ក្រុងហុងកុង ៖ ចិនកាលពីថ្ងៃទី៦សីហាបានចេញការព្រមានយ៉ាងខ្លាំងបំផុតចំពោះពួកបាតុករក្រុងហុងកុង ដែលកាន់តែផ្គើនចាប់តាំងពី២ខែមកហើយចំពោះចិនដោយថា ពួកអ្មកលេងជាមួយភ្លើងនឹងស្លាប់ក្នុងភ្លើង។
បន្ទាប់ពីបង្កភាពច្របូកច្របល់ខ្លាំងនៅក្រុងហុងកុងមួយថ្ងៃ តាមរយៈកូដកម្មជាទូទៅនិងការរាំងខ្ទប់ការដឹកជញ្ជូនរួម រដ្ឋអំណាចក្រុងប៉េកាំងបានបន្តឹងសំឡេង ក្នុងក្ដីសង្ឃឹមថាអាចជំរុញពួកបាតុករឲ្យវិលចូលផ្ទះវិញ។ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុងនិងម៉ាកាវរបស់រដ្ឋាភិបាលចិន លោកYANG GUANGលើកឡើងថា ចូរកុំមើលស្រាលចំពោះការតាំងចិត្តមឺុងម៉ាត់និងអានុភាពដ៏ធំធេងរបស់រដ្ឋាភិបាលកណ្ដាល។
លោកបានចោទប្រកាន់ជាថ្មីចំពោះពួកសកម្មជនមួយក្ដាប់តូច ដែលជាប្រភពនៃការក្រឡុកសភាពការណ៍ ជាមួយការជួយទ្រទ្រង់របស់កងកម្លាំងបរទេសដែលលោកមិនបញ្ជាក់។ រឿងនេះត្រូវតែច្បាស់សម្រាប់ក្រុមឧក្រិដ្ឋជនហិង្សានិងគ្មានការរអែងមួយក្រុមតូច និងកម្លាំងដែលលាក់ខ្លួននៅពីក្រោយពួកគេ។ លោកថាពួកអ្នកលេងជាមួយភ្លើងនឹងស្លាប់ដោយសារភ្លើង។ ចុងបញ្ចប់ពួកគេនឹងត្រូវដាក់ទោស។
ការព្រមាននេះជាការព្រមានខ្លាំងបំផុតរបស់ក្រុងប៉េកាំងតាំងពីកើតមានបាតុកម្មតវ៉ាពីដើមខែមិថុនាមក ផ្ទុះឡើងដោយសារគម្រោងច្បាប់ធ្វើបត្យាប័នមកចិនដីគោក។ រដ្ឋាភិបាលកណ្ដាលចិន ដែលមិនអត់អោនដល់បាតុកម្មតវ៉ានៅចិនដីគោក សម្រាប់ពេលនេះបានបដិសេធមិនលូកដៃធ្វើអន្តរាគមន៍ ទុកឲ្យកងកម្លាំងប៉ូលិសហុងកុងគ្រប់គ្រងសភាពការណ៍។
កងទ័ពចិនដែលមានកងទាហានច្រើនពាន់នាក់នៅហុងកុងហាក់មិនឡូកឡំក្នុងកិច្ចការរបស់ហុងកុងឡើយ។ ប៉ុន្តែមេបញ្ជាការកងកម្លាំងនោះ កាលពីសប្ដាហ៍មុនបានរំឭកថា ច្បាប់អនុញ្ញាតឲ្យកងទ័ពចិនធ្វើអន្តរាគមន៍ដើម្បីស្ដាររបៀបរៀបរយ តាមសំណើរបស់អាជ្ជាធរហុងកុង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ