ក្រោយកំព្រាបេះដូងជាង២ឆ្នាំ រិន សាវ៉េត ភ្ជាប់ពាក្យជាថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក រិន សាវ៉េត បានសម្រេចភ្ជាប់ពាក្យជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១៩ នេះ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក រិន សាវ៉េត បានសម្រេចភ្ជាប់ពាក្យជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១៩ នេះ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក រិន សាវ៉េត បានសម្រេចភ្ជាប់ពាក្យជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១៩ នេះ ជាមួយនារីក្រៅសិល្បៈមួយរូប ដែលមានឈ្មោះថា លឹម គីមហ្គេច បន្ទាប់ពីតារារូបលោកបានរស់នៅកំព្រាបេះដូងអស់រយៈពេលជាង២ឆ្នាំ ក្រោយភរិយាបានទទួលមរណភាពចោល ។
ពិធីភ្ជាប់ពាក្យរបស់តារាចម្រៀង បានធ្វើឡើងដោយមានការចូលរួមពីចាស់ទុំុទាំងសងខាង និងមិត្តភក្តិរបស់លោក រិន សាវ៉េត ទាំងក្នុង និងក្រៅសិល្បៈជាច្រើនរូប ក្នុងពេលដែលមានប្រិយមិត្តគាំទ្ររបស់លោកជាច្រើន បានសម្តែងការអបអរសាទរ និងជូនពរជូនដល់រូបលោកនិងភរិយាផងដែរ។
យ៉ាងណាក៏ដោយ បើទោះបីជាការរៀបចំពិធីភ្ជាប់ពាក្យរបស់លោក រិន សាវ៉េត បានលេចចេញជាផ្លូវការនាពេលនេះក៏ដោយ ប៉ុន្តែគេនៅមិនទាន់ដឹងទេថា ពិធីមង្គលការដ៏ពិតប្រាកដរបស់លោកនឹងធ្វើឡើងនៅពេលវេលាជាក់លាក់ណាមួយនៅឡើយ ខណៈពេលលោកធ្លាប់អះអាងថា លោកទុកពេលរកប្រាក់ឲ្យបានច្រើនមុនរៀបចំពិធីមង្គលការ ។
ជាការកត់សម្គាល់ បន្ទាប់ពីទ្រាំរស់នៅជាបុរសពោះម៉ាយ ក្រោយភរិយាបានទទួលមរណភាពជាង២ឆ្នាំមកនេះ តារាចម្រៀងលោក រិន សាវេត បានបង្ហាញមុខគូស្នេហ៍ថ្មីជាមួយនឹងការគ្រោងចាប់ដៃនារីម្នាក់នោះចូលរោងជ័យនៅឆ្នាំក្រោយផងដែរ។
ពាក់ព័ន្ធបញ្ហានេះ តារាចម្រៀងរបស់ផលិតកម្មហង្សមាសលោក រិន សាវេត ធ្លាប់បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចថា លោកបានចាប់ផ្តើមទាក់ទងជាមួយអនាគតភរិយាប្រមាណជាកន្លះឆ្នាំនេះប៉ុណ្ណោះ ក្រោមការជួយណែនាំពីមិត្តភក្តិរបស់លោក ខណៈពេលដែលនារីរូបនេះក៏បានយល់ចិត្តគ្នាច្រើនជាមួយលោកផងដែរ។
លោកនិយាយថា «ខ្ញុំបានស្គាល់គាត់ តាមរយៈមិត្តភក្តិដែលមានផ្ទះនៅជិតគាត់ ហើយការស្គាល់គ្នាបានប្រហែលជាកន្លះឆ្នាំដែរទេ ហើយគាត់យល់ចិត្តខ្ញុំ ហើយមានចិត្តស្រឡាញ់កូនខ្ញុំដែរ ទើបខ្ញុំស្រឡាញ់គាត់វិញដែរទៅ» ។ លោកបន្ថែមថា នារីដែលលោកនឹងយកធ្វើជាភរិយានាពេលនេះ គឺមានវ័យប្រមាណជាជាង៣០ឆ្នាំ ជាអ្នកនៅភ្នំពេញ និងមិនមែនជាអ្នកសិល្បៈនោះឡើយ ពោលគឺជាអ្នករកស៊ីជាលក្ខណះក្រុមគ្រួសារ។
បើតាមលោក រិន សាវេត ទោះបីជាពួកលោកបានស្វែងរកចិត្តថ្លើមគ្នាហើយក៏ដោយ ប៉ុន្តែលោកនៅមិនទាន់មានគម្រោងចូលរោងការនាពេលឆាប់ៗនេះឡើយ ពោលគឺលោកអាចនឹងធ្វើនៅឆ្នាំក្រោយ ព្រោះត្រូវសន្សំលុយកាក់ទុកឲ្យបានច្រើនបន្តិច ។
គួរបញ្ជាក់ថា តារាចម្រៀងលោក រិន សាវេត បានក្លាយជាបុរសពោះម៉ាយ បន្ទាប់ពីភរិយារបស់លោកបានទទួលមរណភាពដោយជំងឺដ៏កាចសាហាវ បន្សល់ទុកនូវកូនប្រុសម្នាក់ជាចំណងដៃ។ បើទោះបីជាទទួលការក្រៀមក្រំចិត្ត និងស្ទើរបាក់ទឹកចិត្តចំពោះមរណភាពភរិយាជាទីស្រឡាញ់ក៏ដោយ ប៉ុន្តែតារាចម្រៀងរូបនេះ បានតស៊ូប្រឹងប្រែងរកស៊ីចិញ្ចឹមកូនប្រុសរហូតមកដល់ពេលនេះ។
សម្រាប់ការងារសិល្បៈ បើទោះជាស្ងប់ស្ងាត់ចេញបទចម្រៀងថ្មីៗបន្ថែមនៅក្នុងផលិតកម្មហង្សមាសក៏ពិតមែន ប៉ុន្តែលោក រិន សាវ៉េត ត្រូបានគេផ្តល់ឱកាសឲ្យចូលច្រៀងនៅតាមពិធីមង្គលការជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ។ ម្យ៉ាងទៀតតារាចម្រៀងរូបនេះ ក៏ត្រូវបានគេដឹងថា បានចូលហ៊ុនរកស៊ីរួមគ្នាជាមួយអ្នកសិល្បះដូចគ្នា ក្នុងគម្រោងពុះដីឡូតិ៍លក់ផងដែរ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ