រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ខណ្ឌមានជ័យ សហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌ និងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានប្រតិបត្តិការចាប់ប្រមូលក្រុមអ្នកប្រើប្រាស់ និងចែកចាយថ្នាំញៀនបានចំនួន៤នាក់ (ស្រី១) កាលពីព្រឹកថ្ងៃទី២៤ មីនា ២០១១ ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧៦កញ្ចប់ ។
ជនទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ ១-ឈ្មោះចាន់ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះអូន ឈាន ភេទប្រុស អាយុ១៥ឆ្នាំ ៣-ឈ្មោះចាន់ ថារូ ភេទប្រុស អាយុ២៥ឆ្នាំ ៤-ឈ្មោះអ៊ុច សាន ភេទស្រី អាយុ១៧ឆ្នាំ ។ ជនទាំង៤នាក់នេះគ្មានទីលំនៅច្បាស់លាស់ឡើយ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានឱ្យដឹងថា ដំបូងឡើយនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មីនា នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានល្បាតការពារភូមិសាស្ត្រក្នុងមូលដ្ឋានក៏ប្រទះ និងឃាត់ខ្លួនឈ្មោះចាន់ វាសនា ដែលទើបតែចេញមកពីទិញថ្នាំញៀនដើម្បីប្រើប្រាស់ ។
ឆ្លងតាមរយៈការឃាត់ខ្លួនឈ្មោះចាន់ វាសនា សមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនបានមនុស្ស៣នាក់ ផ្សេងទៀត ដូចមានឈ្មោះខាងលើ នៅចំណុចភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ដោយដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក៧៦កញ្ចប់ ៕
ចែករំលែកព័តមាននេះ