ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្លូវ​រថភ្លើង​! មន្ត្រី​យោធា​ភូមិភាគ​ទី​៥ បា.ញ់​ប្រពន្ធ (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ភូមិភាគ​ទី​៥ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ឆេះ​រោលរាល​ដក​កាំភ្លើងខ្លី​បាញ់​ប្រពន្ធ​៤​គ្រាប់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ភូមិភាគ​ទី​៥ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ឆេះ​រោលរាល​ដក​កាំភ្លើងខ្លី​បាញ់​ប្រពន្ធ​៤​គ្រាប់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្នុង​ហាង​ផឹកស៊ី​យីហោ «​ទី រ៉ា​នី​» នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​កែង​និង​ផ្លូវ​ហាណូយ ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​មន្ត្រី​យោធា​ជា​ខ្មាន់កាំភ្លើង​ខាងលើ​ឈ្មោះ ឆោម ចំណាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ភូមិភាគ​ទី​៥ ស្នាក់​នៅ​ភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្ត​បាត់ដំបង​។ ចំណែកឯ​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ជា បតី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​ខោអាវ​នៅ​ផ្សារ​ជិន​ណា​ន់ ស្នាក់​នៅផ្ទះ​អត់លេខ ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ថា នួន រ៉ា​នី ដែល​ជា​ម្ចាស់​ហាង​ខាងលើ​បា​ប្រាប់​ឲ្យ​ដឹង​ថា គាត់ និង​ជន​សង្ស័យ​​ជាមួយនឹង​ជន​រង​គ្រោះ គឺជា​អ្នក​រាប់អាន​គ្នា ហើយ​កន្លង​មក​ពួក​គេ​ឧស្សាហ៍​មក​ផឹកស៊ី​នៅ​ក្នុង​ហាង​របស់​គាត់​ដែរ ។ លុះ​នៅ​ម៉ោង​ប្រមាណ​៣​ល្ងាច មុន​កើតហេតុ ជនសង្ស័យ​បាន​បើករថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A-6753 មក​ផឹកស៊ី​នៅ​ហាង​របស់​គាត់​តែ​ម្នាក់ឯង​។ រហូត​ដល់​ម៉ោង​១០​យប់ ខណៈ​ជនសង្ស័យ​ស្រវឹង​ជោកជាំ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះជា​ប្រពន្ធ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក YAMAHA JANUS ពណ៌​ស្វាយ ពាក់​ស្លាក​លេខ ភ្នំពេញ​1HJ-8167 មក​កន្លែង​កើតហេតុ និង​អង្គុយ​ផឹកស៊ី​ជាមួយនឹង​ជនសង្ស័យ​ខាងលើ ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​កើតហេតុ ជន​រង​គ្រោះ​មិនដឹង​ជា​មានរឿង​អ្វី​ជាមួយនឹង​ជនសង្ស័យ​នោះ​ទេ ទើប​បានជា​ជនសង្ស័យ​ដើរទៅ​យក​កាំភ្លើងខ្លី​១​ដើម​ម៉ាក K59 ពី​ក្នុង​រថយន្ត រួច​ក៏​បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៧​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​៤​គ្រាប់ ចំ​ដើមដៃ​ខាងឆ្វេង​២​គ្រាប់ និង​ចំ​.​ពោះ​២​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​។ ភ្លាម​ៗ​នោះ​ក៏​ត្រូវ​ម្ចាស់​ហាង​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​តែ​ម្តង​។

ដោយឡែក​ជនសង្ស័យ បន្ទាប់​ពី​បាញ់ប្រហារ​ប្រពន្ធ​របស់​ខ្លួន​រួច ក៏​បើករថយន្ត​ខាងលើ​គេច​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ខណៈ​ពេល​នោះ ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុង​ជិះ​ល្បាត​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ប្រទះ​ឃើញ និង​ជិះ​ដេញ​តាម​ពី​ក្រោយ​​រថយន្ត​របស់​ជនសង្ស័យ​ខាងលើ រួច​ក៏​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន និង​ដកហូត​កាំភ្លើងខ្លី​១​ម៉ាក K59 នៅ​ត្រង់​ចំណុច​ខាង​មុខ​ហ្គែ​ន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ​គឺ​បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០០៥ និង​រស់នៅ​ជាមួយ​គ្នា​មានកូន​ប្រុស​ស្រី​២​នាក់​ជា​ចំណងដៃ​ផង​ដែរ រហូត​ដល់​ឆ្នាំ​២០១៩​ជនសង្ស័យ​ក៏​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ដោយ​ឈរជើង​នៅ​តំបន់​ភូមិភាគ​ទី​៥ ស្ថិត​នៅ​ក្នុង​ខេត្តបាត់ដំបង​។ បន្ទាប់​មក​ក្រោយ​ពី​ជនសង្ស័យ​ជា​ប្តី​បាន​ចូល​បំរើ​ការ​ក្នុង​ជួរ​កងទ័ព​មក ជន​រង​គ្រោះ​និង​កូន​ក៏​នាំ​គ្នា​ទៅ​រស់​នៅឯណា​ភ្នំពេញ ដោយ​ប្រកប​មុខរបរ​លក់ដូរ​នៅ​ឯ​ផ្សារ​ជាង​ណា​ន​។

ហើយ​ជន​រង​គ្រោះ​ក៏​មាន​អត្ត​ច​រឹក​ផ្លាស់​ប្ដូរ​ខុសធម្មតា​ធ្វើ​ឲ្យ​ការ​រស់នៅ​រវាង​ជនសង្ស័យ និង​ជន​រង​គ្រោះ​មិនសូវ​ចុះសម្រុង​គ្នា​នោះ​ទេ​។ រហូត​ដល់​ថ្ងៃ​កើតហេតុ ខណៈ ជនសង្ស័យ​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង រហូត​ដល់​ស្រវឹង រួច​ក៏​បាន​ទេ​ហៅ​ជន​រង​គ្រោះ​ឱ្យមក​ផឹកស៊ី​ជាមួយ បន្ទាប់​មក​ស្រាប់តែ​ជនសង្ស័យ​កើត​ចេញ​ជា​ភ្លើង​ប្រចណ្ឌ រហូត​ដក​កាំភ្លើង​បាញ់​៧​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះជា​ប្រពន្ធ បណ្ដាល​ឲ្យ​ចំ​ចំនួន​៤​គ្រាប់​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​កសាង​សំណុំរឿង​ដើម្បី​រង់ចាំ​ធ្វើការ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ