ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានដែក​បេ​ឡេ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដោយសារ​កម្រិត​ទឹក​លើ​ស្ពាន​បាន​ឡើង​៧​តឹក

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ពានដែក​ដ៏​សំខាន់​ឆ្លងកាត់​អូរ​ទេរ​ប្រវែង​៦០​ម៉ែត្រ​ត​ភ្ជាប់​រវាង​ឃុំ​មេ​ម៉​ង់ និង​ឃុំ​ចុស​ផ្លាស់ ស្រុក​កែវ​សីមា ដែល​ជា​ផ្លូវ​ច្រក​សេដ្ឋកិច្ច​តែ​មួយ​គត់ សម្រាប់​ប្រជាពលរដ្ឋ​ឆ្លង​ទៅ​ទីប្រជុំជន ខេត្តមណ្ឌលគិរី ត្រូវ​បាន​ទឹក​ជន់​លិច​អស់ រយៈពេល​ជា​ច្រើន​ម៉ោង​ក្រោយ​មាន​ភ្លៀង​មួយ​មេ​ធំ…

ខេត្តមណ្ឌលគិរី ៖ ស្ពានដែក​ដ៏​សំខាន់​ឆ្លងកាត់​អូរ​ទេរ​ប្រវែង​៦០​ម៉ែត្រ​ត​ភ្ជាប់​រវាង​ឃុំ​មេ​ម៉​ង់ និង​ឃុំ​ចុស​ផ្លាស់ ស្រុក​កែវ​សីមា ដែល​ជា​ផ្លូវ​ច្រក​សេដ្ឋកិច្ច​តែ​មួយ​គត់ សម្រាប់​ប្រជាពលរដ្ឋ​ឆ្លង​ទៅ​ទីប្រជុំជន ខេត្តមណ្ឌលគិរី ត្រូវ​បាន​ទឹក​ជន់​លិច​អស់ រយៈពេល​ជា​ច្រើន​ម៉ោង​ក្រោយ​មាន​ភ្លៀង​មួយ​មេ​ធំ តាំងពី​ល្ងាច​ថ្ងៃ​ទី​០៦ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ សីហា​នេះ ។

លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៣​និង​៣៥​នាទី​រសៀល កម្រិត​ទឹក​នៅ​ជន់​លិច​លើ​ស្ពាន​កម្ពស់​ជាង​កន្លះ​ម៉ែត្រ តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​តួ​ស្ពាន​នោះ​ទេ ។ លោក​ប្រធាន​មន្ទីរ​បន្ត​ថា ទឹកបាន​ជន់​លិច​ស្ពាន​តាំងពី​វេលា​អា​ធ្រា​ត្រ ថ្ងៃ​ទី​០៦ ឈាន​ចូល​ថ្ងៃ​ទី​០៧ ដោយ​ទឹកបាន​បន្ត​ជន់​ឡើង​លិច​ដល់​ផ្លូវលំ​ទីប្រជុំជន ឃុំ​មេ​ម៉​ង់ ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ដាំ​ដុះ​នៅ​ជិត​មាត់​អូរ​ទេរ ។

លោក យន់ សា​រ៉ោ​ម បញ្ជាក់​ថា ដោយ​ព្រួយបារម្ភ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន និង​ជៀសវាង​មាន​ដើមឈើ​ធំ​ៗ​ហូរ​តាម​ទឹក​ជន់​មក​ពី​តំបន់​ផ្នែក​ខាងលើ​ទៅ​បុក​តួ​ស្ពាន លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​កងកម្លាំង​វិស្វកម្ម​ដាក់​គ្រឿងចក្រ​ប្រចាំការ ដើម្បី​ការពារ​ឈើ​ទៅ​បុក​ស្ពាន ។

ព័ត៌មាន​ចុង​ក្រោយ​ដែល​កោះសន្តិភាព​បាន​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​០៧ ស្ពានដែក​បេ​ឡេ​ខាងលើ​ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដោយសារ​កម្រិត​ទឹក​នៅ​លើ​ស្ពាន​បាន​ឡើង​ដល់​កម្ពស់​៧​តឹក អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​ពេល​មាន​មនុស្ស​ឆ្លងកាត់​ព្រោះ​ទឹក​ហូរ​ខ្លាំង ។
សូម​បញ្ជាក់​ថា នៅ​ស្ទើរ​ពេញ​ផ្ទៃ​ខេត្តមណ្ឌលគិរី​មាន​ភ្លៀង​ធ្លាក់​គ្រប់​ភូមិ​ស្រុក ខណៈ​អាកាសធាតុ​នៅ​ក្រុង​សែន​មនោ​រម្យ​បាន​ធ្លាក់​ចុះ​ចន្លោះ​ពី​២០​អង្សា​សេ ទៅ​២៤​អង្សា​សេ​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ