ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ម្នាក់​ឃើញ​មិត្តភក្តិ​ស្រែក​ឱ្យ​ជួយ ក៏​លោត​ចុះ ស្រាប់តែ​ជួប​គ្រោះ​គួរ​ឱ្យ​សង្វេគ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សិស្ស​រៀន​នៅ​វិទ្យាល័យ ជួន ណាត ចំនួន​២​នាក់​បាន​លង់ទឹក​ទន្លេមេគង្គ​ស្លាប់​គួរ​ឱ្យ​សង្វេគ​ណាស់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​មនុស្ស​ម្នា​ជា​ច្រើន​នាំ​គ្នា​មក​រាវរក​សព កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សិស្ស​រៀន​នៅ​វិទ្យាល័យ ជួន ណាត ចំនួន​២​នាក់​បាន​លង់ទឹក​ទន្លេមេគង្គ​ស្លាប់​គួរ​ឱ្យ​សង្វេគ​ណាស់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​មនុស្ស​ម្នា​ជា​ច្រើន​នាំ​គ្នា​មក​រាវរក​សព កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ សីហា ២០១៩ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​កោះកំពង់ត្រុំ​ក្រោម ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ។

សេចក្តីរាយការណ៍​បន្ត​ថា សិស្ស​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ​លឹ​ម មក​រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​គ្រាម ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ៅ ធ្នូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​វិហារ ឃុំ​វិហារ​ធំ​។

បើ​តាម​លោក​វ៉ែន នាង មេឃុំ​កោះមិត្ត ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ មាន​សិស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពី​សាលារៀន​របស់​ខ្លួន​មក​លេង​ទឹក​នៅ​ត្រង់​ចំណុច​ខាងលើ ដោយ​មាន​ខ្លះ​ចុះ​មក​ងូតទឹក​លេង និង​ខ្លះ​ទៀត​នៅ​លើគោក ហើយ​ទឹកទន្លេ​ក៏​បាន​ឡើង​បណ្តើរ​ៗ​ក្នុង​រដូវវស្សា ហើយ​ក៏​មាន​កន្លែង​រាក់ និង​ជ្រៅ​ផង​ដែរ ។

លោក​មេឃុំ​កោះមិត្ត​ប្រាប់​បន្ត​ថា ក្នុង​គ្រានោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​លឹ​ម មក​រា បាន​ទៅ​លេង​ទឹក​នៅ​កន្លែង​ទឹក​រាក់ បន្ទាប់​មក​ស្រាប់តែ​ដើរទៅ​រក​កន្លែង​រាង​ជ្រៅ​បន្តិច​ក៏​ផុងជើង ហើយ​ក៏​ស្រែកហៅ​ឲ្យ​មិត្តភក្តិ​នៅ​លើគោក​ជួយ​។ ដោយ​ឃើញ​បែប​នេះ​ឈ្មោះ​ម៉ៅ ធ្នូ ក៏​បាន​ប្រញាប់ប្រញាល់រ​ត់លោត​មក​ចុះ​ជួយ ស្រាប់តែ​លិច​បាត់​ទាំង​២​នាក់​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​មើល​ហេតុការណ៍ និង​បាន​នាំ​គ្នា​ជួយ​ចុះ​រាវរក​ឃើញ​ស្លាប់​ទាំង​២​នាក់ ។

តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សព​របស់​សិស្ស​ទាំង​២​នាក់​នោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ។

យោង​តាម​ការ​បំភ្លឺ​របស់​សិស្ស​ជា​ច្រើន​នៅ​កន្លែង​កើតហេតុ​ថា នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣​សីហា ពួក​គេ​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ជិះ​ម៉ូតូ​មក​លេង​ឆ្នេរ​ខ្សាច់​នៅ​ភូមិ​កោះកំពង់ត្រុំ​ក្រោម ដោយ​មិត្ត​របស់​គេ​ឈ្មោះ មក​រា ងូតទឹក​លេង​ក៏​លង់ និង​ស្រែកហៅ​ឲ្យ​គេ​ជួយ ស្រាប់តែ​ឈ្មោះ​ធ្នូ ដែល​មិន​ចេះ​ហែល​ទឹក​ផង ក៏​ស្ទុះ​ទៅ​ជួយ​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។

ដោយ​មានការ​យល់ព្រម​ពី​លោក​ហួត វុ​ទ្ធី ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​នៅ​ម៉ោង​៥​និង​៥៣​នាទី​ល្ងាច​ថ្ងៃ​ដដែល សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ