ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់បែក​យ៉ាងតិច​6​គ្រាប់​ផ្ទុះ ​នៅ​ក្រុង​បាងកក​ ពេល​ប្រជុំ​អាស៊ាន

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បើតាមអាជ្ញាធរ​បាន​​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​៣​នាក់​រង​របួសស្រាល ក្នុង​នោះ​មាន​នារី​២​នាក់ ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​តូច​ៗ​យ៉ាងតិច​៦​គ្រាប់ នៅ​កន្លែង​ផ្សេង​ៗ​គ្នា​ នា​ថ្ងៃ​ទី​២ ខែ​​សីហា​ ឆ្នាំ​២០១៩…

ប្រទេស​ថៃ ៖ បើតាមអាជ្ញាធរ​បាន​​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​៣​នាក់​រង​របួសស្រាល ក្នុង​នោះ​មាន​នារី​២​នាក់ ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​តូច​ៗ​យ៉ាងតិច​៦​គ្រាប់ នៅ​កន្លែង​ផ្សេង​ៗ​គ្នា​ នា​ថ្ងៃ​ទី​២ ខែ​​សីហា​ ឆ្នាំ​២០១៩ នៅ​ក្រុង​បាងកក ស្វាគមន៍​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ទេស​អាស៊ាន ដោយ​មាន​វត្តមាន​របស់​សម​ភាគី​អា​មេ​រិ​ក រុស្ស៊ី ​និង​ចិន​។

អា​ជ្ជា​ធ​រ​​ត្រូវ​បាន​អះអាង​បន្ត​ថា ​សម្រាប់​ពេល​នេះ មានការ​ផ្ទុះ​៦គ្រាប់​ ហើយ​មនុស្ស​៣​នាក់​រង​របួសស្រាល ក្នុង​​ការ​ផ្ទុះ​គ្រាប់បែក​តូ​ច​ៗ​ទាំងនេះ​ហៅ​គ្រាប់បែក​ពីង​ប៉ុង​។ ហើយ​មូលហេតុ​នៃ​ការ​វាយប្រហារ​នៅ​ពុំ​ទាន់​ដឹង​​នៅឡើយ​ទេនា​ពេល​នេះ​។ អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ចៀសវាង​កុំ​បំ​ផ្លោង​ពាក្យ​ចចាមអារ៉ាម​នានា​។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា ​ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​លោក​ពី​ការ​ផ្ទុះ​គ្រាប់បែក​ទាំងនេះ ហើយ​បាន​ចេញ​បញ្ជា​ឲ្យ​មានការ​ស៊ើប​អង្កេត​បន្ទាន់​មួយ​។ នេះ​ជា​ការ​ការ​អះអាង​របស់​អ្នកនាំពាក្យ​រដ្ឋា​ភិបាល​​ថៃ លោក ​NARUMON PINYOSINWAT​។ លោក​បន្ត​ថា​ បណ្ដា​វិធានការ​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​។ ការ​ផ្ទុះ​៣​កើត​មាននៅ​កណ្ដាល​ក្រុង​ជិត​អគារ​ខ្ពស់កប់ពពក ​MAHANAKORN ជា​របស់​ក្រុម​ហ៊ុន ​KING POWER​ ម្ចាស់​ក្លិប​បាល់ទាត់​អង់គ្លេស LEICESTER CITY​។ ការ​ផ្ទុះ​៣​ទៀត​គឺ​នៅ​តំបន់​ជុំវិញ​ប្លុក​អគារ​រដ្ឋាភិបាល​។

ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក ​PRAWIT WONGSUWON ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​នៅ​ពុំ​ទាន់​​ដឹង​នៅឡើយ​ថា តើ​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម​ក្នុង​ការ​វាយប្រហារ​ទាំងនេះ ​តែ​វា​អាច​ក្នុង​គោលបំណង​សាប​ព្រោះ​ភាព​ច្របូកច្របល់​។ ការ​វាយប្រហារ​ទាំងនោះ​កើត​មាន​តែ​ប៉ុន្មាន​នាទី មុន​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​​រិ​ក លោក ​MIKE POMPEO​ បាន​ថ្លែង​សុន្ទរកថា​មួយ​ប៉ុនប៉ង​ទប់ស្កាត់​ឥទ្ធិពល​ចិន​ក្នុង​តំបន់​។ វា​ក៏​កើត​មាន​ដែរ ​ក្នុង​ពេល​មាន​ភាព​តានតឹង​នយោបាយ​នៅ​ថៃ ប៉ុន្មាន​ស​ប្ដា​ហ៍​ បន្ទាប់​ពី​ប្រមុខ​របប​យោធា ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ស៊ី​វិល​មួយ​។ បណ្ដា​អ្នកឯកទេស​ខាង​ដោះ​មីន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ច្រកចូល​នានា​នៃ​អគារ​ខ្ពស់កប់ពពក ​MAHANAKORN​។ ប្រភព​នានា​រៀបរាប់​ពី​ការ​រក​ឃើញ​គ្រាប់បែក​ច្រើន​គ្រាប់​ទៀត​ក្នុង​រាជធានី​ថៃ​។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០០៩ ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ដែល​ត្រូវធ្វើ​នៅ​ក្រុង​បាងកក​ត្រូវ​បាន​​លុប​ចោល ក្រោយ​ការ​លុកលុយ​របស់​បាតុករ​ដ៏​ច្រើន នៃ​ចលនា​អាវ​ក្រហម​ថៃ​ក្នុង​សណ្ឋាគារ​ជា​កន្លែង​ប្រជុំ​នៅ​ប៉ា​តា​យ៉ា​។ កាលនោះមេ​ដឹក​មួយ​ចំនួន​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​ថៃ​ចេញ​ពី​ដំបូល​សណ្ឋាគារ ចំណែក​មេដឹកនាំ​ឯទៀត​ៗ​ត្រូវ​បង្ខំចិត្ត​រត់គេច​ចេញ​តាម​នាវា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ