រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍របស់វិនិយោគិននៅតំបន់់អរិយក្សត្រ ធ្វើអោយឈ្មួញនិងវិនិយោគិននានាកំពុងស្វែងរកទិញដីយ៉ាងគគ្រឹកគគ្រេងនៅតំបន់អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលនៅមិនឆ្ងាយពីទីក្រុងរណបកោះពេជ្រ រាជធានីភ្នំពេញ នោះឡើយ។
ការស្វែងរកទិញដីនៅតំបន់នោះ បានធ្វើអោយតម្លៃដីធ្លី ហក់ឡើងទ្វេរមួយជាពីរនិងកន្លែងខ្លះ តម្លៃហក់ឡើងគុណនឹងបី ។ ប្រជាពលរដ្ឋនៅឃុំអរិយសក្សត្រ ដែលជាតំបន់កោះមួយត្រើយម្ខាងនៃដងទន្លេ បាននិយាយស្រដៀងគ្នាថា ចាប់តាំងពីមានដំណឹងអភិវឌ្ឍន៍នៅតំបន់អរិយក្សត្រពីសំណាក់វិនិយោគិនខ្មែរ ធ្វើអោយឈ្មួញដើររកទិញដីសម្រាប់ទុកលក់បន្ត និងទិញដីអភិវឌ្ឍន៍យ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសវិនិយោគិនចិនតែម្ដង ហើយជនជាតិចិនហ៊ានអោយតម្លៃដីរបស់ពលរដ្ឋខ្ពស់ថែមទៀតផង ដែលធ្វើអោយតម្លៃដីធ្លីនៅតំបន់នេះ កាន់តែហក់ឡើងខ្ពស់ ។
លោកស្រី ស្រី ពៅ ប្រជាពលរដ្ឋនៅក្នុងតំបន់អរិយក្សត្រ បាននិយាយប្រាប់ថា ចាប់តាំងពីលឺដំនឹងមានការអភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយនៅអរិយក្សត្រ ឃើញថាមានការស្វែងរកទិញដីច្រើនពីសំណាក់ឈ្មួញ ជាពិសេសជនជាតិចិន សម្រាប់អភិវឌ្ឍន៍គម្រោងរបស់ពួកគេ ។ ឈ្មូញនិងពួកអ្នកវិនិយោគិនចិនទាំងនេះ ហ៊ានអោយតម្លៃខ្ពស់ណាស់ ។ ជាក់ស្ដែងដីរបស់លោកស្រីដែលមានទទឹងប្រមាណ១០បណ្ដោយ៣០ទៅ៤០ម៉ែត្រ ចិនហ៊ានអោយតម្លៃ ២០ម៉ឺនដុល្លារអាមេរិកឯណោះ ហើយដីអ្នកភូមិផ្សេងទៀត ដែលមានទំហំតូចតែមួយក៏គេកាត់តម្លៃដល់ទៅជិត២០ម៉ឺនដុល្លារអាមេរិកដែរ ។ លោកស្រីបន្តថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋគាត់លក់តែដីចំការដំណាំប៉ុណ្ណោះ ដោយឡែកដីលំនៅឋានវិញ មិនទាន់មានការទិញលក់ច្រើននោះទេ ព្រោះប្រជាពលរដ្ឋហាក់រារែក ដោយសារតែមិនទាន់ស្វែងរកបានទីតាំងថ្មី សម្រាប់រស់នៅនិងប្រកបអាជីវកម្ម ជាក់ស្ដែងលោកស្រីថា ពេលដែលលក់ដីនេះហើយ មិនដឹងថាទៅរស់នៅឯណាបន្តហើយធ្វើការរកស៊ីអ្វីនៅឡើយ ដូច្នេះហើយទើបលោកស្រីចេះតែមិនទាន់លក់និងរស់នៅដីកេរ្តិ៍ ដូនតានេះបន្តទៀតទៅ ។
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ ឡាក់គី បានមានប្រសាសន៍ថា នៅពេលដែលមានគម្រោងអភិវឌ្ឍន៍ណាមួយនៅទីតាំងណានោះ តម្លៃដីធ្លី តែងមានការប្រែប្រួលកើនឡើង តួយ៉ាងនៅតំបន់អរិយក្សត្រនេះ លឺថាមានក្រុមហ៊ុនជាច្រើនគ្រោងបោះទុនសាងសង់ជាអគារ និងកែប្រែទៅជាតំបន់លំនៅឋាន ដូច្នេះហើយទើបធ្វើអោយតម្លៃដីនៅទីនោះកើនឡើងខ្ពស់បែបនេះ ។ លោកបន្តថា តាមពិតទៅតំបន់អរិយក្សត្រនេះ នៅមិនឆ្ងាយពីតំបន់អភិវឌ្ឍន៍រាជធានីភ្នំពេញប៉ុន្មាននោះទេ គ្រាន់តែវាបាំងទន្លេ និងត្រូវឆ្លងកាត់តាមសាឡាង ទើបធ្វើអោយតំបន់នេះ ហាក់នៅឆ្ងាយពីភ្នំពេញ ។ បើសិនជារដ្ឋាភិបាលមានគម្រោងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញទៅតំបន់អរិយក្សត្រនេះ វាអាចនឹងធ្វើឱ្យតម្លៃដីធ្លី នៅអរិយក្សត្រកាន់តែកើនឡើងខ្ពស់ថែមទៀត មិននៅត្រឹមហ្នឹងនោះទេ ។
លោកបានថា « ការតភ្ជាប់ស្ពានពីភ្នំពេញទៅអរិយក្សត្រនេះ មិនចាំបាច់ទាល់តែតភ្ជាប់ពីកោះពេជ្រ ឬពីមុខណាហ្គា ទៅផ្ទាល់នោះទេ គ្រាន់តែតភ្ជាប់ពីតំបន់ច្បារអំពៅ ឬ តំបន់ជ្រោយចង្វារទៅកាន់អរិយក្សត្រក៏វាបានកែប្រែតំបន់នោះមួយចំណែកបាត់ទៅហើយ ហើយវាក៏នឹងក្លាយជាចំណាប់អារម្មណ៍របស់វិនិយោគិនក្នុងនិងក្រៅស្រុកជាច្រើនទៀតដែរ » ។ លោកបន្ថែមថា សព្វថ្ងៃតំបន់អរិយក្សត្រមានឧបសគ្គមួយចំនួន ដែលរារាំងដល់ការអភិវឌ្ឍន៍របស់វិនិយោគិន ទី១)- មិនមានស្ពានឆ្លងកាត់ដោយផ្ទាល់ ហើយអ្នកធ្វើដំណើរទៅកាន់តំបន់នោះ ត្រូវឆ្លងកាត់សាឡាង។ ទី២)- តំបន់នោះជាតំបន់ទំនាប និងមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូច្នេះអ្នកវិនិយោគត្រូវចាក់ដីបំពេញឱ្យខ្ពស់មុននឹងសាងសង់អ្វីមួយ និងទី៣ តំបន់នេះ មិនទាន់មានប្រជាពលរដ្ឋរស់នៅច្រើននៅឡើយ តែថ្ងៃអនាគតតំបន់អរិយក្សត្រ នឹងក្លាយជាតំបន់សក្ដានុពលមួយ ។
លោកបានបន្តថា «សព្វថ្ងៃ ដីធ្លីតំបន់នេះ គេអាចរកទិញបានក្នុងតម្លៃ ប្រមាណ ១០០ដុល្លារទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់ដែលជាប់ផ្លូវធំ និងចន្លោះប្រមាណ៣០ដុល្លារនៅតំបន់ដែលមិនជាប់ផ្លូវ » ។ លោកបញ្ជាក់ថា សម្រាប់អ្នកវិនិយោគ ដែលចង់ទៅវិនិយោគនៅតំបន់អរិយក្សត្រត្រូវគិតពីកញ្ចប់ថវិកាវិនិយោគរបស់ខ្លួន និងរយៈពេល ។ ក្នុងន័យនេះ លោកចង់សំដៅថា អ្នកវិនិយោគនោះនឹងប្រើរយៈពេលវែងឬខ្លី ពីព្រោះតំបន់នេះ ត្រូវការប្រើពេលវែងដើម្បីអភិវឌ្ឍន៍ ដោយសារតែត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាមុនសិន ទើបអាចអភិវឌ្ឍន៍វិស័យឯកជនតាមក្រោយ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ