ខេត្តកណ្តាល ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ មេកន្ទុយលេខវៀតណាមដុះស្លែប្រចាំក្រុងតាខ្មៅ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «បើកកន្លែងលេងល្បែងស៊ីសង» ដែលប្រព្រឹត្តនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ តាមមាត្រា០៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។
ជនជាប់ចោទឈ្មោះ សៀន សុវណ្ណ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកត់ឆ្នោត មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
គួរបញ្ជាក់ថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានចុះបង្ក្រាបទីតាំងកត់ឆ្នោតខុសច្បាប់ដុះស្លែមួយកន្លែង បានដកហូតវត្ថុតាងដូចជា Samsung GALAXY Tab ពណ៌ទឹកមាសលាយខ្មៅ មួយគ្រឿង, ទូរស័ព្ទម៉ាក Samsung GALAXY MEGA ពណ៌ខ្មៅ មួយគ្រឿង, ទូរស័ព្ទម៉ាក iPhone 6 ពណ៌ទឹកមាស មួយគ្រឿង, ម៉ាស៊ីនគិតលេខមួយគ្រឿង, ក្រដាសកត់ឆ្នោតរួចចំនួន២សន្លឹក (ឆ្នោតវៀតណាម១សន្លឹក, ឆ្នោតខ្មែរ១សន្លឹក), ដែកកិបចំនួន៣, កន្ត្រៃចំនួន២, បិចហាយឡាយមួយដើម, ទឹកលុបមួយដើម, បិចចំនួន២ដើម, ផ្លាកសញ្ញាលទ្ធផលឆ្នោតមហាលាភ៣ផ្ទាំង, លទ្ធផលឆ្នោតខ្មែរ(ក្រុមហ៊ុនឌ្រីមវីន)ចំនួន៩៨សន្លឹក, ក្រដាសផ្ដានចំនួន២សន្លឹកតូចនិងក្រដាសកត់ឆ្នោតចំនួន២ដុំធំ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ