សហរដ្ឋអាមេរិក-វេណេស៊ុយអេឡា ៖ ក្រោយការផ្អឹបទុកទាំងស្រុងបណ្ដាទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់រដ្ឋាភិបាលវេណេស៊ុយអេឡា សេតវិមានថ្លែងនាថ្ងៃទី៦សីហាថា អាមេរិកនឹងប្រកាន់យកគ្រប់មធ្យោយដែលសមស្រប ដើម្បីបញ្ចប់លទ្ធិផ្ដាច់ការរបស់លោកនីកូឡាស់ម៉ាឌូរ៉ូនៅវេណេស៊ុយអេឡា។
ក្នុងសេចក្ដីប្រកាសមួយសេតវិមាននិយាយថា លទ្ធិផ្ដាច់ការរបស់លោកម៉ាឌូរ៉ូត្រូវបញ្ឈប់ ដើម្បីឲ្យវេណេស៊ុយអេឡា មានអនាគតប្រកបដោយស្ថេរភាពមួយ មានលទ្ធិប្រជាធិបតេយ្យនិងរុងរឿង។ ដូចដែលលោកប្រធានាធិបតីត្រាំបានពន្យល់យ៉ាងច្បាស់ រាល់ការជ្រើសរើសស្ថិតនៅលើតុ។ សហរដ្ឋអាមេរិកនឹងប្រើប្រាស់រាល់ឧបករណ៍សមស្រប ដើម្បីបញ្ចប់សករាជរបស់លោកម៉ាឌូរ៉ូនៅវេណេស៊ុយអេឡា ជួយឲ្យពលរដ្ឋប្រទេសនេះបានទទួលជំនួយមនុស្សធម៌និងធានាការឆ្លងកាត់មួយបែបប្រជាធិបតេយ្យនៅវេណេស៊ុយអេឡា។
លោកត្រាំធ្លាប់បានថ្លែងក្នុងលិខិតមួយច្បាប់លាតត្រដាងកាលពីយប់ថ្ងៃទី៥សីហា ហើយបញ្ជូនដល់ប្រធានសភាលោកស្រីNANCY PELOSIថា វាចាំបាច់ដែលត្រូវផ្អឹបទុកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវេណេស៊ុយអេឡានៅសហរដ្ឋអាមេរិក ដោយសារការបន្តធ្វើព្យុះភ្លៀងរបស់រដ្ឋអំណាចមិនស្របច្បាប់របស់លោកម៉ាឌូរ៉ូ។
បន្ទាប់ពីការប្រកាសនេះ ក្រុងការ៉ាកាស់បានចោទប្រកាន់ក្រុងវ៉ាសិុនតោនថា កំពុងប្រព្រឹត្តភេរវកម្មសេដ្ឋកិច្ចហើយស្វែងរកបង្កការកាត់ផ្ដាច់ការចរចា រវាងតំណាងរដ្ឋាភិបាលនិងពួកប្រឆាំង ដែលប្រព្រឹត្តទៅនៅកោះBARBADE ជាមួយការធ្វើអាជ្ញាកណ្ដាលរបស់ន័រវែស៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ