សហគ្រិនដែលទើបតែចាប់ផ្តើមអាជីវកម្មមិនយូរប៉ុន្មាន តែងតែជួបនឹងការលំបាកក្នុងការដឹងឱ្យបានច្បាស់ថា អាជីវកម្មរបស់ពួកគេពិតជាកំពុងស្ថិតក្នុងស្ថានការល្អ និងរឹងមាំគ្រប់គ្រាន់ ឬនៅ? តើវាជាពេលដែលសហគ្រិនអាចចាប់ផ្តើមពង្រីកអាជីវកម្ម ឬវិនិយោគធនធានបន្ថែម ឬទេ? ឬមួយវាជាពេលដែលសហគ្រិនគួរតែធ្វើការកែសម្រួលផែនការអាជីវកម្មឡើងវិញ?
តើសហគ្រិនត្រូវមើលលើកត្តាអ្វីខ្លះ ដើម្បីដឹងថា អាជីវកម្មរបស់ពួកគេរឹងមាំ ឬទន់ខ្សោយ?
១-ប្រាក់ចំណេញ ៖ កត្តាដំបូងដែលសហគ្រិនគួរត្រួតពិនិត្យមើល គឺប្រាក់ចំណូល ។ តើប្រាក់ចំណូលរបស់អាជីវកម្មកំពុងតែកើនឡើង ធ្លាក់ចុះ ឬនៅថេរ? ប្រសិនបើប្រាក់ចំណូលមានការធ្លាក់ចុះ ឬនៅថេរនោះមានន័យថា ផែនការអាជីវកម្មរបស់អ្នកប្រហែលជាមានបញ្ហាហើយ ដូច្នេះ អ្នកត្រូវតែកែសម្រួលភ្លាម ។
២-វប្បធម៌ការងារ៖
តើក្រុមការងារក្នុងអាជីវកម្មរឹងមាំ ឬទេ? តើអាជីវកម្មទទួលបានអត្ថប្រយោជន៍ច្រើនពីចំណេះដឹង សមត្ថ ភាព និងជំនាញរបស់ក្រុមការងារ ឬទេ? ប្រសិនបើចម្លើយគឺទេនោះ អ្នកត្រូវតែត្រួតពិនិត្យមើលបុគ្គលិកសាជាថ្មី និងព្យាយាមបង្កើតក្រុម ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អាជីវកម្ម ។ លើសពីនេះទៅទៀត អ្នកគួរតែផ្តល់ការហ្វឹកហាត់ដល់បុគ្គលិក ឬផ្តល់ជាការលើកទឹកចិត្តដើម្បីធ្វើជាការជំរុញដល់បុគ្គលិកផងដែរ ។
៣-ភាពច្បាស់លាស់៖
តើសហគ្រិន និងក្រុមការងារដឹង និងយល់ច្បាស់ពីទស្សនៈវិស័យ ដែលអ្នកមានសម្រាប់អាជីវកម្មឬទេ? តើពួកគេដឹងពីផែនការរយៈពេលខ្លី និងវែងដែលអ្នកមានសម្រាប់អាជីវកម្មអ្នកទេ? ភាពច្បាស់លាស់ក្នុងផ្នែកនេះជួយផ្តល់ជាទិសដៅ និងស្តង់ដារមួយដែលបុគ្គលិកអាចព្យាយាមរក្សានិងដើរទៅរកបាន។
៤- ធនធាន៖
តើអ្នកមានធនធានគ្រប់គ្រាន់សម្រាប់អាជីវកម្មរបស់អ្នកទេ ប្រសិនបើអាជីវកម្មជួបនឹងបញ្ហា ឬអ្នកធ្វើការសម្រេចចិត្តមិនល្អណាមួយ? ធនធានរបស់អ្នកគឺជាមូលដ្ឋានសំខាន់សម្រាប់ភាពរឹងមាំរបស់អាជីវកម្មដែលអ្នកត្រូវតែយកចិត្តទុកដាក់លើវា ។
៥-ការចៀសវាងហានិភ័យ៖
តើអ្នកមានផែនការគ្រោងទុកសម្រាប់ពេលដែលអាជីវកម្មជួបបញ្ហា ឬនៅ? តើអ្នកមានធ្លាប់គិតពីហានិ ភ័យផ្សេងៗដែលអាជីវកម្មរបស់អ្នកអាចជួបប្រទះនៅថ្ងៃអនាគតទេ? តើអ្នកមានរៀបចំយុទ្ធសាស្ត្រដើម្បីជៀសវាងហានិភ័យទាំងនោះទេ? ទាំងនេះ គឺជាសំណួរដែលអាចឲ្យអ្នកដឹងថាអាជីវកម្មរបស់អ្នកមានភាពរឹងមាំគ្រប់គ្រាន់ ឬទេពេលដែលជួបនឹងបញ្ហានៅថ្ងៃអនាគត ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ