ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​ផលិត​កុន​ខ្មែរ​មុនគេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ឆ្នាំ​១៩៥១ តាម​កិច្ចព្រមព្រៀង​ផ្ទេរអំណាច​ពី​អាណានិគម​បារាំង​មក ព្រះរាជាណាចក្រ​កម្ពុជា​មានការ​បង្កើត​ការិយាល័យ​ភាពយន្ត​ក្នុង​ក្រសួង​ឃោសនាការ ដែល​មាន​ភារកិច្ច​ពិនិត្យ​មើល​ភាពយន្ត​នាំ​ចូល​មក​ក្នុង​ប្រទេស​ដើម្បី​បញ្ចាំង​ឱ្យ​សាធារណជន​មើល ។ កុន​ដែល​ត្រូវ​បញ្ចាំង​នៅ​ពេល​នេះ​ភាគច្រើន​ជា​កុន​ដែល​នាំ​មក​ពី​ប្រទេស​បារាំង ។ នេះ​បើ​តាម​ឯកសារ​កំណើត​កុន​ខ្មែរ ហើយ​បន្ត​អត្ថាធិប្បាយ​ថា នៅ​ពាក់កណ្ដាល​ទស​វត្ស​១៩៥០​ចាប់ផ្ដើម​មាន​កុន​ឥណ្ឌា…

នៅ​ឆ្នាំ​១៩៥១ តាម​កិច្ចព្រមព្រៀង​ផ្ទេរអំណាច​ពី​អាណានិគម​បារាំង​មក ព្រះរាជាណាចក្រ​កម្ពុជា​មានការ​បង្កើត​ការិយាល័យ​ភាពយន្ត​ក្នុង​ក្រសួង​ឃោសនាការ ដែល​មាន​ភារកិច្ច​ពិនិត្យ​មើល​ភាពយន្ត​នាំ​ចូល​មក​ក្នុង​ប្រទេស​ដើម្បី​បញ្ចាំង​ឱ្យ​សាធារណជន​មើល ។ កុន​ដែល​ត្រូវ​បញ្ចាំង​នៅ​ពេល​នេះ​ភាគច្រើន​ជា​កុន​ដែល​នាំ​មក​ពី​ប្រទេស​បារាំង ។ នេះ​បើ​តាម​ឯកសារ​កំណើត​កុន​ខ្មែរ ហើយ​បន្ត​អត្ថាធិប្បាយ​ថា នៅ​ពាក់កណ្ដាល​ទស​វត្ស​១៩៥០​ចាប់ផ្ដើម​មាន​កុន​ឥណ្ឌា និង​សៀម​ចូល​មក​ស្រុក​ខ្មែរ ។ តាម​យោបល់​អ្នក​ធ្លាប់​រស់នៅ​សម័យ​នោះ​និយាយ​ថា កុន​ឥណ្ឌា​មាន​ប្រជាប្រិយភាព​ជាងគេ ដោយសារ​កុន​ឥណ្ឌា​ច្រើន​តែ​យក​រឿងព្រេង​មក​ថត មាន​ស្ដេច​មាន​ឥសី មាន​សិល្ប៍ មាន​មន្តអាគម មាន​របាំ មាន​ចម្រៀង​ជាដើម ដែល​ខ្មែរ​ជាន់​នោះ​ចូល​ចិត្ត​មើល​ណាស់ ។

ចាប់ពី​ទស​វត្ស​១៩៥០ ទៅ​យើង​អាច​និយាយ​ថា កុន​ខ្មែរ​មាន​មូលដ្ឋាន​ហើយ ពោល​គឺ​មានការ​ថតកុន​នៅ​ស្រុក​ខ្មែរ​ដោយ​ខ្មែរ​ខ្លួនឯង​។ ក្នុង​ប្រវត្តិ​កុន​ខ្មែរ​នេះ​មាន​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហ​នុ ជា​អ្នក​ថតកុន​ខ្មែរ​មុន​ដំបូង​គេ គឺ​ព្រះ​អង្គ​ចាប់ផ្ដើម​ថតកុន​ខ្លី​ៗ ដោយ​ប្រើ​ហ្វី​៊​ល​១៦​មិល្លីម៉ែត្រ តាំងពី​ចុង​ទស​វត្ស​១៩៤០​ម្ល៉េះ ។ ចាប់ពី​នោះ​មក​មាន​អ្នក​ថតកុន​ខ្មែរ​ដទៃ​ទៀត​កើតឡើង ។ ក្នុង​ចំណោម​នោះ​យើង​សង្កេត​​ឃើញ​ថា មាន​៣​ក្រុម​ដែល​មួយ​ក្រុម​បាន​ទៅ​រៀន​បច្ចេកទេស​ថតកុន​នៅ​ស្រុក​បារាំង​ដូច​ជា លោក​រឿ​ម សុ​ផុ​ន និង​លោក អៀវ បណ្ណាការ ជាដើម ។ លោក​រឿ​ម សុ​ផុ​ន បាន​ទៅ​រៀន​នៅ​សាលា​បារាំង​ហៅ​ថា Institut des Hautes Etudes Cinematographiques​។

ក្រោយ​ពី​លោក​រឿ​ម សុ​ផុ​ន បាន​បញ្ចប់​ការ​សិក្សា​នៅ​ដើម​ទស​វត្ស​១៩៥០ គាត់​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​នៅ​បម្រើ​ការ​ក្នុង​ព្រះ​បរមរាជវាំង ។ ពេល​នោះ​គាត់​ក៏​បាន​ចាប់ផ្ដើម​ថតកុន​មួយ​រឿង​ដោយ​ប្រើ​ហ្វី​៊​ល​១៦​មិល្លីម៉ែត្រ ។ ក្នុង​នោះ​បាន​យក​ទៅ​បញ្ចាំង​ក្នុង​រោង​តាម​ខេត្ត​មួយ​ចំនួន ។

ចំណែក​លោក​អៀវ បណ្ណាការ ពេល​នោះ​គាត់​ថតកុន​មួយ​ដែល​មាន​ចំណងជើង​ថា «​ឈាម​ខ្មែរ​» ដោយ​ប្រើ​ម៉ាស៊ីន​ថតកុន​របស់​ព្រះករុណា​សីហ​នុ​ផ្ទាល់ ហើយ​ថត​ជាស​-​ខ្មៅ ។ កុន​នេះ​និយាយ​អំពី​ជប៉ុន​មក​ស្រុក​ខ្មែរ​ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​២ ។

មាន​ម្នាក់​ទៀត​ឈ្មោះ​សោម សំ​អាល់ បាន​ទៅ​រៀន​នៅ​សាលា Institut des Hautes Etudes Cinematographiques នោះ​ដែរ ។ គាត់​បាន​ថតកុន​មួយ​មាន​ចំណងជើង​ថា «​ផ្កា​រីក ផ្កា​រោយ​» នៅ​ឆ្នាំ​១៩៦០ ។ សាច់​រឿង​របស់​កុន​នេះ​ដកស្រង់​ចេញពី​សៀវភៅ​រឿង​ប្រលោមលោក​ដែល​តែង​ដោយ​លោក​អៀង សាយ ។

នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​១៩៦០ កុន​នោះ​បើក​បញ្ចាំង​នៅ​រោងកា​ពី​តូ​ល​(Capitol) ។ ក្នុង​ឱកាស​នោះ​មាន​អ្នកកាសែត​ខ្លះ​និយាយ​ថា នេះ​ជា​កុន​ខ្មែរ​ពណ៌​ខ្នាត​ធំ​លើក​ទី​១ ហើយ​បែប​សម្ដែង​មិន​អន់​ជាង​កុន​បរទេស​ទេ ។ តែ​ក្នុង​ចំណោម​អ្នកកាសែត​នោះ មាន​ខ្លះ​គេ​មិន​សរសើរ​ណាស់ណា​ទេ ដូច​លោក​ទេព ឈី​វ​ខេ​ង (​បាន​ទៅ​រៀន​នៅ​សាលា​បារាំង​ដូច​ខាងលើ​នោះ​ដែរ​) គាត់​គ្រាន់តែ​និយាយ​ថា «​ខ្ញុំ​មិន​ថា​កុន​នេះ​អស្ចារ្យ​ទេ គ្រាន់តែ​គួរតែ​មើល​ប៉ុណ្ណោះ​» ។

លោក​សោម សំ​អាល់ បាន​ថតកុន​មួយទៀត​ដែល​មាន​ច​ណ​ង​ជើង​ថា «​ដាន​ព្រាន​ល្បះព្រិច​» ជា​រឿង​ស្នេហា​របស់​ទាហាន​ម្នាក់ ជាមួយ​កូនស្រី​ជនជាតិភាគតិច​នៅ​មណ្ឌលគិរី​។ ក្នុង​កុន​នោះ​យើង​ឃើញ​មាន​បង្ហាញ «​ការ​យកចិត្តទុកដាក់​ចំពោះ​ជនជាតិភាគតិច ដែល​ជា​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​របស់​សង្គមរាស្ត្រនិយម​»​។ ដូច្នេះ​ហើយ​មាន​អ្នកខ្លះ​និយាយ​ថា លោក​យក​កុន​ទៅ​បម្រើ​ការ​ឃោសនា​នយោ​បាយ ។

ក្នុង​ចំណោម​អ្នក​ថតកុន​ដែល​បាន​ទៅ​រៀន​បច្ចេកទេស​ថត ដូច​ជា​ការ​ដឹកនាំ​រឿង ការ​តែង​និពន្ធ​រឿង​ជាដើម នៅ​ឯ​បរទេស​នោះ ជា​ទូទៅ​ពួក​គេ​មាន​បំណង​ថតកុន​ខ្នាត​អន្តរជាតិ ។ កុន​បែប​នេះ​ពិបាកធ្វើ ពីព្រោះ​ត្រូវការ​ចំណេះ និង​ប្រាក់​ច្រើន ម្ល៉ោះហើយ​កុន​របស់​គេ​ដែល​មាន​ខ្នាត​របៀប​នោះ ពុំ​មាន​ច្រើន​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ