រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីកំព្រាម្នាក់សម្រេចចិត្តបង្កាត់ភ្លើងស្នេហ៍នឹងបុរសជាកម្មករលើកឥវាន់រហូតរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែការរស់នៅជាង១ឆ្នាំមកនេះស្គាល់តែទុក្ខ និងកណ្ដាប់ដៃប្ដីស្ទើរគ្មានលោះថ្ងៃ ដោយសារមូលហេតុផ្ដើមចេញពីការប្រច័ណ្ឌគ្នាក្លាយជាជម្លោះ រហូតបុរសជាប្ដីខឹងដាល់ទៅលើក្ដោងច្រមុះនាង២ដៃ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេចតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង២០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៨k ក្រុមទី១ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះខាងលើឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ហើយមិនដឹងថា នាងមានស្រុកកំណើតនៅក្នុងភូមិ-ឃុំ-ស្រុកណាទេ គ្រាន់តែដឹងថា នៅក្នុងខេត្តតាកែវប៉ុណ្ណោះ ព្រោះនាងជាកូនកំព្រាឪពុកម្ដាយ ។ ចំណែកបុរសជាប្ដី ឈ្មោះ ផង់ សំណាង អាយុ២៣ឆ្នាំ មុខរបរកម្មករលើកឥវាន់ និងរត់ម៉ូតូឌុប មានទីលំនៅក្នុងកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាងមួយឆ្នាំមកហើយ តែមិនបានរៀបការ និងមានកូននៅឡើយទេ ។ ហើយជាច្រើនឆ្នាំមុនមិនបានចាំពេលវេលា ជនរងគ្រោះនឹងជនសង្ស័យបានធ្វើការនៅខារ៉ាអូខេជិតរោងចក្រ (C7) ខណ្ឌសែនសុខជាមួយគ្នា ហើយក៏ប្តូរមករស់នៅផ្ទះជាមួយប្តីបានជាង១ឆ្នាំមកហើយ ចំណែកជនសង្ស័យតែងតែប្រើអំពើហិង្សាលើប្រពន្ធរាប់មិនអស់នោះទេ។
បើតាមអ្នកជិតខាងប្រាប់ថា ប្ដីប្រពន្ធ១គូនេះឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ហើយស្ត្រីជាប្រពន្ធតែងត្រូវបុរសជាប្ដីវាយធ្វើបាបគួរឲ្យអាណិត ជួនកាលពួកគាត់ក៏ចូលទៅជួយឃាត់ និងជួនកាលក៏មិនហ៊ានចូលទៅឃាត់ឡើយ ព្រោះខ្លាចជននោះវាយត្រូវ ។ ដោយឡែកនៅយប់ថ្ងៃកើតហេតុ ប្ដីខាងលើត្រឡប់មកពីផឹកស៊ីចូលដល់ផ្ទះវិញ ស្រាប់តែជម្លោះកើតឡើងព្រោះតែការប្រចណ្ឌគ្នាទៅវិញទៅមក។ បន្ទាប់ពីការជជែកគ្នាតឹងសរសៃ.ក១ប្រាវបុរសជាប្ដីប្រើហិង្សាដាល់ប្រពន្ធ២ដៃ បណ្ដាលឲ្យនាងដួលស្លាប់ភ្លាមៗ ខណៈនោះពេលឃើញបែបនេះពួកគាត់ក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍កាកាប២ ឲ្យចុះទៅឃាត់ខ្លួនជននេះតែម្ដង។
ក្រោយពេលចាប់ខ្លួនបុរសជាប្ដីសារភាពថា ដំបូងឡើយខ្លួន និងប្រពន្ធស្គាល់គ្នានៅគ្រាដែលខ្លួនចូលទៅច្រៀងខារ៉ាអូរខេ១កន្លែងនៅម្ដុំជិតរោងចក្រ C៧ ស្ថិតក្នុងខណ្ឌសែនសុខ ដោយនាងជានារីបម្រើនៅទី នោះ។ បន្ទាប់មកខ្លួនចាប់ចិត្តស្រឡាញ់អាណិតនាង នាងក៏ស្រឡាញ់ខ្លួនវិញដែរ ទើបសម្រេចចិត្តរស់នៅជាមួយគ្នាជាប្ដីប្រពន្ធរហូតមកដល់ពេលនេះ១ឆ្នាំហើយ ប៉ុន្តែមិនមានកូនឡើយ ចំណែកនាងជាកូនកំព្រាមេបារ។
ជនសង្ស័យបន្តថា ការរស់នៅជាមួយគ្នានេះមិនសូវចុះសម្រុងទេ តែងឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ដោយសារតែខ្លួនក៏ប្រច័ណ្ឌប្រពន្ធ រីឯប្រពន្ធវិញក៏ប្រច័ណ្ឌប្ដីដូចគ្នាដែរ ទើបចេះតែឈ្លោះគ្នា ហើយខ្លួនតែងប្រើហិង្សាញឹកញាប់ផងដែរ ។ លុះនៅថ្ងៃកើតហេតុ ក្រោយត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្ដិវិញ ឃើញប្រពន្ធដេកចាំគាត់មិនទាន់ហូបបាយក៏ដាស់ឱ្យប្រពន្ធទៅងូតទឹក ហើយប្រពន្ធមិនទាន់ងើបផង គាត់ក៏វាយប្រពន្ធ១ដៃចំគុំថ្កាម ក្រោយមកប្រពន្ធក៏ទៅងូតទឹកបាត់ទៅ ។ លុះពេលកំពុងរៀបចំហូបបាយ ប្រពន្ធក៏និយាយរឿងដែលសង្ស័យថា ប្តីមានស្រីថ្មី គាត់ខឹងក៏វាយមួយដៃទៀតចំក្តោងច្រមុះ បណ្តាលឱ្យស្លាប់តែម្ដង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចសាកសួរ ហើយជនសង្ស័យសារភាពរួច បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះក្រោយពីការពិនិត្យដឹងថា ស្លាប់ដោយអំពើឃាតកម្មរួច នគរបាលដឹកយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តតាំងកសាងខាងត្បូង រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ (កែសម្រួលដោយ ៖ បុប្ផា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ