ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩​ក្រសួង​ការងារ​ចុះបញ្ជី​សហជីព​ជាង​៥​ពាន់​សហជីព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ នេះ​អង្គការ​វិជ្ជាជីវៈ (​សហជីព ) ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន​៥០៤៥ ក្នុង​នោះ​សហជីព​មូល…

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ នេះ​អង្គការ​វិជ្ជាជីវៈ (​សហជីព ) ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន​៥០៤៥ ក្នុង​នោះ​សហជីព​មូល ដ្ឋា​ន​មាន​ចំនួន ៤៨១១ សហព័ន្ធ សហជីព​មាន​ចំនួន​១៩៥ សហភាព​សហជីព​មាន​ចំនួន​២៩ សមាគម​និយោជក​មាន​ចំនួន​១០ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ ។

លោក​ម៉​ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់​ជាតិ​លើក​ទី​២ លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហជីព នា​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សាន់​វេ​ថា ការ​ចុះ​ទទួលស្គាល់​សហជីព​នេះ​បាន​ធ្វើ​ចំនួន​វិវាទ​ការងារ​រួម និង​កូដកម្ម​-​បាតុកម្ម​ក៏​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ដែល​បណ្តាល​មក​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព និង​ការ​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​កាន់តែ​ល្អ​ប្រសើរ ។

លោក​បន្ត​ថា ទន្ទឹម​នឹង​វឌ្ឍនភាព​ទាំងនេះ​ក៏​នៅ​មាន​សហជីព និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​មិន​ទាន់​មានការ​យល់​ដឹង​ច្បាស់​អំពី​ខ្លឹមសារ​នៃ​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តី​ពី​សហជីព​ដោយ​បាន​បន្ត​លើក​ឡើង​អំពី​កង្វល់​មួយ​ចំនួន​ក្នុង​ការ​ចុះបញ្ជី​សហជីព និង​ការ​ស្នើ​សុំ​បញ្ជាក់​ភាព​ជា​តំណាង​បំផុត​របស់​សហជីព ។ លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​កង្វល់​នានា​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​ដែល​ជា​បទ​ប្បញ្ញត្តិ​ច្បាប់​ថ្មី បើ​ប្រៀបធៀប​ជាមួយ​ច្បាប់​ស្តី​ពី​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​បាន​រៀបចំ​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស និង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​ធ្វើការ​វាយតម្លៃ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​ជា​បន្តបន្ទាប់ ជាមួយ​តំណាង​កម្មករនិយោជិត សហជីព និយោជក និង​សមាគម​និយោជក ដោយ​សហការ ជាមួយ​អង្គការ ILO និង​បាន​ដាក់​ចេញ​ជា​សេចក្តីណែនាំ​នានា​អម​ជាមួយនឹង​វគ្គប​ណ្តុះ បណ្តាល​ផ្សេង​ៗ ដើម្បី​បំភ្លឺ​ការ​អនុវត្ត​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់​ស្តី​ពី​សហជីព ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ការងារ និង​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​នេះ​ឱ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​រដ្ឋលេខាធិការ​បញ្ជាក់​បន្ថែម​ថា ៖«​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​នេះ គឺជា​សេចក្តី​ព្រាង​ដែល​ត្រូវ​បាន​ធ្វើការ​កែសម្រួល​ដោយ​ក្រុមការងារ​បច្ចេកទេស​ច្បាប់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ទាប់​ពី​បាន​ទទួល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​សិក្ខាសាលា​ត្រីភាគី​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ និង​មតិយោបល់​មួយ​ចំនួន​ទៀត​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ផ្ញើ​មក​ក្រសួង​តាម​រយៈ​លិខិតផ្លូវការ​ជា​លាយលក្ខណ៍អក្សរ​កន្លង​មក​» ។ លោក​បន្ថែម​ថា ទាំងនេះ​គឺជា​លទ្ធផល​ដែល​កើត​ចេញពី​ធាតុ​ចូល​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ផ្តល់​មក​ក្រសួង ដើម្បី​ជា​មូលដ្ឋាន​ឱ្យ​ក្រសួង​យក​មក​ពិនិត្យ​ពិចារណា ថ្លឹងថ្លែង និង​ផ្ទៀត​ផ្ទាត់​គ្រប់​ជ្រុងជ្រោយ​កែសម្រួល​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​នេះ​សម្រាប់​ដាក់​ជូន​សិក្ខាកាម​ទាំងអស់​បាន​ពិនិត្យ​បន្ថែម​នា​ពេល​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ