ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះឈើចំនួន២ខ្នងដែលនៅជិតផ្សារស្រែអំបិល ត្រូវអគ្គិភ័យលេបត្របាក់កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ផ្ទះឈើកើតហេតុទាំង២ខ្នងខាងលើនេះគឺស្ថិតនៅចន្លោះកណ្តាលរវាងផ្ទះថ្មមួយខ្នង និងផ្ទះពេទ្យធ្មេញ ហើយគេមិនស្គាល់ឈ្មោះម្ចាស់ផ្ទះរងគ្រោះនោះទេ ។
ក្នុងហេតុការណ៍ខាងលើនេះដែរ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ ដើម្បីការពារកុំឱ្យភ្លើងឆេះរាលដាលដល់ផ្ទះដទៃទៀត។
តាមការស្រង់សម្តីពីសមត្ថកិច្ចស្រុកស្រែអំបិលបានឱ្យដឹងថា ក្នុងករណីខាងលើនេះ បណ្តាលឱ្យផ្ទះឈើចំនួន២ខ្នងបានរងការខូចខាត ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។ ចំពោះទំហំនៃការខូចខាតក៏មិនទាន់ដឹងនៅឡើយដែរ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុគឺអាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ