ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក គង់ ប៊ុ​ន​ឈឿ​ន ម្ចាស់​កវីនិពន្ធ​ស្ទឹង​សង្កែបានចង.ក្រងសៀវភៅជាច្រើន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រូបសំណាក​លោក គង់ ប៊ុ​ន​ឈឿ​ន កវី​ម្ចាស់​ស្ទឹង​សង្កែ ជា​អ្នកនិពន្ធ​ខ្មែរ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​បាន​រៀបចំ​ទុកដាក់​នៅ​ក្នុង​វត្ត​កណ្តាល ក្រុង​-​ខេត្តបាត់ដំបង ដែល​ជា​ទឹកដី​កំណើត​របស់​លោក និង​ក្រុម​គ្រួសារ​នៅ​ទីនោះ…

ខេត្តបាត់ដំបង ៖ រូបសំណាក​លោក គង់ ប៊ុ​ន​ឈឿ​ន កវី​ម្ចាស់​ស្ទឹង​សង្កែ ជា​អ្នកនិពន្ធ​ខ្មែរ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​បាន​រៀបចំ​ទុកដាក់​នៅ​ក្នុង​វត្ត​កណ្តាល ក្រុង​-​ខេត្តបាត់ដំបង ដែល​ជា​ទឹកដី​កំណើត​របស់​លោក និង​ក្រុម​គ្រួសារ​នៅ​ទីនោះ ។

លោក​ឌុ​ច ហឿ​ប ប្រធាន​អាចារ្យ​គណៈកម្មការ​ក្នុង​វត្ត​កណ្តាល​បាន​ថ្លែង​ថា ដោយសារ​ជួយ​រួមចំណែក​លើក​ស្ទួយ​វិស័យ​សិល្បៈ និង​វិស័យ​ព្រះពុទ្ធ​សាសនា​បាន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​ពី ក្រុម​គ្រួសារ​លោក គង់ ប៊ុ​ន​ឈឿ​ន តាម​រយៈ​លោក​ច័ន្ទ សុផល អតីត​អភិបាលខេត្ត​បាត់ដំបង ទុក​កន្លែង​មួយ​ចំណែក​នៅ​ក្នុង​បរិ​វេន​វត្ត​នេះ ដើម្បី​កសាង​ជា​កុដិ​សម្រាប់​ដាក់​តាំង​ឯកសារ សៀវភៅ​និពន្ធ​ដែល​ជា​ស្នាដៃ និង​អដ្ឋិធាតុ​របស់​លោក​ផ្ទាល់​នៅ​ក្នុង​កុដិ​នេះ ហើយ​ក្នុង​កុដិ​នេះ​អាច​ផ្តល់​ផលប្រយោជន៍​ឲ្យ​ព្រះសង្ឃ​គង់​ស្នាក់​នៅ​ក្នុង​កុដិ​នេះ​បាន រួម​ទាំង​សិស្ស​ក្រីក្រ​ពិតប្រាកដ​មក​ពី​ជនបទ​បាន​ស្នាក់​នៅ​ជាមួយ​លោក ដើម្បី​បន្ត​ការ​សិក្សា​ជា​បន្ត​ទៅ​ទៀត និង​ជួយ​ថែរក្សា​ឯកសារ​ដែល​មាននៅ​ក្នុង​កុដិ​នេះ​ផង​ដែរ ។

លោក​អាចារ្យ​បាន​បន្ត​ទៀត​ថា រូបសំណាក​លោក​គង់ ប៊ុ​ន​ឈឿ​ន ត្រូវ​បាន​យក​មក​ដាក់​តាំងនៅ​ចំ​ពីមុខ​កុដិ និង​សម្ភោ​ធ​ប្រគល់​ឲ្យ​គណៈកម្មការ​វត្ត​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨ ជា​គរុ​ភ័​ណ្ឌ​សាធារណៈ​ដល់​ពុទ្ធបរិស័ទ​ដែល​ជា​ចំណែក​ផល​បុណ្យ​មួយ​កសាង​កុសល​តាម​ជំនឿ​នៃ​ព្រះពុទ្ធ​សាសនា ហើយ​ជួយ​រំលឹក​ចែករំលែក​វិស័យ​វប្បធម៌​ទុកជា​ប្រវត្តិសាស្ត្រ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​យល់​ដឹង​បន្ថែម​ទៀត​នៅ​ក្នុង​វត្ត​នេះ ដែល​មាន​អាយុកាល​ជាង​១១០​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​កន្លែង​មួយ​កំពុង​ទទួលភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។

តំណាង​ក្រុម​គ្រួសារ​លោក គង់ ប៊ុ​ន​ឈឿ​ន ម្ចាស់​កវីនិពន្ធ​ស្ទឹង​សង្កែ​បាន​បង្ហើប​ប្រាប់​ថា លោក​គង់ ប៊ុ​ន​ឈឿ​ន បាន​កើត​នៅ​ឆ្នាំ​១៩៣៩ នៅ​ភូមិ​-​ឃុំ ចំការ​សំរោង​ក្រុង​-​ខេត្តបាត់ដំបង មាន​បងប្អូន​ប្រុស​២​នាក់ បាន​រៀប​ការ​ជាមួយ​អ្នកស្រី តាត គឹ​ម​លន នៅ​ឆ្នាំ​១៩៦៣ មានកូន​៦​នាក់ (​ប្រុស​១ ស្រី​៥) ធ្លាប់​បាន​បួស​រៀន​នៅ​វត្ត​ពោធិ​វាល ហើយ​ក្នុង​ការ​សិក្សា​លោក​ចូល​ចិត្ត​សរសេរ​តែង​កំណាព្យ តែង​និពន្ធ​រឿង​ក្នុង​សៀវភៅ និង​និពន្ធ​បទ​ចំរៀង​ដែល​បាន​ល្បី​ដល់​ព្រះ​មហា​វិ​រៈក្ស​ត្រ​បាន​ទទួល​សញ្ញប​ត្រ​ទទួលស្គាល់​ជា​បន្តបន្ទាប់ ។

ក្នុង​សម័យ​ខ្មែរក្រហម​លោក​បាន​ជន្លៀស​ឲ្យ​ទៅ​រស់នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដោយ​ប្តូរ​លាក់​ឈ្មោះ​ថា ឈ្មោះ (​ជា​) តែ​ត្រូវ​ទាហាន​ខ្មែរក្រហម​តាមដាន​ដោយ​ចោទប្រកាន់​ថា ជា​សេ​អ៊ី​អា (CIA) ហើយ​ចាប់ចង​យក​ទៅ​សម្លាប់​ចោល​នៅ​ពេល​យប់ តែ​បាន​ផល​បុណ្យ​ជួយ​ដែល​មាន​ទាហាន​ខ្មែរក្រហម​ម្នាក់​ទៀត សង្ស័យ​បាន​ចូល​ទៅ​សួរ​អំពី​ឈ្មោះ​ពិតប្រាកដ​ទើប​គាត់​ដាច់​ចិត្ត​ប្រាប់​ការ​ពិត​ទើប​ទាហាន​នោះ​បាន​បញ្ជា​ឲ្យ​ស្រាយចំណង​របស់​គាត់​ចេញ​ដោយ​បាន​បញ្ជាក់​ថា គាត់​គឺជា​អ្នក​សរសេរ​សៀវភៅ​រឿង​ប្រលោមលោក និង​បទ​ចំរៀង​ទេ មិនមែន​ជា​ចារកម្ម ឬ​សេ​អ៊ី​អា​អ្វី​ឡើយ ព្រោះ​ទាហាន​នោះ​ស្គាល់​គាត់​ធ្លាប់​បាន​អាន​រឿង​របស់​គាត់ ។

ដោយ​បាន​ឆ្លងកាត់​ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩ លោក​គង់ ប៊ុ​ន​ឈឿ​ន​បាន​ទទួល​ការងារ​ជា​ប្រធាន​មន្ទីរ​ឃោសនាការ​ខេត្តកំពង់ធំ លុះដល់​ឆ្នាំ​១៩៨១ លោក​ត្រូវ​ប្តូរ​ការងារ​មក​ក្រុងភ្នំពេញ​ជា​អនុប្រធាន​នាយកដ្ឋាន​ភាពយន្ត​រហូត​ដល់​ឆ្នាំ​១៩៩៣ ហើយ​បាន​ប្តូរ​មក​ជា​អនុប្រធាន​បោះ​ពុ​ម្ភ​ផ្សាយ​នៃ​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ រហូត​ដល់​ឆ្នាំ​១៩៩៦ ទើប​ចូល​និវត្តន៍​រស់នៅ​ក្រុងភ្នំពេញ​ដល់​ឆ្នាំ​២០០០ ទើប​លោក​ឆ្លង​ចូល​តាម​ទឹកដី​ថៃ ដើម្បី​សុំ​ទៅ​រស់នៅ​ប្រទេស​ណ័​រវេ​ស រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៦ លោក​បាន​ទទួលមរណៈភាព​ក្នុង​ជន្មាយុ​៧៧​ឆ្នាំ ដោយ​បាន​ផ្តាំផ្ញើ​ថា សូម​យក​ធាតុ​របស់​លោក​មក​ស្រុក​កំណើត​របស់​លោក​វិញ​ទើប​ក្រុម​គ្រួ​សារបាន​រៀបចំ​តាម​សំណូមព​របស់​លោក​ទាំងអស់ ។

ចំពោះ​រូបសំណាក​របស់​លោក គឺជា​ទឹកចិត្ត​សប្បុរសជន​ក្នុង​ខេត្តបាត់ដំបង ដែល​បាន​ស្គាល់​គាត់ ហើយ​បាន​រួមចំណែក​គ្នា​រក​ជាង​ឆ្លាក់​ចេញពី​ថ្មភ្នំ មិនមែន​ជា​រូប​ស៊ីម៉ង់​ដ៏​ចាក់ពុម្ព​ឡើយ ដោយ​ជាងចម្លាក់​បាន​ប្រហែល​២​ឆ្នាំ​ទើប​ឆ្លាក់​រូប​នេះ​រួច ហើយ​ទើប​យក​មក​ដាក់​តាំង​សម្ភោ​ធ​នៅ​ក្នុង​ឆ្នាំ​២០១៨ នេះ​រួម​គ្នា​តែ​ម្តង​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ