រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀនប្រមាណ១គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបង្ក្រាបក្រោមវិធានបទ«បង្ក្រាបដូចភ្លៀងរលឹម»តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ។ ជនសង្ស័យឈ្មោះ សាន ត្រែង ហៅភក្តី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យរួមនឹងការចាប់ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១គីឡូក្រាមនេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានថ្លែងឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបនោះគឺបានធ្វើឡើងតាមរយៈការស្រាវជ្រាវកាលពីម៉ោង៨យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១ ៩ នៅចំណុចដងផ្លូវសាធារណៈ ភូមិលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានការដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ។
លោក ឡឹក វណ្ណៈ បន្តថា ជាប្រចាំកម្លាំងជំនាញគ្រប់ការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀនបាន និងកំពុងអនុវត្តតាមគោលការណ៍បង្ក្រាបករណីចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឲ្យដូចភ្លៀងរលឹម ទោះករណីនោះតូចក្តីធំក្តីមិនអនុញ្ញាតិជនប្រព្រឹត្តបទល្មើសគេចផុតពីសំណាញ់ច្បាប់ដាច់ខាត ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ