ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​កំពូល​ខូច​… យក​ដី​គេ​ដើរ​លក់ ប៉ះ​ចំ​ម្ចាស់​​ដើម​ត្រូវ​អស់លក្ខណ៍

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​៥​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​កំពង់ស្ពឺ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​តាំងខ្លួន អ្នកខ្លះ​ជា​មេធាវី អ្នកខ្លះ​ថៅកែ​ក្រុមហ៊ុន អ្នកខ្លះ​អង្គរក្ស និង​ម្ចាស់​ដី​ទៀត​ផង ដែល​ធាតុ​ពិត​សុទ្ធតែ​រូបភាព​បោកប្រាស់…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​៥​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​កំពង់ស្ពឺ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​តាំងខ្លួន អ្នកខ្លះ​ជា​មេធាវី អ្នកខ្លះ​ថៅកែ​ក្រុមហ៊ុន អ្នកខ្លះ​អង្គរក្ស និង​ម្ចាស់​ដី​ទៀត​ផង ដែល​ធាតុ​ពិត​សុទ្ធតែ​រូបភាព​បោកប្រាស់ ហើយ​យក​ប្លង់​ដី​កូ​ពី​មួយ​សន្លឹក​ទៅ​លក់​ឱ្យ​ម្ចាស់​ដី​ពិត ទីបំផុត​ក៏​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​តែ​ម្តង​។

ទោះជា​យ៉ាងណា ក្រោយ​បញ្ចប់​ការ​សាកសួរ​សមត្ថកិច្ច​នឹង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត ក្រោយ​ប្រើ​ល្បិច​ស៊ី​មិន​បាន​សម្រេច​រួច​មក​។ ការ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ ក្នុង​ករណី​ឆបោក​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ជាប់​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុងភូមិ​អំ​ពឹ​ល​រូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្រុម​ជនសង្ស័យ​ខាងលើ​រួម​មាន ១-​ឈ្មោះ នួន វ​ណ្ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន សុខរ​ដ្ឋា អចល​ទ្រព្យ មាន​ទី​លំ​ភូមិ​ជើងស្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​, ២-​ឈ្មោះ តន់ សុ​ផា​ន់​ណា​និ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (​ក្លែង​ជា​បងប្អូន​ម្ចាស់​ដី​) មាន​ទីលំនៅ​ភូមិ​ព្រៃ​ភក្តី ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​, ៣-​ឈ្មោះ ភោគ សានិ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំ​បូល សង្កាត់​កំ​បូល​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​, ៤-​ឈ្មោះ ច្រឹ​ក ចិ​ត្រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​៥-​ឈ្មោះ ហ៊ា​ង អេ​ង​ទ្រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជើង ស្រុក​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ដំបូង​ក្រុម​ជនសង្ស័យ​បាន​រៀប​គំរោង​លក់​ដី​ទំហំ​១៧៥.២៥៦​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​ជា​ដី​មាន​ប្លង់​កម្មសិទ្ធិ និង​មាន​ម្ចាស់​ត្រឹម​ត្រូវ ដោយ​មាន​អ្នក​ដើរតួ​ជា​បងប្អូន​ម្ចាស់​ដី ជា​ថៅកែ​ក្រុមហ៊ុន ទិញ​ដី​ជា​មេធាវី ជា​អង្គរក្ស និង​អ្នក​បើក​ឡាន​​ទៀង​ផង​។

ក្រោយមក​ក្រុម​ជនសង្ស័យ​ក៏​បាន​ទាក់ទង​ទៅ​បុរស​ម្នាក់​ដោយ​ប្រាប់​ថា ខ្លួន​មាន​ដី​ទំហំ​ខាងលើ ចង់​លក់​ក្នុង​តម្លៃ​ថោក (​មិន​ឱ្យ​មើល​ឯកសារ​មុន​ឡើយ​) តែបើ​មាន​អ្នកទិញ​ណា​ហើយ​ចង់​ជួប​ម្ចាស់​ផ្ទាល់ ទាល់តែ​កក់​លុយ​ទ្រនាប់​ដៃ​ចំនួន​៥០.០០០​ដុល្លារ​មក​ពួក​ខ្លួន​ជា​មុន​សិន ហើយ​៤​ថ្ងៃក្រោយ​ត្រូវ​កក់​៥០.០០០​ដុល្លារ​ទៀត ទើប​អាច​ជួប​ម្ចាស់​ដី​បាន​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ចង់​ទិញ​ដី និង​មិន​អស់ចិត្ត ហើយ​ចង់​ស្គាល់​ទីតាំង​ដី​ផង បុរស​រូប​នោះ​សុខចិត្ត​ប្រគល់​លុយ​ចំនួន​៥០.០០០​ដុល្លារ​ទៅ​កាន់​ក្រុម​ជនសង្ស័យ ដោយ​មាន​ធ្វើ​លិខិត​ប្រគល់​ទទួល​ផង​ដែរ ។ នៅ​ពេល​ទៅ​មើល​ដី ស្រាប់តែ​បុរស​រូប​នោះ​ភ្ញាក់ខ្លួន​ព្រើត ដោយសារ​តែ​ទីតាំង​នោះ​ជា​ដី​របស់​ខ្លួន ហើយ​ពេល​ពិនិត្យ​ឯកសារ​ក៏​ឃើញ​ឈ្មោះ​ខ្លួន​ថែម​ទៀត ទើប​ប្តឹង​ឱ្យ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​តែ​ម្តង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ