រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមក្នុងការប្រឆាំងនឹងការសម្អាតសាច់ប្រាក់ ឬហៅថាលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម កម្ពុជាកំពុងជំរុញអោយម្ចាស់អាជីវកម្មលំនៅឋាន និងអាជីវកម្មកាស៊ីណូ ចូលរួមក្នុងយុទ្ធនាការនេះទាំងអស់ ដើម្បីអោយប្រាកដថា នឹងមិនសកម្មភាព សម្អាតប្រាក់នៅកម្ពុជានោះឡើយ ខណៈចំនួនកាស៊ីណូនៅស្រុកខ្មែរមានសន្ទុះកើនឡើងខ្ពស់ ជាពិសេសការវិនិយោគពីអ្នកវិនិយោគិនចិនតែម្តងលើវិស័យកាស៊ីណូនៅកម្ពុជា ។
លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុបានមានប្រសាសន៍កាលពីថ្ងៃទី ១ សីហា នៅឯសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់បុគ្គលរាយការណ៏អភិវឌ្ឍលំនៅឋាន» នៅសណ្ឋាគារភ្នំពេញបញ្ជាក់ថា ប្រទេសកម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកតាំងពីឆ្នាំ២០០៤ ហើយការក្លាយខ្លួនជាសមាជិកនេះ កម្ពុជាត្រូវមានកាតព្វកិច្ចអនុវត្តតាមអនុសាសន៍ទាំង៤០ និងអនុសាសន៍ស្នូលទាំង១១ ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
លោកបានបន្តថា ដើម្បីពង្រឹងនូវគោលការណ៍នេះ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសេដ្ឋកិច្ចបានអញ្ជើញតំណាងម្ចាស់អាជីវកម្មលំនៅឋាន និងអាជីវកម្មកាស៊ីណូ មកពិភាក្សាលម្អិតពីកាតព្វកិច្ចសំខាន់ៗ ដែលអ្នកអភិវឌ្ឍន៍លំនៅឋាន និងក្រុមហ៊ុនកាស៊ីណូត្រូវអនុវត្ត ដើម្បីចូលរួមទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្ប ទានភេរវកម្មដែលក្នុងនោះរួមមាន ការរៀបចំបង្កើតគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងសម្រាប់ទប់ស្កាត់ ការលាងសម្អាតប្រាក់របស់ឧក្រិដ្ឋជននៅពេលធ្វើប្រតិបត្តិទិញលំនៅឋាន និងការប្រតិបត្តិការជាមួយអតិថិជនកាស៊ីណូ, ការរៀបចំបង្កើតឱ្យមានមន្ត្រីប្រតិបត្តិគោលការណ៍ស្គាល់អតិថិជន, ប្រព័ន្ធរាយការណ៍ ប្រតិបត្តិការសង្ស័យ និងប្រតិបត្តិការសាច់ប្រាក់ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាជាដើម។
លោកបន្តថែមថា អគ្គនាយកដ្ឋានឧស្សាហកម្មហិញ្ញវត្ថុ បានធ្វើ ការសិក្សាស្រាវជ្រាវក្រោមជំនួយបច្ចេកទេសរបស់ដៃគូរអភិវឌ្ឍន៍ធនាគារពិភពលោក «រៀបចំជាយន្តការ តាមដានត្រួតពិនិត្យហានិភ័យការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មសម្រាប់វិស័យអចលនវត្ថុ និងកាស៊ីណូ ក្នុងគោលដៅការពារ ទប់ស្កាត់ភាពងាយរងគ្រោះក្នុងវិស័យនេះ និងដើម្បីធានាឱ្យបាននូវ ភាពរឹងមាំក្នុងការចូលរួមទ្រទ្រង់ប្រព័ន្ធហិរញ្ញវត្ថុជាតិ» ។
លោកក៏បានស្នើឱ្យអ្នកអភិវឌ្ឍលំនៅឋាន និង ក្រុមហ៊ុនកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណទាំងអស់ សូមចូលរួមក្នុងការអនុវត្តកាតព្វកិច្ចសំខាន់ៗ ដែលមានចែងជាធរមានក្នុងច្បាប់ និងប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីចូល រួមទប់ស្កាត់ និងការពារអ្នកអភិវឌ្ឍលំនៅឋាន និងវិស័យកាស៊ីណូ ឱ្យរួចផុតពីភាពងាយរងគ្រោះ ក្នុងការ លាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ