ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតនិស្សិតកសិកម្មម្នាក់​ចែករំលែកបទ​ពិសោធន៍ការ​ចិញ្ចឹមសត្វចង្រិត

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ទូច ភក្ត្រា អាយុ​៣១​ឆ្នាំ ជា​អតីត​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ​បច្ចុប្បន្ន​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​មួយ នៅ​ភូមិ​សំរោង…

ខេត្តព្រៃវែង ៖ លោក ទូច ភក្ត្រា អាយុ​៣១​ឆ្នាំ ជា​អតីត​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ​បច្ចុប្បន្ន​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​មួយ នៅ​ភូមិ​សំរោង ឃុំ​ល្វា ស្រុក​ព្រះ ស្តេច បាន​​ប្រាប់​កោះសន្តិភាព​ថា មុខរបរ​ចិញ្ចឹម​ចង្រិត​របស់​លោកកំពុង​កាក់កប​ខ្លាំង ហើយ​លោក​ចង់ឱ្យ​ប្រជា​កសិករ​ដទៃ​ទៀត ងាក​មក​ចាប់​យកមុខ​របរ​នេះ ​ដូច​រូប​លោក​ដែរ​ ។

លោក ទូច ភក្ត្រា បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​របស់​លោក​​មាន​អាង​ចិញ្ចឹម​ចង្រិត​ចំនួន​១៨​អាង ដែល​ផ្តល់​ប្រាក់​ចំណូល​បាន​ប្រមាណ​ជា​២៥០០​ដុល្លារ បើ​ទូទាត់​កាត់​ប្រាក់​ចំណាយ​លើ​ចំណី​ចង្រិត​រួច ឃើញ​ថា ​លោក​អាច​ចំណេញ​បាន​ជាង​១​ពាន់​ដុល្លារ​ដែរ នៅ​ក្នុង​រយៈពេល​តែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការងារ​ចិញ្ចឹម​ចង្រិត​នេះ ​។ អតីត​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម​រូប​នេះ​បញ្ជាក់​ទៀតថា ដំបូង​ឡើយ​លោក​បាន​សាកល្បង​ចិញ្ចឹមសត្វ​ច​ង្រឹ​ត​នេះ តា​យម​រយៈ​មើល​តាម​វី​ដេ​អូ​ក្នុង Youtube និង Facebook ។

ដោយ​ពី​ដំបូង​លោក​ចិញ្ចឹម​សាកល្បង​តែ​អាង​តូច​ៗ​ចំនួន​២​ប៉ុណ្ណោះ ហើយ​ការ​ចិញ្ចឹម​នេះ គឺ​ក្នុង​បំណង​សម្រាប់​តែ​ចែក​គ្នា​ហូប​ប៉ុណ្ណោះ មិន​គិត​ចិញ្ចឹម​លក់ដូរ​នោះ​ទេ ប៉ុន្តែ​១​ខែ​ក្រោយមក ការ​ចិញ្ចឹម​ចង្រិត​របស់​លោក​ទទួល​បាន​ផល​ល្អ ហើយដោយ​មានការ​លើកទឹកចិត្ត​ពី​បងប្អូន​មិត្ត​ភ័ក្ត្រ និង​ក្រុម​គ្រួសារ គួប​ផ្សំ​នឹង​ចំណេះដឹង​ខាង​ផ្នែក​កសិកម្ម​ផង​នោះ លោក​ក៏​សម្រេចចិត្ត​ពង្រីក​ការ​ចិញ្ចឹម​ច​ង្រឹ​ត​នេះ ឈាន​ទៅ​ដល់​ការ​ធ្វើ​ជា​កសិដ្ឋាន​ចិញ្ចឹម​ច​ង្រឹ​ត​ទ្រង់ទ្រាយ​មធ្យម សម្រាប់​លក់​ទៅ​លើ​ទីផ្សារ​តែ​ម្តង ដោយ​ចាប់ផ្តើម​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​នេះ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ លើ​ការ​សាងសង់​អាង​និងឧបករណ៍ចិញ្ចឹម​ចង្រិត ​។

ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ចិញ្ចឹម​ចង្រិត​វិញ អតីត​និស្សិត​ផ្នែក​កសិកម្ម​រូប​នេះ​​ថា ចំណី​ដែល​ត្រូវ​ដាក់​អោយ​កូន​ចង្រិត​ស៊ី​ថ្ងៃ​ដំបូង គឺ​កន្ទក់​ខ្មុក​លាយ​ជាមួយ​ និង​ចំណី​កូន​មាន់ ។ លុះ​កូន​ចង្រិត​អាយុ​បាន​មួយ​អាទិត្យ ទើប​យើង​ដាក់​ស្លឹកឈើ​រុក្ខជាតិ​មួយ​ចំនួន​ឲ្យ​វា​ស៊ី​ដូច​ជា ស្លឹកចេក ស្លឹក​ឆៃ​យ៉ា និង​ដើម​ស្មៅ​យក្ស​ជាដើម​។ ​ដល់​
ច​ង្រឹ​ត​មាន​អាយុ​បាន​២៣​ទៅ​២៥​ថ្ងៃ ទើប​យើង​ចាប់ដក ឈប់​ដាក់​ចំណី​​កូន​មាន់​ទៀត​ហើយ ដាក់​តែ​កន្ទក់​និង​ស្លឹករ​ក្ខ​ជាតិ​តែ​ប៉ុណ្ណោះ ធ្វើ​បែប​នេះ​រហូត​ដល់​៤៥​ថ្ងៃ​ទៅ​៥០​ថ្ងៃ ទើប​ច​ង្រឹ​ត​អាច​ចាប់​លក់​បាន​។

ចំពោះ​ការ​មើលថែរ គឺ​វា​មិន​លំបាក​ណាស់ណា​ទេ តែ​យើង​ចាំបាច់​ត្រូវ​ទៅ​មើល ដាក់​ទឹក​ដាក់​ចំណី​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​ចាប់​លក់​។ ហើយ​ការ​ចំណាយ​គឺ​អស់​តែ​លើក​ដំបូង​ទេ ដូច​ជា​ឩ​បក​រណ៍ និង​ពូជ​ច​ង្រឹ​ត ប៉ុន្តែ​យើង​ក៏​អាច​បាន​ពូជ​ច​ង្រឹ​ត ពី​ចង្រិត​ដែល​យើង​កំពុង​ចិញ្ចឹម​ផង​ដែរ ព្រោះ​ក្នុង​កំឡុង​ពេល​៤៥​ថ្ងៃ ច​ង្រឹ​តវា​ពង​ពី​២​ទៅ​៣​ដង ដូច្នេះ​យើង​អាច​រក្សារ​ទុក​កូន​និង​ពង​ធ្វើ​ពូជ​បន្ត​ទៀត​បាន​។

ការ​ចិញ្ចឹម​ច​ង្រឹ​ត​នេះ គឺ​ត្រូវ​ចំណាយ​ប្រាក់​លើ​ចំណី​ចង្រិត​ចន្លោះ​ពី​៧០​ទៅ​៨០​ដុល្លារ ក្នុង​ចង្រិត​មួយ​អាង ដោយ​ចាប់​រាប់​ពី​ថ្ងៃ​ដាក់​កូន​ចង្រិត​ដំបូង រហូត​ដល់​ថ្ងៃ​ប្រមូល​ផល ហើយ​ចំពោះ​ការ​លក់​វិញ គេ​អាច​លក់​បាន​ពី​១៣០​ទៅ​១៥០​ដុល្លា​ក្នុង​មួយ​អាង ហើយ​ក្នុង​មួយ​អាង​បាន​ច​ង្រឹ​ត​ពី​៤០​ទៅ​៥០​គីឡូក្រាម ដោយ​ក្នុង​១​គីឡូក្រាម​លក់​បាន​តម្លៃ​ពី​២ ​ទៅ​៣​ដុល្លា តែ​ពេល​ខ្លះ​អាច​លក់​បាន​រហូត​ដល់​៤​​ដុល្លារក៏​មាន វា​អាស្រ័យ​លើ​តំលៃ​ហាងឆេង​ទីផ្សារ​ផង​ដែរ​ ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ