ក្រុងហុងកុង ៖ ប៉ូលិសចិនជាច្រើនពាន់នាក់ បានចូលរួមក្នុងសមយុទ្ធប្រឆាំងកុប្បកម្មនៅជាប់មាត់ទ្វារក្រុងហុងកុង ដែលនោះជាប្រតិបត្តិការមួយ ចាត់ទុកដូចជាការព្រមានថ្មីរបស់ក្រុងប៉េកាំង ចំពោះពួកបាតុករស្និទ្ធលទ្ធិប្រជាធិបតេយ្យដែលផ្គើនចិន ចាប់តាំងពី២ខែមកហើយក្នុងដែនដីអតីតអាណានិគមអង់គ្លេសនោះ។
សមយុទ្ធនេះដែលប្រព្រឹត្តទៅនាថ្ងៃទី៦សីហានៅទីក្រុងSHENZHEN ជាទីក្រុងចិនដីគោកនៅជាប់ព្រំដែនជាមួយហុងកុង នាថ្ងៃទី៧សីហា តាមបណ្ដាញសង្គម ត្រូវបានគេធ្វើអត្ថាធិប្បាយថាជាព្រឹត្តិការណ៍ដែលបង្ហាញពីការធ្វើត្រាប់នៃការបង្ហាញកម្លាំង ចំពោះពួកបាតុករហុងកុង។
ក្នុងវីដេអូបង្ហាញរូបភាពប៉ូលិសចិនពាក់មួកកាស់ប៉ះទង្គិចជាមួយពួកអ្នកធ្វើត្រាប់ជាពួកបាតុករដែលពាក់មួកកាស់សម្រាប់ចូលការដ្ឋាននិងមានម៉ាស់សម្រាប់សម្រួលការដកដង្ហើម មានលំនាំដូចពួកអ្នកតវ៉ាហុងកុង។ ខណៈពួកបាតុករវាយទប់ទល់កងកម្លាំងប៉ូលិសជាមួយការប្រើដំបងវែង កងកម្លាំងប៉ូលិសបានរុញច្រានដោយប្រើខែលនិងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
ក្នុងសេចក្ដីប្រកាសមួយផ្សាយតាមបណ្ដាញសង្គម ប៉ូលិសក្រុងSHENZHENនិយាយថា កងកម្លាំងប៉ូលិសទាំងអស់នៃទីក្រុងនោះ ស្ថិតក្នុងការត្រៀមខ្លួនជានិច្ច។ សេចក្ដីប្រកាសបន្តថាប៉ូលិសចំនួន១២.០០០នាក់បានចូលរួមក្នុងសមយុទ្ធនេះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ