ខេត្តសៀមរាប៖ បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភ័ក្ត្រ៥ ព្រះហស្ត១០ មានប្រភពពីប្រាសាទក្រហមនៅកោះកេរ នាសតវត្សរ៍ទី១០នៃគ្រឹស្តសករាជ ស្ថិតក្នុងសភាពបាក់បែកចំនួន១០០០០បំណែក បច្ចុប្បន្នក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិភ្នំពេញ និងសាលាបារាំងចុងបូព៌ាកំពុងជួសជុលផ្គុំរូបរាងឡើងវិញតាមទម្រង់ដើម ។
ផេកហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី៥ សីហា ២០១៩ ផ្សាយថាភាពខ្ទេចខ្ទាំរាងកាយរាប់ម៉ឺនបំណែកនៃបដិមាព្រះសិវៈរាំ បណ្តាលមកពីកត្តាធម្មជាតិនៃអាយុកាល ភាពវឹកវរនៃសង្គ្រាមស៊ីវិល និងពួកឈ្មួញទុច្ចរិតមួយចំនួនឆ្លៀតឱកាសស្រុកទេសគ្មានសុខសន្តិភាព ក៏បានអារកាត់ព្រះសិរយកទៅជួញដូរ ហើយវាយបំបែករូបរាងកាយដែលពុកផុយឱ្យបែកខ្ទេច គួរឱ្យសង្វេគបុរាណវត្ថុដ៏ធំនេះក្រៃ ។
ទាក់ទងនឹងការប្រមូលបំណែកនៃព្រះសិវៈរាំមកអភិរក្សឡើងវិញ គឺនៅឆ្នាំ២០១២ សាលាបារាំងចុងបូព៌ា បានសហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរួមគ្នាដើម្បីប្រមូលនូវបំណែកនៃព្រះសិវៈរាំដែលសេសសល់ពីការបំផ្លាញទាំងក្នុងដីខ្លះ និងគរលើដីលាយឡំនឹងបំណែកឥដ្ឋខ្លះ មករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ប៉ុន្តែដោយសារនៅទីនោះមានការលំបាកក្នុងការជួសជុល ក៏បានផ្ទេរមកអភិរក្សដ្ឋានអង្គរវិញ ។ ក្នុងការជួសជុលនេះក៏បានយកបំណែកដៃចំនួន៥ និងព្រះភ័ក្ត្រចំនួនពីរមកពីសារមន្ទីរជាតិភ្នំពេញដែលបារាំងបានយកទៅរក្សាទុកនៅឆ្នាំ១៩៦០ ដើម្បីផ្គុំឱ្យចេញរូបរាងដើមវិញ ។
ចំពោះដំណើរការជួសជុល លោកឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌បានឱ្យដឹងថា មកដល់ពេលនេះការជួលជុល និងផ្គុំបំណែកបដិមាព្រះសិវៈរាំ បានដំណើរការជាង២ខែមកហើយ ដោយក្រុមអ្នកជំនាញបច្ចេកទេសខ្មែរមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងសារមន្ទីរជាតិភ្នំពេញ ។ ជាលទ្ធផលផ្គុំបានផ្នែកទ្រូង ការព្យាបាលពង្រឹងថ្មដែលពុកផុយខ្លះ រួមទាំងផ្នែកផ្សេងៗទៀត ។ ជាការសោកស្តាយដែលព្រះភ័ក្ត្រចំនួនបីត្រូវបានបាត់បង់ ហើយក្រុមការងារក៏កំពុងពិចារណាថាគួរបំពេញបន្ថែម និងប្រើថ្មថ្មីក្នុងកម្រិតណាក្នុងការបំពេញនៅកន្លែងបាត់បង់ផ្នែកផ្សេងទៀត ។
លោកឆាន ចំរើន បន្តទៀតថា «ក្នុងការអនុវត្តការងារយើងមិនទាន់ហ៊ានកំណត់ពីវេលាសម្រេចទេ ព្រោះមានការលំបាកខ្លាំងដោយសារបំណែករូបមានដល់ទៅមួយម៉ឺនដុំទាំងតូចធំ ដែលបំណែកខ្លះតូចពិបាកក្នុងការផ្គុំ ត្រូវការពេលវេលាច្រើនក្នុងការយកថ្មមកភ្ជាប់ឱ្យត្រូវគ្នា កន្លែងខ្លះមានស្នាមមុខដាប់ ច្រើន ឯថ្មខ្លះទ្រុឌទ្រោមខ្លាំងត្រូវការព្យាបាល និងពង្រឹង។ ចំពោះការផ្គុំឱ្យចេញជារូបរាង គឺផ្គុំពីសាច់ក្នុងមកក្រៅ ដែលទាមទារការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើបអាចធ្វើបានសម្រេច ។
មិនថាមានការលំបាកយ៉ាងណានោះទេ ក៏នឹងបំពេញកិច្ចការនេះឱ្យបានសម្រេច និងសំណូមពរឱ្យកូនខ្មែរគ្រប់រូបរួមគ្នាថែរក្សា ការពារ ឈ្វេងយល់ពីរតនវត្ថុរបស់យើង ដោយមិនពឹងតែលើអ្នកជំនាញតែមួយមុខ ។ ចំពោះការប្រឹងប្រែងផ្គុំរូបសិវៈទោលធំ ក្នុងសភាពបែកខ្ទេចដូច្នេះ ក៏ព្រោះចង់រក្សាអ្វីជាបុរាណ ទាំងស្នាដៃ និងបច្ចេកទេសធ្វើរបស់ដូនតាខ្មែរតាំងពីសតវត្សរ៍ទី១០ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ឱ្យកូនចៅអ្នកស្រាវជ្រាវជំនាន់ក្រោយបានឃើញ» ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ