តាមការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានសុខភាពជាតិ(National Institutes of Health)នៅសហរដ្ឋអាមេរិកបានអះអាងថាការនិយាយទូរស័ព្ទយូរធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល។
បណ្តាអ្នកស្រាវជ្រាវបាននិយាយថា ការនិយាយទូរស័ព្ទយូរដល់ទៅ៥០នាទីធ្វើឲ្យខួរក្បាលត្រូវការប្រើប្រាស់ជាតិស្ករក្នុងកម្រិតមួយយ៉ាងខ្ពស់។ ប្រការនេះវាប៉ះពាល់ដល់ការគិតរបស់ខួរក្បាល ការធ្វើសេចក្តីសម្រេចចិត្តក៏ដូចជាធ្វើឲ្យញាណទាំងឡាយចុះខ្សោយ ។ ការរកឃើញនេះត្រូវបានគេយកមកបោះពុម្ភផ្សាយនៅក្នុងព្រឹត្តិបត្តិThe Journal of the American Medical Associationដែលបាននិយាយថា សារសំខាន់គ្មានអ្នកណាដឹង។
បណ្តាអ្នកស្រាវជ្រាវដែលបានធ្វើពិសោធន៍ទៅលើមនុស្សតែ៤៧នាក់បានពិនិត្យជាចំបងទៅលើផលប៉ះពាល់ដោយម៉ាញេទិកដែលចេញមកពីអង់តែនទូរស័ព្ទ ។ បើទោះបីជាពួកគេបានពិនិត្យឃើញថាសកម្មភាពខួរក្បាលបានថយចុះអំឡុងការនិយាយទូរស័ព្ទក៏ដោយ តែក្រុមអ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចទាញបាននូវការសន្និដ្ឋានណាមួយពីផលប៉ះពាល់ចំពោះសុខភាពទេ។ តាមការពិនិត្យដោយការស្គែនគេរកឃើញថា កម្រិតជាតិស្ករ(គ្លុយកូស)បានកើតឡើង៧%នៅចំកន្លែងដែលខួរក្បាលដាក់ជិតអង់តែនទូរស័ព្ទ ។
ផ្ទុយពីនេះក្រុមអ្នកជំនាញរបស់អង់គ្លេសបាននិយាយថា ពុំមានការនិយាយពីផលប៉ះពាល់ដល់សុខភាពឡើយ។ ការអះអាងមួយចំនួនថាការប្រើទូរស័ព្ទនាំឲ្យកើតជំងឺមហារីក ប៉ុន្តែតាមការសិក្សាដ៏ធំមួយទៅលើអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន៤២ម៉ឺននាក់នៅប្រទេសដាណឺម៉ាកពុំបានបង្ហាញពីការជាប់ពាក់ព័ន្ធគ្នារវាងការប្រើប្រាស់ទូរស័ព្ទនិងជំងឺមហារីកនោះទេ ៕
ចែករំលែកព័តមាននេះ