ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​​ប្រធានាធិបតី​​ជាប់ឆ្នោត​​កូតឌីវ័រ​ដណ្តើម​យក​បាន​​រដ្ឋ​ធានី និង​ដាក់​ឱសានវាទ

15 ឆ្នាំ មុន

កង​កម្លាំង​​របស់ប្រធានាធិបតី​​ជាប់ឆ្នោត​​កូត​ឌីវ័រ លោកអាឡាស សាន​អ៊ូអាតារ៉ា វាយ​ដណ្តើម​​​ត្រួតត្រា​​រដ្ឋធានី​​រដ្ឋបាលរបស់​​ប្រទេស​គឺ​ទីក្រុងយ៉ា​មូស៊ូក្រូ កាលពីថ្ងៃទី​​​៣០ មីនា រួច​រំកិល ​ទៅជិត​​ទីក្រុង​​អាប៊ីដហ្សាន់​ជាទីក្រុង​​សេដ្ឋកិច្ច​ និង​ក្រុង​កំពង់ផែសាន់​​ប៉េដ្រូ​ ក្នុង​​ក្របខណ្ឌ​​នៃ​ការ​​វាយ​​រុញច្រាន​ គួរ​ឱ្យភ្ញាក់​ផ្អើល​សំដៅ​​កំចាត់​ប្រធា​នា​ធិបតី​​ចប់អាណត្តិ​លោកឡូរ៉ង់ ហ្សេបាបូ ចេញ​ពី​​អំណាច ។​ ប្រមុខ​​រដ្ឋាភិបាល​​បង្កើត​​​ឡើងដោយ​លោក​អ៊ូ​អាតារ៉ា លោកហ្គីយ៉ូម​​សូរ៉ូ ​ថ្លែង​ថា ​លោកហ្សេ​បា​បូ ​នៅសល់ ពេលតែ​ប៉ុន្មាន​​ម៉ោង​​ទៀតប៉ុណ្ណោះ ដើម្បី​​ដក​ខ្លួន​ថយ​ដោយ​សន្តិវិធី បន្ទាប់​ពី​បរាជ័យ​​នៃការ​​​​ចរចា ដែលធ្វើ​ចាប់​​តាំង​ពី​ច្រើន​​ខែមក​ហើយ ក្រោយ​ការបោះ​​ឆ្នោត​ប្រធានាធិបតី​​កាល​ពីថ្ងៃទី​​២៨ វិច្ឆិកា ​កន្លង​មក​នេះ ។​

លោកសូរ៉ូ ថ្លែង​តាម​វិទ្យុ​បារាំង RFI ថា «ពុំ​​មាន​ពេល​ម៉ោង​សម្រាប់​ធ្វើការ​ចរចា​ ឬ​ឱ្យមាន​បទ​ឈប់បាញ់​​គ្នា​មួយឡើយ ។ លោកហ្សេ​បាបូ នៅ​មាន​ពេល​​ប៉ុន្មាន​​ម៉ោង​ទៀតប៉ុណ្ណោះ ដើម្បី​​ចាក​ចេញ​ពី​អំណាច​​ដោយសន្តិវិធី ។​ ​នៅក្រុង​​ញូវយ៉ក​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប បានអនុម័ត​​ជា​ឯកច្ឆ័ន្ទ​​ កាលពី​ថ្ងៃទី​​​៣០ មីនា ​លើ​ដំណោះស្រាយ​​មួយរៀប​រៀង​ដោយ​​ប្រទេស​បារាំង ដែល​​ដាក់​ទណ្ឌ​កម្ម​​​ថ្មីៗទៀត ប្រឆាំង​លោក​ហ្សេបាបូ និង​អ្នក​នៅ​ជុំវិញ​​លោក​។​

យោង​តាម​​ប្រជាជន និង​ប្រភពយោធា​នៅ​ក្រុង​​យ៉ាមូស៊ូក្រូ​ថា ពួក​អ្នកគាំទ្រ​​លោក​អ៊ូអាតារ៉ា ​ដណ្តើម​កាន់​កាប់​រដ្ឋ​ធានី​នា​ពេល​រសៀល ។ ​ព័ត៌​មាន​​នេះ​ត្រូវ​បាន​អះអាង​​ដោយប្រជាជន និង​ប្រភព​​យោធា​ដទៃៗទៀត ។ ពួក​អ្នក​​គាំទ្រ​​លោក​អ៊ូអាតារ៉ា មួយក្រុម​ទៀត​វាយ​ដណ្តើម​បាន​ទីក្រុង ស៊ូ​ប្រេ ជា​មូលដ្ឋាន​ចុងក្រោយ​​ធំមួយនៅ​តាម​ផ្លូវ​ទៅកាន់ទីក្រុង​​កំពង់ផែ​សាន់​​ប៉េដ្រូ ៕