ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តជាច្រើនគ្រឿងដែលចតចោលគ្មានសណ្តាប់ធ្នាប់ត្រង់ចំនុចផ្សារឃ្លាំងលើ នាព្រឹកថ្ងៃទី០៦ សីហានេះ ត្រូវបានកម្លាំងចំរុះដឹកនាំដោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុសហការណ៍ជាមួយកម្លាំងមូលដ្ឋានបានប្រើវិធានការក្តៅដោយស្ទួចទាំងនោះទៅរក្សាទុកនៅមន្ទីសាធារណការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ។
ថ្លែងក្នុងឪកាសនោះលោកសន កុសល អភិបាលរងក្រុងព្រះសីហនុបានអះអាងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងក្រោមបទបញ្ជារបស់លោក អ៊ី សុខឡេង អភិបាលក្រុងកម្លាំងចំរុះរបស់លោកតែងតែបានចុះធ្វើការណែនាំជាច្រើនលើកច្រើនសារដល់ពួកគាត់ដែលតែងតែយកចំណីផ្លូវចិញ្ចើមថ្នល់ធ្វើជាកន្លែងចតរថយន្ត និងលក់គ្មានសណ្តាប់ធ្នាប់បង្កផលប៉ះពាល់ផ្លូវសាធារណ និងបង្កគ្រោះថ្នាក់ជាញឹកញាប់ ដោយពុំព្រមអនុវត្តន៍តាមការណែនាំរបស់មន្ត្រីជំនាញនោះទេទើបថ្ងៃនេះកម្លាំងចំរុះរបស់ខេត្តដឹកនាំដោយរូបលោកផ្ទាល់អភិបាលរងក្រុងព្រះសីហនុបានចុះស្ទួចរថយន្ត និងរុះរើតូបទាំងនោះ ដើម្បីយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ។
លោក សន កុសល បន្តថា ចាប់ពីថ្ងៃនេះតទៅកម្លាំងជំនាញរបស់លោកនឹងចុះល្បាតគ្រប់ពេលវេលាមិនបណ្តោយរថយន្តធន់ធំទាំងនោះធ្វើអ្វីប្រាស់ចាកអំពីច្បាប់តទៅទៀតបាននោះទេ បើទោះបីជាមានការតវ៉ា និងអន្តរាគមន៍យ៉ាងណាក៏ដោយ ។
ហេតុដូចនេះរូបលោកសូមអំពាវនាវយ៉ាងទទួចដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់មេត្តាគោរពច្បាប់ទាំងអស់គ្នា សូមមេត្តាលុបបំបាត់វប្បធម៌អន្តរាគមន៍អាងអ្នកនេះ អាងអ្នកនោះ ព្រោះអ្វីៗក្នុងសង្គមរីកចម្រើនទៅបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា សូមចូលរួមទាំងអស់គ្នា រួមគ្នាគិតរួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ