ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បំរាម​គោ​ចរ​ក្នុង​រដ្ឋ​ធានីបួ​គី​ណា​ ហ្វា​សូ

15 ឆ្នាំ មុន

បំរាម​គោ​ចរ​ត្រូវ​បាន​ដាក់​កាល​ពី​យប់​ថ្ងៃ​ទី​២២ មក​២៣ មីនា នៅ​ទី​ក្រុង​អៅហ្គា​ឌូហ្គូ រដ្ឋ​ធានី​បួ​គី​ណា​ហ្វា​សូ​ ដែល​នៅ​ទី​នោះ​​ប្រភព​យោធា​មួយ​លើក​ឡើង​ពី​ចលនា​តវ៉ា​មួយ​ផ្ទុះ​ចេញ​ពី​ពួក​ទាហាន​មួយ​ក្រុម​ ។
មាន​ការ​បាញ់​ត​គ្នា​រយៈ​ពេល​ជាង​៣​ម៉ោង​ រវាង​កង​យោធា​២​ក្រុម​ មួយ​ក្រុម​ស្ថិត​ក្នុង​ទី​ក្រុង​អៅ​ហ្គា​ឌូ​ហ្គូ និង​មួយ​ក្រុម​ទៀត​​នៅ​ជាយ​ក្រុង​
នេះ​។ ស្ថានី​យចាក់​​ប្រេង​ទាំង​ឡាយ​មាន​ការ​ចូល​ប្លន់​ ហើយ​វិថី​នានា​ហាក់​ដូច​ជា​ស្ងាត់​ជ្រងំ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ មីនា ។ រាល់​អគារ​រដ្ឋ​បាល​នៅ​តែ​បិទ​ទ្វារ​ក៏ដូច​ហាង​ទាំង​ឡាយ​នៃ​ទី​ផ្សារ​សំខាន់​របស់​រដ្ឋ​ធានី​។
រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​បួ​គី​ណា​ហ្វា​សូ លោក​ YERO BOLY ដែល​ពុំ​បាន​លាត​ត្រដាង​ពី​ប្រភព​នៃ​ការ​បាញ់​ប្រហារ​ទាំង​នោះ​​បណ្តាល​ឱ្យ​មនុស្ស​១២​នាក់​ត្រូវ​របួស​បាន​ធ្វើ​ការ​អំពាវ​នាវ​មួយ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​។ លោក BOLY ពោល​ថា រដ្ឋា​ភិ​បាល​អះ​អាង​ថា រាល់​បញ្ហា​នឹង​លើក​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​ផ្សេងៗ​ដើម្បី​ធ្វើ​ឱ្យ​សភាព​ការណ៍​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​។
យោង​តាម​ប្រភព​មួយ​របស់​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​ថា ​កាំ​ភ្លើង​ត្រូវ​បាញ់​ចេញ​ដោយ​ពួក​ទាហាន​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​កាត់​ទោស​ដាក់គុក​​​ទាហាន​៥​នាក់​ដែល​ជាប់​ចោទ​ថា វាយ​ធ្វើ​បាប​ជន​សីុ​វិល​ម្នាក់​។
ជា​ប្រទេស​មួយ​មាន​ប្រជា​ជន​១៥​លាន​នាក់​ស្ថិត​​នៅ​អាហ្វ្រិក​ខាង​លិច​បួ​គី​ណា​ហ្វា​សូ​តែង​ចៀស​ផុត​ពី​អស្ថេរ​ភាព​តំបន់​ ទោះ​បី​ជា​អាជ្ញា​ធរ​បាន​បិទ​សាកល​វិទ្យា​ល័យ​ទាំង​ឡាយ​នា​ខែ​នេះ​ បន្ទាប់​ពី​បាតុ​កម្ម​ហិង្សា​​របស់​ពួក​និស្សិត​ក៏​ដោយ​។ ជា​ប្រទេស​ផលិត​កប្បាស​យ៉ាង​ធំ​មួយ បួ​គី​ណា​ហ្វា​សូ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជួប​ប្រទះ​នឹង​ការ​ឡើង​ថ្លៃ​ខ្ពស់​នៃ​វត្ថុ​ធាតុ​ដើម​ទាំង​ឡាយ ៕