ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខែកក្កដា CDC ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​វិនិយោគ​ទឹកប្រាក់​ជាង ១០០ លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ត្រឹម​រយៈពេល ១ ខែ នៃ​ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC…

រាជធានី​ភ្នំពេញ​៖ ត្រឹម​រយៈពេល ១ ខែ នៃ​ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC បាន​អនុម័ត​គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១០០ លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្ដល់​ការងារ​រាប់​ម៉ឺន​នាក់​នៅ​ពេល​គម្រោង​ទាំងនោះ​ដំណើរការ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា​ក្នុង​ខែកក្កដា ឆ្នាំ ២០១៩ នេះ កម្ពុជា​បាន​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​១១៨ លាន​ដុល្លារ​អា​មេ​រិ​កដោយ​ភាគច្រើន​នៃ​គម្រោង​នោះ​ជា​គម្រោង​រោងចក្រ​សហគ្រាស​ផលិត និង​កែ​ច្នៃ​ផលិតផល​សម្រាប់​បម្រើ​ការ​នាំ​ចេញ និង​ផ្គត់ផ្គង់​ក្នុងស្រុក ។

របាយការណ៍​ដដែល​នេះ​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ចំនួន​ជាង ២០ បាន​ស្នើ​សុំ​ចុះបញ្ជី​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​សម្រេច​ចុះបញ្ជី​ស្ថាពរ​ផង​ដែរ ដោយ​មា​នទី​តាំងនៅ​កន្លែង​ផ្សេង​ដូច​ជា​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​ក្នុង​នោះ​មាន​៖ ខេត្តកំពង់ស្ពឺ​, ក្រុងព្រះសីហនុ​, តាកែវ និង​ខេត្តកណ្ដាល​ផង​ដែរ ។ ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ផ្សាយ​ក្នុង​គេ​ទំព័រ​របស់​ខ្លួន​នោះ បាន​បញ្ជាក់​ថា មាន​គម្រោង​ដែល​មាន​ទឹកប្រាក់​ច្រើន​ជាងគេ​គឺ ១៦,៥ លាន​ដុល្លារ​អា​មេ​រិ​ក ជា​គម្រោង​រោងចក្រ​ផលិត​ទឹកកក​នៅ​ខេត្តកណ្ដាល ហើយ​គម្រោង​នេះ​ដែរ​ព្យាករណ៍​នឹង​ត្រូវការ​បុគ្គលិក​ប្រមាណ​ជាង ៣០០ នាក់ បន្ទាប់​មក​គឺ គម្រោង​ទឹកប្រាក់ ១៥ លាន​ដុល្លារ ជា​គម្រោង​រោងចក្រ​ផលិត​ក្ដារបន្ទះ និង​ក្ដារ​ប៉ា​កេ អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជាង ៤០០​នាក់​ផង​ដែរ ។

ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​សូម​ស្វាគមន៍​រាល់​វិនិយោគ​ក្នុង និង​ក្រៅប្រទេស ដើម្បី​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​កម្ពុជា​មិន​រើសអើង​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ណា​នោះ​ឡើយ ។ កម្ពុជា​ក៏​បាន​សម្រួល​ដល់​អ្នក​វិនិយោគ​នូវ​ការងារ​ច្រើន​ដើម្បី​ទាក់ទាញ​បន្ថែម​ទៀត ដូច​ជា​កាត់​បន្ថយ​នូវ​ស្ថាប័ន​មួយ​ចំនួន ដូច​ជា​ស្ថាប័ន​កាំកុងត្រូល​នៅ​តាម​ព្រំដែន ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​កាត់​បន្ថយ​នូវ​ទីភ្នាក់ងារ​នាវាចរ​កាំសាប​ផង​ដែរ ។

ថ្មី​ៗ​នេះ​ដែរ កម្ពុជា​បាន​បង្ហាញ​នូវ​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​មួយទៀត​ផង​ដែរ តាម​រយៈ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​មក​នៅ​ត្រឹម ២២ ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ ២០២០ ខាង​មុខ​ដែល​បញ្ហា​នេះ​វិនិយោគិន​ក៏​ចង់បាន​ផង​ដែរ ព្រោះតែ​កន្លង​មក​កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាងគេ​ធៀប​នឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន ។ ក្រៅពី​នោះ​កម្ពុជា​ក៏​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់​ផែ​អន្តរជាតិ​តែ​មួយ​តាម​រយៈ​ការ​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​នឹង​បញ្ចប់​នៅ​រយៈពេល​ពី ៣ ទៅ ៤ ឆ្នាំ​ខាង​មុខ​នេះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ