ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់បានស្លាប់នៅនឹងកន្លែងទាំងសភាពរាងកាយសពបាក់ឆ្អឹងខ្ទេច ដែលការស្លាប់របស់ជនរងគ្រោះនេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីបាក់រលំរបងថ្មហើយសង្កត់កប់លើជនរងគ្រោះស្លាប់តែម្តង។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៩នេះ នៅចំណុចរោងចក្រផលិតឥដ្ឋមួយកន្លែង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានអោយដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើឈ្មោះ ឆៃ គ័រឈីង ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិចិន មុខរបរមេការនៅការដ្ឋានផលិតឥដ្ឋ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពដដែលបានបន្តទៀតថា មុនកើតហេតុ បុរសរងគ្រោះបានដើរទៅកន្លែងកើតហេតុដើម្បីពិនិត្យមើលរបងថ្មដែលមានសភាពប្រេះបែក លុះពេលជនរងគ្រោះទាញទូរស័ព្ទចេញមកថត ស្រាប់តែសំណង់របងថ្មដែលមានកម្ពស់ប្រហែល១០ម៉ែត្រ និងបណ្តោយប្រវែងជា៣០ម៉ែត្រ បានបាក់រលំសង្កត់មកលើជនរងគ្រោះកប់បាត់ទាំងកំរោលតែម្តង ។ ភ្លាមៗនោះ ត្រូវបានគេកាយដើម្បីជួយសង្គ្រោះជនរងគ្រោះដែរ តែដោយសារនៅកន្លែងកើតហេតុមានស្ថានភាពធ្ងន់ធរពេក មិនអាចជួយសង្គ្រោះបានឡើយ ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមកម្មករបាននាំគ្នាកាយយកសពជនរងគ្រោះចេញ ទាំងសភាពរាងកាយសពជនរងគ្រោះមើលទៅបាក់ឆ្អឹងខ្ទេចអស់ទៅហើយ ។
តាមការសន្និដ្ឋានបានឱ្យដឹងថា របងថ្មដែលបាក់រលំនោះគឺជារបងថ្មដែលហ៊ុមព័ទ្ធទីតាំងរោងចក្រផលិតឥដ្ឋខាងលើនោះ ហើយចំនុចដែលបាក់នោះ គឺដីខាងលើរបងមានកំពស់ខ្ពស់រាងជ្រេលមកលើរបង ស្របពេលមួយរយៈនេះមានភ្លៀងធ្លាក់ជោកជាំធ្វើឱ្យទឹកបានហូពីលើបុកមករបងថ្មរោងចក្រផលិតឥដ្ឋនោះ ទើបបណ្តាលអោយរលំបាក់បែបនេះ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យចំការចេកខេត្តព្រះសីហនុ ដើម្បីរង់ចាំគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
គិតមកត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៩ សីហា សមត្ថកិច្ចក្រុងព្រះសីហនុបានឲ្យដឹងថា មានពលរដ្ឋ២នាក់ប្តីប្រពន្ធទៀតបានស្លាប់ដោយសាររលំបាក់របងសង្កត់លើនៅសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកទី៩ ខែសីហា ឆ្នាំ២០១៩ នេះដែរ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨ សីហា ឆ្នាំ២០១៩។
ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ គឺកម្មករសំណង់ ក្នុងនោះបុរសជាប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ។
ហេតុការណ៍នៃជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហុន គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩ សីហា ២០១៩នេះ មានមនុស្ស៣នាក់ហើយបានស្លាប់ ក្រោយមានគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះមានជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធជាកម្មករសំណង់ និងជនរងគ្រោះម្នាក់ទៀតជាមេការជនជាតិចិន ដែលជនរងគ្រោះទាំង៣នាក់បានស្លាប់ដោយការរលំរបងសង្កត់លើដូចគ្នានៅឃុំបិតត្រាំង ស្រុកព្រៃនប់។
អាជ្ញាធរខេត្តព្រះសីហនុក៍បានចេញការអំពាវនាវអោយគ្រប់ការដ្ឋានសំណង់ផ្សេងៗបង្កើនការប្រុងប្រយត្ន័ ពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងដែលប្រឈមខ្លាំង ស្របពេលដែលវិធានការសង្គ្រោះនានាកំពុងធ្វើឡើងយ៉ាងសកម្ម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ