យោងតាមប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា ថា អង្គការអូតង់បានពិនិត្យពីការជ្រើសរើសខាងយោធាដែលទាក់ទិនដល់ប្រទេសលីប៊ី។ លោកអូបាម៉ាក៏ព្រមានផងដែរដល់បណ្តាសហការីរបស់លោកមូអាម៉ា កាដាហ្វី ដែលត្រូវគិតដល់អំពើហឹង្សាទាំងឡាយ។
ចំណែកពួកអ្នកការទូតបារាំង និងអង់គ្លេសកំពុងធ្វើការលើគំរោងដំណោះស្រាយមួយរបស់អ.ស.បដើម្បីបង្កើតតំបន់ហាមមិនឱ្យមានការហោះហើរពីលើដែនអាកាសរបស់លីប៊ី។ សហភាពអឺរ៉ុបបានរៀបចំទណ្ឌកម្មខាងហិរញ្ញវត្ថុថ្មីៗប្រឆាំងលីប៊ី ដែលសំដៅជាពិសេសលើ LIBYAN INVESTMENT AUTHORITY (LIA) ជាមូលនិធិមួយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងចំណូលប្រេងកាតរបស់ប្រទេស។
អ.ស.ប និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានធ្វើការអំពាវនាវជាបន្ទាន់មួយរកមូលនិធិ១៦០លានដុល្លារសំរាប់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយសារជម្លោះនៅលីប៊ី។ ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអាប៊ូដាប៊ី បណ្តាប្រទេសអារ៉ាប់នៅ តំបន់ឈូងសមុទ្រពែរ្ស៍ប្រកាសគាំទ្រចំពោះការបង្កើតដោយអ.ស.បនូវតំបន់ហាមហោះហើរមួយពីលើដែនអាកាសលីប៊ី។ ប្រមុខការទូតលីប៊ី លោកមូសាតូសា បានចោទប្រកាន់ប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាមេរិកថា កំពុងធ្វើសកម្មភាពសំដៅពុះបំបែកប្រទេសលីប៊ី។
អង្គការអូតង់បានប្រមូលយន្តហោះស៊ើបការណ៍ធុន AWACS ឱ្យហោះសង្កេតការណ៍នៅលីប៊ី២៤ម៉ោងលើ២៤ម៉ោង។ នេះជាការប្រកាសកាលពីថ្ងៃទី៧ មីនា របស់លោក IVO DAALDER ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអូតង់។ ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយអ្នកការទូតរូបនេះថ្លែងថា ការសំរេចចិត្តនេះត្រូវបានប្រកាន់យកដើម្បីកែលំអសមត្ថភាពស៊ើបការណ៍របស់បណ្តាយន្តហោះធុន AWACS របស់អូតង់ដោយហោះស៊ើបការណ៍២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃលើ៧ថ្ងៃ។ យើងចង់តាមដានឱ្យដឹងប្រាកដតើមានអ្វីខ្លះកើតមានក្នុងប្រទេសនោះ ៕
ចែករំលែកព័តមាននេះ