់​រហូត​តាំងពី​ពេល​នោះ​មក ដោយ​ដឹង​សុខទុក្ខ​គ្នា ទើប​គាត់​និង​លោកយាយ​ចេះ​តែ​បន្ត​រស់​ជាមួយ​គ្នា​រហូត​មក ដោយ​បាន​ចាត់​ទុក​លោកយាយ​ដូច​ជា​ព្រះ​នៅ​ក្នុងផ្ទះ​ទៅ​ចុះ ។

លោក​លី សេង បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ឥឡូវ​ក្នុង​ក្រុម​គ្រួសារ​មាន​ប្រពន្ធ​និង​កូន ហើយ​គាត់​ត្រូវ​ទទួល​បន្ទុក​ចំនួន​៧​នាក់ ថែម​ទាំង​ជួយ​ថែរ​រក្សា​លោកយាយ​ម្នាក់​ទៀត ទើប​គាត់​បាន​រៀបចំ​ឲ្យ​លោកយាយ​មាន​តែ​កន្លែង​ស្នាក់​នៅ​រួម​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ តែ​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ គឺ​លោកយាយ​មិន​ចង់​រំខាន ឬ​ដាក់បន្ទុក​ដល់​ក្រុម​គ្រួសារ​គាត់​ឡើយ ដោយ​លោកយាយ​តែងតែ​ពិសា​បាយ​ផ្សេង​តែ​ម្នាក់ឯង ចំណែក​ក្រុម​គ្រួសារ​គាត់​ក៏​មិន​ដែល​មើល​រំលង​ឲ្យ​លោកយាយ​មានការ​ខ្វះខាត​នោះ​ដែរ គឺ​គាត់​តែងតែ​បន្ត​ជួយ​ឧបត្ថម្ភ​នៅ​ពេល​លោកយាយ​ខ្វះខាត ហើយ​គាត់​ជួយ​មើលថែ​លោកយាយ​គឺ​ជាង​៣០​ឆ្នាំ​មក​ហើយ ។

លោកលី សេង បាន​បន្តទៀត​ថា ​ពេល​នេះ​លោកយាយ​កាន់តែ​ចាស់ជរា ហើយ​គ្មាន​ទីពឹង​ទៀត បើ​ឲ្យ​លោកយាយ​ចេញ​ទៅ​នៅ​ក្រៅពី​ផ្ទះ​របស់​គាត់​នោះ​គឺ​ភាព​តែលតោល​នឹង​ផ្តល់​ការ​លំបាក​ដល់​លោកយាយ​ជាក់​ជា​មិន​ខាន​ឡើយ ម្ល៉ោះហើយ​ទើប​សព្វ​ថ្ងៃនេះ​ក្រុម​គ្រួសារ​របស់​គាត់​បាន​ចាត់​ទុក​ថា កំពុង​ជួយ​ស្រង់​ព្រះ​ដែល​នៅ​ជាមួយ​គាត់ នា​ទី​ចុង​ក្រោយ​តាម​ផល​បុណ្យ​របស់​គាត់​ទៅ​ចុះ ។

លោក លី សេង បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​ការ​ចេញ​លក់​នំ​ពេល​ព្រឹក​ៗ​នេះ គឺ​មាន​គេ​អ្នក​ជិតខាង​ដែល​អាណិត​ជួយ​លោកយាយ និង​បាន​ផ្តល់​ឲ្យ​លោកយាយ​យកនំ​ទៅ​លក់ ពេល​ត្រឡប់​មក​វិញ គេ​សុំ​ដក​យក​តែ​ដើម​វិញ​ប៉ុណ្ណោះ លុយ​ចំណេញ​ទុក​ឲ្យ​គាត់​ចុះ ។ លុយ​ដែល​លោកយាយ​សន្សំ​ពី​ការ​លក់​នំ​បាន​នោះ​គឺ​គាត់​សន្សំ​គ្រាន់​ទុក​ពេល​លោកយាយ​មាន​ជម្ងឺ​តែ​ប៉ុណ្ណោះ ពីព្រោះ​លោកយាយ​ចាស់ជរា ហើយ​ដែល​មាន​ជំងឺ​តម្រងនោម និង​ពោះវៀន ឧស្សាហ៍​តែ​អស់កម្លាំង លុះ​ពេល​គាត់​ហាម​លោកយាយ​មិន​ឲ្យ​ចេញ​ទៅ​លក់ តែ​លោកយាយ​មិន​ព្រម​ឡើយ ។ ណាមួយ​ពេល​មិន​បាន​ចេញ​ទៅ​លក់ គឺ​លោកយាយ​ត្រូវ​ឈឺ​ភ្លាម ដែល​កន្លង​មក​លោកយាយ​ធ្លាប់​ចូល​មន្ទីរពេទ្យ​ចំនួន​២​ដង​រួច​មក​ហើយ តែ​ខាង​មន្ទីរពេទ្យ​មិន​បាន​តម្រូវ​ឲ្យ​បង់លុយ​ឡើយ ។

លោក​លី សេង បាន​រំលឹក​ថា កាលពី​ជិត​១​ខែ​មុន​នេះ លោកយាយ​អស់កម្លាំង​ពេក បាន​ទៅ​គ្លីនិក​ឯកជន ត្រូវ​បង់ថ្លៃ​ព្យាបាល​ចំនួន​២៣​ម៉ឺន​រៀល តែ​ក្នុង​ខ្លួន​លោកយាយ​មាន​ប្រាក់​មិន​គ្រប់ បាន​អ្នក​ជិតខាង​ជួយ​ចូល​លុយ​គ្នា ព្រមទាំង​គាត់​ជួយ​បង្គ្រប់ ទើប​សង​រួច ។

លោក​លី សេង សូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​ដែល​មាន​ក្តី​មេត្តា​ចង់​ជួយ​ដល់​លោកយាយ អាច​ជួប​លោកយាយ​បាន​រៀង​រាល់​ព្រឹក​ចាប់ពី​ម៉ោង​៧​កន្លះ​ទៅ លោកយាយ​លក់​នំ​នៅ​ហាង​គុយទាវ​ម្លប់​ស្វាយ ទល់មុខ​ខា​រ៉ា​អូ​ខេ​ហូ​លី​វ៉ូត ខាងលិច​ស​ណ្ធា​គារ​ប្រេ​ស៊ី​ដង់ ​ពេលខ្លះ​​លោកយាយ​បន្ត​ជិះ​កង់ និង​បណ្តើរ​កង់​លក់​នំ​តាម​ដងផ្លូវ​រហូត​ទៅ​ស្ពាន ស ខេ​ង ម្តុំ​សណ្ឋាគារ​ក្លា​ស៊ី ជួនកាល​លោកយាយ​បន្ត​ចូល​វត្ត​សង្កែ ដែល​នៅ​តាម​ផ្លូវ​មាត់​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ