ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សិស្សស្រីម្នាក់ជិះម៉ូតូឡើងវ៉ារថយន្តដឹកដីផុត ប៉ុន្តែជ្រុលចង្កូតចូលពំនូកថ្ម កំពុងសាងសង់ផ្លូវដួលបោកចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលនោះត្រូវបានម្ចាស់រថយន្តចុះរត់គេចខ្លួនបាត់បន្សល់ទុកនៅតែរថយន្តប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
សេចក្តីរាយការណ៍បានបន្តថា ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យមនុស្សស្លាប់បានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែសីហានេះ រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវក្រាលគ្រួសក្រហម (ផ្លូវកំពុងស្ថាបនា) ក្នុងភូមិក្អែកទំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅភូមិសាស្ត្រស្រុកពួករវាងរថយន្តមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ TK. ០២៤៣ ចង្កូតស្ដាំ បើកបរដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ ដែលបើកបរស្របទិសគ្នាពីត្បូងទៅជើងបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្ដ១គ្រឿងនៅកន្លែងកើតហេតុ និងម៉ូតូម៉ាកហ៊ុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខសៀមរាប ១S.៩៩៦៥ បើកបរដោយឈ្មោះ សែ គិមឆាយ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងឫស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅស្របគ្នាពីត្បូងទៅជើង ហើយឡើងវ៉ារថយន្តផុត ប៉ុន្តែយកចង្កូតមកវិញមិនទាន់ក៏ជ្រុលឡើងពំនូកថ្ម កំពុងស្ថាបនាផ្លូវ បណ្តាលឱ្យដួលម៉ូតូ និងមនុស្សបោកចូលក្រោម រថយន្តស្លាប់ភ្លាមៗតែម្តង ។
លោកបានបញ្ជាក់ថា មូលហេតុមកពីអ្នកបើកម៉ូតូវ៉ាជែងរថយន្ដខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យខូចខាតម៉ូតូ១គ្រឿងស្រាល និងរថយន្ត១គ្រឿងស្រាល ក្រោយពេលកើតហេតុកម្លាំងផ្នែកនគរបាលជំនាញបានចុះធ្វើការវាស់វែងដល់កន្លែងកើតហេតុ ហើយយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសពត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ