ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិត ត្រចៀកកាំ​ជាសត្វ​ដែលមាន​សំណាង​…ផ្ទះធំៗបែបនេះទើបវានៅ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សព្វ​ថ្ងៃនេះ ​គេ​សង្កេត​ឃើញ​មុខរបរ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​សម្បុក​ទឹកមាត់ ហាក់បីដូចជា​រីក​ច្រើន​គួរសម​នៅ​តាម​បណ្ដា​ស្រុក​ឬ​ក្រុង​មួយ​ចំនួន​ក្នុង​ខេត្ត ព្រោះ​មាន​ទីផ្សារ​ល្អ ទោះ​មាន​សម្បុក​ប៉ុន្មាន​ក៏​លក់អស់​ដែរ ។ ដោយឡែក​ មាន​អ្នក​ប្រកប​មុខរបរ​ចិញ្ចឹម​ច្រើន​គួរសម​ដែរ…

ខេត្តតាកែវ ៖ សព្វ​ថ្ងៃនេះ ​គេ​សង្កេត​ឃើញ​មុខរបរ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​សម្បុក​ទឹកមាត់ ហាក់បីដូចជា​រីក​ច្រើន​គួរសម​នៅ​តាម​បណ្ដា​ស្រុក​ឬ​ក្រុង​មួយ​ចំនួន​ក្នុង​ខេត្ត ព្រោះ​មាន​ទីផ្សារ​ល្អ ទោះ​មាន​សម្បុក​ប៉ុន្មាន​ក៏​លក់អស់​ដែរ ។ ដោយឡែក​ មាន​អ្នក​ប្រកប​មុខរបរ​ចិញ្ចឹម​ច្រើន​គួរសម​ដែរ ទាំង​នៅ​ក្នុង​ទីប្រជុំជន និង​តាម​ទីវាល​មាត់បឹង​ជាដើម ។

គួរ​រំលឹក​ថា​៖ មិនធម្មតា​…! សត្វ​ត្រចៀកកាំ​អ្នក​ខ្សត់​ជីវភាព ចង់​ចិញ្ចឹម​វា​លក់ គឺ​មិន​អាច ឡើយ​ដោយសារ​ត្រូវ​សង់​អគារ​សម្រាប់​ឱ្យ​វា​រស់នៅ​យ៉ាង​ស្ងៀមស្ងាត់ និង​មាន​សុវត្ថិភាព​ដោយ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ។

បើ​យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ព្រំប្រទល់​ស្រុក​ទ្រាំង ទៅ​ស្រុក​គី​រី​វង់ រហូត​ភ្នំ​ដិ​ន យើង​ក្រឡេក​ឃើញ​មាន​សំណង់​សម្រាប់​ចិញ្ចឹមសត្វ​ត្រចៀកកាំ​សាងសង់​ថ្មី​ប្រមាណ​ជា​៤​កន្លែង ហើយ​២​កន្លែង​ទៀត​នៅ​ខាងត្បូង​ផ្សារ​ទន្លាប់ និង​ខាងកើត​ផ្សារ​ទន្លាប់ ជាទី​តាំង​ចាស់​ដែល​គេ​បាន​ចិញ្ចឹម​ត្រចៀកកាំ​មក​យូរហើយ ។ ដោយឡែក​ នៅ​ក្នុង​ក្រុង​ដូន​កែវ​វិញ សំណង់​ចិញ្ចឹម​ត្រចៀកកាំ​បាន​និង​កំពុង​តែ​សាងសង់​ថ្មី​ៗ​ជា​ច្រើន​កន្លែង​ផង​ដែរ ។

លោក ចេ​វ នេ​ត បាន​ប្រាប់​កោះសន្តិភាព​យើង​ឱ្យ​ដឹង​ថា គាត់​បាន​បែកគំនិត​មក​សាងសង់​កន្លែង​ចិញ្ចឹម​ត្រចៀកកាំ​នៅ​លើ​ដី​របស់​គាត់​ពី​ខាងក្រោយ​ក្នុងភូមិ​ប្រ​ហ៊ូ​ត​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ បន្ទាប់​ពី​លក់​ដី​បាន ។ សំណង់​ចិញ្ចឹម​ត្រចៀកកាំ​នេះ​គាត់​បាន​ចាប់ផ្តើម​សាងសង់​ចាប់​តាំង​ខែកុម្ភៈ ឆ្នាំ​២០១៩​មក ដោយ​មាន​កម្ពស់​៤​ជាន់​នៅ​សល់​ប្រមាណ​ជាង​២​ខែ​ទៀត ទើប​រួចរាល់ ។ គាត់​ថា ចំពោះ​តម្លៃ​សំណង់​ទាំងអស់​ត្រូវ​ចំណាយ​ជាង​១០​មុ​ឺ​ន​ដុល្លារ ។

លោក ចេ​វ នេ​ត បាន​បន្ត​ទៀត​ថា នៅ​ពេល​នេះ​យើង​ពិបាក​បន្តិច ព្រោះតែ​អ្នកមាន​លុយ​គេ​សម្លឹង​ឃើញ​ថា ទឹកមាត់​ត្រចៀកកាំ​មាន​តម្លៃ​ថ្លៃ​មាន​ទីផ្សារ​ល្អ​នោះ គេ​បាន​សាងសង់​សំណង់​សម្រាប់​ចិញ្ចឹម​ត្រចៀកកាំ​ជា​ច្រើន​កន្លែង ទីតាំង​ទី​១​នៅ​ពី​ខាងក្រោយ​ផ្ទះ​លោក គង់ សំ​អូន ដែល​គេ​ចិញ្ចឹម​យូរ​មក​ហើយ ។ ចំណែក​នៅ​ខាងជើង​វត្ត​ឈើទាល​និង​នៅ​ខាងកើត​ផ្ទះ​របស់​គាត់​មួយ​កន្លែង​ទៀត នៅ​ខាងត្បូង​វត្ត​តុំ​មួយ​កន្លែង និង​នៅ​ខាងកើត​ភូមិ​ចាម​មួយ​កន្លែង សរុប​ទៅ​៦​កន្លែង​ទើប​សាងសង់​រួចរាល់​បាន​កន្លែង រួម​ជាមួយ​កន្លែង​ចាស់​២​ទៀត​សរុប​៦​កន្លែង ។

មូលហេតុ​ ដែល​គាត់​បែកគំនិត​ចិញ្ចឹម​ត្រចៀកកាំ​ដោយ​ហា​៊​ន​ចំណាយ​ដើមទុន​ធ្វើ​កន្លែង​ឱ្យ​វា​រស់នៅ​អស់​រាប់​មុ​ឺ​ន​ដុល្លារ​បែប​នេះ ដោយសារ​សំបុក​របស់​វា​ដែល​កើត​ចេញពី​ទឹកមាត់ លក់​ទៅ​បាន​តម្លៃ​ខ្ពស់ និង​មាន​ខាង​ក្រុមហ៊ុន​គេ​មក​ទទួល​ទិញ​ដល់​កន្លែង​តែ​ម្តង មាន​ប៉ុន្មាន​ក៏​គេ​ទិញ​ដែរ ។ លោក​ថា តែ​វា​ពិបាក​បន្តិច ព្រោះ​យើង​ទើបនឹង​ធ្វើ​មិនដឹង​ឆ្នាំ​ណា​ទទួល​បាន​ផល​មក​វិញ​ទេ​ណាមួយ​មាន​ច្រើន​កន្លែង​ទៀត​ហើយ​នៅ​ខាងជើង​ផ្សារ​ស្វាយព្រៃ ស្រុក​សំរោង មាន​មួយ​កន្លែង​ទៀត ។

កោះសន្តិភាព​មិន​អាច​ទាក់ទង​សួរនាំ​ពី​លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​បាន​ទេ ។ តែ​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បានឱ្យ​ដឹង​ថា កន្លែង​ចិញ្ចឹម​ត្រចៀកកាំ​មាន​តែ​នៅ​ស្រុក​គី​រី​វង់​៦​កន្លែង ក្រុង​ដូន​កែវ​៦​កន្លែង និង​ស្រុក​សំរោង​១​កន្លែង សរុប​១៣​កន្លែង ហើយ​ថ្ងៃ​ខាង​មុខ​ទៀត​មុខរបរ​ចិញ្ចឹម​ត្រចៀក​កាំ​នឹង​កើត​មាន​ជា​បន្តបន្ទាប់​ទៀត ព្រោះ​ជា​មុខរបរ​បាន​ចំណូល​ច្រើន ដោយសារ​តែ​មាន​ទីផ្សារ​ល្អ ទោះបី​មាន​ប៉ុន្មាន​ក៏​អត់​សល់​ដែរ ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ