ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​នៃ​​សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង​២​នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ បាន​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​សំណុំរឿង​ក្ដី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ២​នាក់ និង​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ បាន​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​សំណុំរឿង​ក្ដី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ២​នាក់ និង​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៣០ ខែសីហា ខាង​មុខ​នេះ ។

ជនជាប់ចោទ​ក្នុង​សំណុំរឿង​ក្តី​នេះ មាន លោក អ៊ួ​ន ឈិ​ន និង លោក យាង សុធា​រិ​ន ហៅ យាង សុ​ជា​មេត្តា អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ។ ជនជាប់ចោទ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ក្រចកសេះ​ម្តង​រួច​ទៅ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ពាក់ព័ន្ធ​ពី​បទល្មើស​ផ្ដល់​ព័​តិ​មាន​ឲ្យ​បរទេស ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង ដែល​ជា​តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ បញ្ជាក់​ថា ទោះបី​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​នៅ​ក្នុងស្រុក ប៉ុន្តែ​ជន​ជាប់​ទាំង​២​នាក់​នៅ​តែ​បន្ត​ការ​ផ្ដល់​ព័ត៌មាន​ទៅ​ក្រៅប្រទេស ដែល​អំពើ​នេះ​ជា​បទល្មើស «​ការ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស នូវ ព័ត៌មាន​ជា​អាទិ៍ ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» គប្បី​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​កំណត់ ។

ចំណែក​មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ បាន​ច្រាន​ចោលការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​នេះ ហើយ​ស្នើ​សុំ​ឲ្យ​ចៅក្រម​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើកលែងទោស​ដល់​កូនក្ដី​របស់​លោក​ផង​ដែរ ។ សវនាការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ អ៊ួ​ន ឈិ​ន និង ឈ្មោះ យៀង សុធា​រិ​ន ហៅ យាង សុ​ជា​មេត្តា ទាំង​ពីរ​លើក ។ យ៉ាងណា​ក្តី ជនជាប់ចោទ​ទាំង​២​នាក់​នៅ​តែ​បដិសេធ​រាល់​ការ​ចោទប្រកាន់​នោះ ដោយ​អះអាង​ថា រដ្ឋាភិបាល​បាន​បិទ​វិទ្យុ​អាស៊ី​សេរី មុន​ពេល​ពួក​គេ​ត្រូវ​ចាប់ខ្លួន​ម្ល៉េះ​។

សូម​រំលឹក​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់​ឃុំខ្លួន​លោក អ៊ួ​ន ឈិ​ន និង​លោក យៀង សុធា​រិ​ន ហៅ យាង សុ​ជា​មេត្តា កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៧ រួម​ទាំង​រឹបអូស​យក​សម្ភារៈ​មួយ​ចំនួន ដោយ​ចោទប្រកាន់​ថា បង្កើត​ស្ទូឌីយូ​ថត​ចម្រៀង​គ្មាន​ការ អនុញ្ញាត ។

ក្រោយ​បើក​ការ​សាកសួរ​ពី​សំណាក់​ស្ថាប័ន​​អយ្យការ ពួក​គេ​ទាំង​២​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​ប្រគល់ ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ » តាម មាត្រា ៤៤៥ នៃ ក្រម ព្រហ្ម ទណ្ឌ ។

ក្រោយ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រមាណ​ជាង​៩​ខែ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​វិញ នា​ចុងខែ​សីហា ឆ្នាំ​២០១៨ ។ ក្រៅពី​សំណុំរឿង​ជាប់ចោទ​ផ្ដល់​ព័ត៌មាន​បរទេស លោក អ៊ួ​ន ឈិ​ន និង​លោក យាង សុ​ជា​មេត្តា នៅ​ជាប់ចោទ​រឿង​ក្ដី​ព្រហ្មទណ្ឌ​មួយទៀត គឺ​សំណុំរឿង​ផលិត​វី​ដេ​អូរ​អាសអាភាស ។

ដែល​រឿង​ក្ដី​នេះ ត្រូវ​លើកយក​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩​នេះ តែ​រឿង​ក្ដី​នោះ​អង្គ​សវនាការ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​អសាធារណៈ ពោល​គឺ​មិន​អនុញ្ញាតិ​សាធារណជន ឬ​អ្នក​សារព័ត៌មាន​ចូល​ស្តាប់​នៅ​ពេល​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​នោះ​ទេ ។ ដែល​សំណុំរឿង​ក្តី​ទាំង​២ នេះ រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ជោគវាសនា​ពួក​គេ​នៅ​ថ្ងៃ​ទី​៣០ ចុង ខែសីហា ខាង​មុខ​នេះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ