ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​ការសូត្រ​មន្ត​រំដោះគ្រោះ​ឱ្យ​អ្នកជំងឺ

4 ឆ្នាំ មុន

នៅ​ពេល​មាន​សមាជិក​ណា​ម្នាក់​ឈឺ​យូរ​ថ្ងៃខែ​ដោយ​មិនដឹង​មូលហេតុ ឪពុក​ម្តាយ​តែង​ឬ​សាច់ញាតិ​សង្ស័យ​ទៅ​លើ​អបិយ​ជំនឿ​ផ្សេង​ៗ ហើយ​ក៏​ទៅ​ជួប​គ្រូ​បុរាណ​ឱ្យ​គន់គូរ​មើល ។ បើ​ក្នុង​ករណី​ជើង​លេខ​ប្រាប់​ថា មាន​គេ​ធ្វើអំពើ ឬ​ខុស​នេះ ខុស​នោះ​ហើយ ពួក​គាត់​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​រំដោះគ្រោះ​ឱ្យ​អ្នកជំងឺ ដើម្បី​នឹង​បានជា​សះស្បើយ​ឡើង​វិញ…

នៅ​ពេល​មាន​សមាជិក​ណា​ម្នាក់​ឈឺ​យូរ​ថ្ងៃខែ​ដោយ​មិនដឹង​មូលហេតុ ឪពុក​ម្តាយ​តែង​ឬ​សាច់ញាតិ​សង្ស័យ​ទៅ​លើ​អបិយ​ជំនឿ​ផ្សេង​ៗ ហើយ​ក៏​ទៅ​ជួប​គ្រូ​បុរាណ​ឱ្យ​គន់គូរ​មើល ។ បើ​ក្នុង​ករណី​ជើង​លេខ​ប្រាប់​ថា មាន​គេ​ធ្វើអំពើ ឬ​ខុស​នេះ ខុស​នោះ​ហើយ ពួក​គាត់​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​រំដោះគ្រោះ​ឱ្យ​អ្នកជំងឺ ដើម្បី​នឹង​បានជា​សះស្បើយ​ឡើង​វិញ ។ នេះ​ជា​ជំនឿ​ដែល​ខ្មែរ​យើង​កាន់​តាម​តាំងពី​បុរាណ​រៀង​មក ដែល​មាន​បរិយាយ​នៅ​ឯកសារ​ទំនៀមទម្លាប់​ខ្មែរ ។

តើ​គួរ​សូត្រ​មន្ត​រំដោះគ្រោះ​បែប​ណា​ទើប​អាច​ឱ្យ​អ្នកជំងឺ​ជា​សះស្បើយ​បាន ? ខាងក្រោម​នេះ គឺជា​របៀប​នៃ​ការ​រៀប​រណ្ដាប់​ឱ្យ​ត្រឹមត្រូវ​តាម​បែប​បុរាណ​ដូច​តទៅ ១-​ត្រូវ​រៀប​បាយសី​មួយគូ , ស្លាធម៌​មួយគូ , ទឹកអប់​មួយគូ , ទៀន​ប្រាំ , ធូប​ប្រាំ​, លាជ​ប្រាំ​កន្ទោង , ផ្កា​ប្រាំ ដែល​ហៅ​ថា​ជា​គ្រឿង​ពុទ្ធបូជា ។ ២- រៀប​គ្រឿង​បូជា​ទេវតា​មាន ស្លាធម៌​៨ ទឹកអប់​២​ដប ដោយ​រៀប​ដាក់​នៅ​ទាំង​សងខាង​ខ្លួន​អ្នកជំងឺ​ម្ខាង ពាក់កណ្តាល​នៃ​ចំនួន​វត្ថុ​ដែល​កំណត់​នេះ ។ ៣-​ធ្វើ​ពែ​មួយ​ដែល​គេ​ឱ្យឈ្មោះ​ថា ជា​ពែ​មឈូស ដែល​មាន​បណ្ដោយ​ប្រវែង​មួយ​ហត្ថ​អ្នកជំងឺ ទទឹង​ប្រវែង​មួយ​ចំអាម​អ្នកជំងឺ ហើយ​ត្រូវ​រៀប​ដាក់​បាយ សម្ល នំចំណី​ក្នុង​ពែ​នោះ​តាម​ការ​គួរ ។ បន្ទាប់​មក​សូន​រូប​មួយ​ដោយ​ម្សៅ ឬ​ដីស្អិត​ក៏​បាន​តំណាង​ឱ្យ​រូប​ស្នង​រូប​របស់​អ្នកជំងឺ​សម្រាប់​ដាក់​រៀប​ក្នុង​ពែ​នោះ និង​មាន​ស្បូវ​ស្ងួត​មួយ​ក្ដាប់​ត្រៀម​ទុក ដើម្បី​ដុត​រូប​នោះ​ផង​ដែរ ។ ៤- ត្រៀម​សំពត់​ប្រវែង​៤​ហត្ថ នៃ​អ្នកជំងឺ និង​មាន​វាល់​អង្ករ​ដោយ​កូនចាន​តូច​ៗ​ចំនួន​ស្មើនឹង​អាយុ​របស់​អ្នកជំងឺ​ផង​ដែរ ។ បន្ទាប់​មក​ត្រូវ​បាញ់​ទឹកអប់​បន្តិច​ដាក់​ក្នុង​ផ្ដិល​ទឹកធំ​មួយ និង​មាន​ពូន​កូនភ្នំ​ខ្សាច់​មួយ​ដាក់​នៅ​ថាស​ផង​ដែរ ។

គ្រឿង​សក្ការៈ​ដែល​បាន​រៀបចំ​ទាំងអស់​ខាងលើ​នេះ ត្រូវ​យក​ទៅ​រៀប​ដាក់​នៅ​ចំពោះ​មុខ​ព្រះសង្ឃ​សូត្រ​មន្ត ។ លុះ​លោក​សូត្រ​មន្ត​រួច ហើយ​អាចារ្យ​ត្រូវ​រៀបចំ​សែនព្រេន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​នានា រួច​ហើយ​ត្រូវ​យក​ភ្លើង​អុជ​ស្បូវ​ដុត​ទៅ​លើ​រូប​ស្មូន​ម្សៅ​នោះ ដើម្បី​ជា​ការ​ឧបកិច្ច​ថា បាន​ដុត​អ្នកជំងឺ​នោះ​កម្ទេច​ចោល​ហើយ ។ ជា​កិច្ច​ចុង​ក្រោយ​ត្រូវ​ជូន​ពែ​នោះ​ទៅ​តាម​ទិស ដែល​អាចារ្យ​អ្នក​សែនព្រេន​បាន​ចង្អុល​ប្រាប់ ។ គេ​ជឿ​ថា បើ​ធ្វើ​ដូច្នេះ អ្នកជំងឺ​នឹង​អាច​នឹង​ជា​សះស្បើយ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី វា​មិន​មានការ​គាំទ្រ​ផ្នែក​វិទ្យាសាស្ត្រ​ឡើយ ។ ចំណែក​គ្រូពេទ្យ​វិញ និយាយ​ថា រាល់​ជំងឺ​ទាំង​អស់គេ​ត្រូវ​ព្យាបាល​ដោយ​ផ្អែក​លើក​រោគវិនិច្ឆ័យ​នៃ​ជំងឺ និង​មូលហេតុ​នៃ​ជំងឺ​នោះ ៕ (អត្ថបទ សាន សារិន )កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ