ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​លើកទឹកចិត្ត​អ្នក​វិនិយោគ​ស្រី​លង្កា​មក​វិនិយោគ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ស្រី​លង្កា​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ។ ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រី​លង្កា ដែល​ត្រូវធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៧ សីហា…

រាជធានី​ភ្នំពេញ ៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ស្រី​លង្កា​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ។ ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រី​លង្កា ដែល​ត្រូវធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៧ សីហា សម្តេច តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ស្រី​លង្កា​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​ធ្វើការ​ពិភាក្សា​បន្ថែម​ជាមួយ​ធុរជន​កម្ពុជា និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​»​។

សម្តេច​បន្ត​ថា​៖«​ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ធានា​ជូន​អ្នក​វិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន​គ្រប់​បែប​យ៉ាង​ដែល​អនុគ្រោះ និង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ ពិសេស​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​ក៏​ដូច​ជា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​ភាព​ប៉ាន់​ប្រមាណ​បាន ។ សម្តេច តេ​ជោ​ក៏​បាន​ជម្រាប​ជូន​ធុរជន និង​អ្នក​វិនិយោគ​ស្រី​លង្កា​អំពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់​ៗ​របស់​កម្ពុជា​លើ​៥​ចំណុច ។

ទី​១ ៖ ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយ​ពី​ឆ្នាំ​១៩៧៩ កម្ពុជា​បាន​ប្រឹងប្រែង​ដោយ​ប្រើប្រាស់​ដៃ​ម្ខាង​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យពូជសាសន៍ និង​ដៃ​ម្ខាង​ទៀត​កសាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​ចំណុចសូន្យ​ដែល​មានការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​ពី​ខាងក្រៅ​យ៉ាង​អយុត្តិធម៌​រហូត​បាន​បញ្ឈប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ កាលពី​ចុងឆ្នាំ​១៩៩៨ ដោយ​ដាក់​ចេញ​នូវ «​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​» ។ ការ​ប្រឹងប្រែង​ពុះពារ​អភិវឌ្ឍ​ជាតិ ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ទាំង​ក្នុង​តំបន់ និង​សកល ហើយ​បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​ទាំង​ស្ថិរភាព​នយោបាយ សន្តិភាព និង​ម៉ាក្រូសេដ្ឋកិច្ច ពេញលេញ​ដែល​ជា​មូលដ្ឋាន​សម្រាប់​ទាក់ទាញ​ធុរជន និង​វិនិយោគិន​មក​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា ។

ទី​២ ៖ ការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា និង​អ្នក​វិនិយោគ​បរទេស ។ ទី​៣ ៖ កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប និង​វ័យក្មេង​ដែល​ក្នុង​នោះ​ប្រជាជន​ដែល​មាន​អាយុ​៣៥​ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ​៧២ % នៃ​ចំនួន​ប្រជាជន​សរុប គួប​ផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែល​មាន​ភាព​ប្រកួតប្រជែង ។ ទី​៤ -​កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ដែល​តំបន់​នេះ​បាន និង​កំពុង​ក្លាយជា «​រោងចក្រ​នៃ​អាស៊ី » ។

និង​ទី​៥ ៖ កម្ពុជា​មាន​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍ «​វប្បធម៌ និង​ធម្មជាតិ​» រួម​មានសម្បត្តិ វប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍​តំណែល​ប្រវត្តិសាស្ត្រ ព្រមទាំង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរសមុទ្រ ទន្លេ បឹងបួរ និង​ព្រៃ​ព្រឹក្សា​របស់​ជាតិ​ដែល​ទាំងនេះ​មាន​ភាព​ទាក់ទាញ​សម្រាប់​ទីផ្សារ​ទេសចរណ៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ