បើចង់ឱ្យទានរបស់ខ្លួនប្រសើរថ្លៃថ្លា ជាទានប្រកបដោយផលប្រយោជន៍ លុះណាតែបុគ្គលចាត់ចែងទេយ្យទានរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្បួនបច្ចេកទេស និងប្រកបដោយបញ្ញាផងទើបជាទានមានផលច្រើន ។
នៅក្នុងសម័យពុទ្ធកាល បើនិយាយពីអ្នកចេះក្បួនបច្ចេកទេសក្នុងការចាត់ចែងទាននោះ គឺមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលជាអ្នកមានជំនាញខាងចាត់ចែងទេយ្យទានបានយ៉ាងប្រសើរអាចញុំាងបរិស័ទអ្នកចូលរួមឱ្យត្រេកអរបានគឺ មហាឧបាសិកា វិសាខា និងមហាឧបាសក អនាថបិណ្ឌិកសេដ្ឋី អ្នកទាំងពីរនេះប្រសប់ខាងការចាត់ចែងទានមិនឱ្យឃ្នើសចិត្តបរិស័ទឡើយ ។
ការធ្វើទានចាត់ថាជាបុណ្យដ៏វិសេសមួយប្រភេទគប្បីមានបច្ចេកទេសរួមផ្សំផងដែរ អ្នកសាងត្រូវតែរៀបចំធ្វើឱ្យបានត្រឹមត្រូវតាមរបៀបបច្ចេកទេសនៃទានទើបបានផលល្អ ហើយបានបុណ្យកុសលច្រើន ។
តើបច្ចេកទេសនៃការធ្វើទានជាអ្វីទៅ? គឺរបៀបមួយដែលគេធ្វើត្រូវតាមសម័យនិយម ដែលអារ្យជនធ្លាប់បានប្រតិបត្តិរួចហើយ និងត្រូវធ្វើតាមការវិវឌ្ឍខាងសម្ភារនៃសង្គមជាតិផង ។
កាលជាន់ពុទ្ធសម័យអ្នកធ្វើទានធំៗ គេច្រើនអញ្ជើញមហាឧបាសកអនាថបិណ្ឌិកសេដ្ឋី និងមហាឧបាសិកា ឈ្មោះនាងវិសាខាទៅជួយចាត់ចែង ព្រោះអ្នកទាំងពីរនេះមានបច្ចេកទេសខាងធ្វើម្ហូបអាហារផង មានបច្ចេកទសខាងការប្រាស្រ័យទាក់ទងទទួលភ្ញៀវពន្លឺផង អាចញុាំងអ្នកចូលរួមឱ្យជ្រះថ្លាបាន និងញុាំងពិធីឱ្យប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្រស់ស្រាយផង ធ្វើទានបែបនេះឈ្មោះថាជាទានមានផលច្រើន ។
ចែករំលែកព័តមាននេះ