ខេត្តកំពង់ចាម ៖ លោក នួន សាមិន អតីតស្នងការនគរបាលខេត្តកំពង់ចាម និងជាជំនួយការសម្តេចវិបុលសេនាភក្តីសាយ ឈុំ បានកំពុងតែសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ដោយដាច់សសៃ ឈាមក្នុងខួរក្បាល ហើយត្រូវបានក្រុមគ្រូពេទ្យតាមដានសភាពជំងឺដោយកចិត្តទុក្ខដាក់ ហើយមន្ត្រីនគរបាលក្រោមឪវាទក៏បានបួងសួងសុំឲ្យម្ចាស់ទឹកម្ចាស់ដីប្រោសរូបលោកឲ្យឆាប់ជាផងដែរ ។
ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ក្នុងគ្រាដែលរូបលោកនៅជាអធិការនគរបាលស្រុកមេមត់ លោកនួន សាមិន ជាស្នងការនគរបាលខេត្ត ហើយក៏បានធ្លាប់បង្រៀន និងផ្តល់ចំណេះដឹងបទពិសោធន៍មួយចំនួនឲ្យមានសមត្ថភាពគ្រប់គ្រប់អង្គភាពរបស់ខ្លួន និងបានធ្វើឲ្យមន្ត្រីក្រោមឪវាទនាំគ្នាគោរពវិន័យ ហើយប្រឹងប្រែងពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានធ្វើយ៉ាងណាឲ្យបានល្អ ។
ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តបន្តថា ដោយទទួលបាននូវដំណឹងថា អតីតស្នងការនគរបាលខេត្តកំពង់ចាមមានជំងឺ និងត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរកាល់ម៉ែត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ សីហានេះ រូបលោក និងសហការីបានចុះទៅសួរសុខទុក្ខដល់បន្ទប់បង្គ្រោះបន្ទាន់នោះតែម្តង ។ ជាមួយនោះដោយបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយសនិ្តបណ្ឌិតអគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជានិងថវិកាមួយផ្នែករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សរុបចំនួន៥លានរៀល ជូនដល់ក្រុមគ្រួសារលោក នួន សាមិន ដើម្បីជួយសម្រួលដល់ការលំបាកក្នុងការព្យាបាលបានមួយកំរិតផងដែរ ។ ហើយបានពាំនាំយកប្រសាសន៍ផ្តាំផ្ញើរបស់អគ្គស្នងការនគរបាលជាតិ និងការសួរសុខទុក្ខនឹករំលឹករបស់មន្ត្រីក្រោមឪវាទទាំងអស់ ហើយក៏សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក មេត្តាជួយប្រោសព្រុំដល់ឯកឧត្តមនួន សាមិន សូមឲ្យមានសុខភាពល្អប្រសើរឡើងវិញផងដែរ ។
ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តបញ្ជាក់ថា តាមគ្រួសារអ្នករងគ្រោះបានលើកហេតុផលថា គ្រូពេទ្យមិនអនុញ្ញាតឲ្យយកអ្នកជំងឺចេញទៅណានោះទេ ដោយក្រុមគ្រូពេទ្យកំពុងតាមដានដោយប្រើពេល១សប្តាហ៍ ហើយកំពុងតែបញ្ចូលខ្យល់អុកស៊ីសែន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ