ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំណាក់​ហ្លួង​ដ៏​កម្សត់​អើយ​…​ខណៈ​បោះបង់​គ្នា​ចោល​អស់​12​ឆ្នាំ​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សាលា​បឋម​សិក្សា​ដែល​ជា​ថ្នាល​បណ្ដុះ​ចំណេះដឹង​ដ៏​សំខាន់​មួយ​កន្លែង ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង កំពុង​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ស្មៅ​និង​ព្រៃ ដុះ​ទ្រុប​ទ្រុល​យ៉ាង​កម្សត់​បំផុត ស្ទើរ​មើល​មិនឃើញ បន្ទាប់​ពី​ត្រូវ​បោះបង់​ទីតាំង​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​គ្មាន​ការ​អើពើ​អាឡោះ អា…

ខេត្តបាត់ដំបង ៖ សាលា​បឋម​សិក្សា​ដែល​ជា​ថ្នាល​បណ្ដុះ​ចំណេះដឹង​ដ៏​សំខាន់​មួយ​កន្លែង ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង កំពុង​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ស្មៅ​និង​ព្រៃ ដុះ​ទ្រុប​ទ្រុល​យ៉ាង​កម្សត់​បំផុត ស្ទើរ​មើល​មិនឃើញ បន្ទាប់​ពី​ត្រូវ​បោះបង់​ទីតាំង​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​គ្មាន​ការ​អើពើ​អាឡោះ អា ល័យ​បន្តិច​សោះ រហូត​មាន​ពាក្យ​ច​ចាម​អារ៉ាម​ត​ៗ​គ្នា​ថា ថ្នាល​បណ្ដុះ​ធនធានមនុស្ស​ដ៏​ឯកោ​មួយ​នេះ ត្រូវ​បាន​គេ​លក់​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​ដំណឹង​នេះ​ ត្រូវ​បាន​បដិសេធ​ដោយ​លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​នា​ប៉ុន្មាន​ខែ​មុន​នេះ ។

សាលា​បឋម​សិក្សា​ដំណាក់​ហ្លួង ដ៏​កម្សត់់​កប់​បាត់​ក្នុង​ព្រៃ​មួយ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។ ថ្នាល​បណ្ដុះ​ចំណេះដឹង​មួយ​នេះ មាន​អគារ​តែ​១​ខ្នង​ប៉ុណ្ណោះ ដែល​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង មាន​បន្ទប់​សិក្សា​ចំនួន​៥ និង​សង់​លើ​ផ្ទៃដី​ទំហំ​ប្រហែល​កន្លះ​ហិ​កតា ដែល​សព្វថ្ងៃ​អគារ​នេះ​ទ្រុឌទ្រោម និង​ធ្លុះធ្លាយ​ដំបូល​មើលឃើញ​មេឃ ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ឬ​ពលរដ្ឋ​ដែល​ធ្លាប់​មានកូន​សិក្សា​នៅ​សាលា​នេះ បាន​និយាយ​ថា សាលា​បឋម​សិក្សា​ដំណាក់​ហ្លួង មាន​ប្រវត្តិ​ផ្ដល់​ចំណេះដឹង​ដល់​សិស្សា នុសិស្ស​រាប់​ពាន់​នាក់ និង​មាន​អាយុកាល​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ ។ សិស្សានុសិស្ស​ដែល​ចូល​រៀន​នៅ​បឋម​​សិក្សា​ដ៏​ជរា​មួយ​នេះ ភាគច្រើន​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ​តែ​ម្ដង។

អ្នក​ភូមិ​បាន​និយាយ​ថា កាលពី​ជាង​១០​ឆ្នាំ​មុន សិស្ស​រៀន​សុខ​ៗ​ស្រាប់តែ​សាលា​នេះ​បាន​បិទទ្វារ ជា​សន្សឹម​ៗ​រហូត​ប្រកាស​បិទ​ទាំងស្រុង​តែ​ម្ដង ។ គិត​ត្រឹម​ពេល​នេះ សាលា​នេះ​បាន​បិទទ្វារ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ គ្មាន​នរណា​ដឹង​អំពី​មូលហេតុ​ជាក់លាក់​ទេ​។ អ្នក​ភូមិ​ដដែល​បាន​និយាយ​ទៀត​ថា ការ​បិទទ្វារ​ដែល​គេ​មិន​បានដឹង​មូលហេតុ និង​ដោយសារ​តែ​គ្មាន​អាជ្ញាធរ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​អើពើ ធ្វើ​ឲ្យ​ស្មៅ​និង​ព្រៃ​ដុះ​លប់​អគារ​ជិត​ង​ងិ​ត​ឈឹង​ស្ទើរ​មើលឃើញ​ព្រាល​ៗ​បែប​នេះ ទើប​មាន​ពាក្យ​ច​ចាម​អារាម​ជា​ហូរហែ​រថា «​ថ្នាល​បណ្ដុះ​ចំណេះដឹង​» មួយ​នេះ​ទំនង​ត្រូវ​គេ​នាំ​គ្នា​លក់ដូរ​បាត់​ទៅ​ហើយ​…​។

ពាក់ព័ន្ធ​នឹង​ការ​បិទទ្វារ និង​ការ​បោះបង់​សាលា​បឋម​សិក្សា​«​ដំណាក់​ហ្លួង​» ទុក​ឲ្យ​ព្រៃ​ឡោម​ព័ន្ធ​យ៉ាង​ឯកោ​នៅ​ចំ​កណ្ដាល​ក្រុង​នេះ អតីត​គ្រូបង្រៀន​នៅ​បឋម​សិក្សា​នេះ​មួយ​រូប ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បាន​ប្រាប់​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា កន្លង​ទៅ​នេះ​ថា សាលា​បឋម​សិក្សា​«​ដំណាក់​ហ្លួង​» នេះ​ មាន​បន្ទប់​សិក្សា​ចំនួន​៥ តែ​មាន​សិស្ស​រៀន​រហូត​ដល់​ថ្នាក់​ទី​៦ និង​មាន​លោកគ្រូ អ្នកគ្រូ​បង្រៀន​សរុប​ចំនួន​៦​នាក់ ។ គាត់​និយាយ​ថា សាលា​នេះ​បាន​បិទទ្វារ​ទាំងស្រុង នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៧ ។ មូលហេតុ​ចម្បង​នៃ​ការ​បិទទ្វារ​នេះ គឺ​ដោយសារ​តែ​ការ​បង្រៀន​មិន​ទៀងទាត់​របស់​លោកគ្រូ អ្នកគ្រូ ដែល​នាំ​ឲ្យ​សិស្ស​មក​រៀន​កាន់តែ​ថយ​ចុះ​ទៅ​ៗ រហូត​សាលា​ត្រូវ​បិទទ្វារ​តែ​ម្ដង ។

អតីត​គ្រូបង្រៀន​រូប​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​អតីត​គ្រូបង្រៀន​នៅ​បឋម​សិក្សា​នេះ​ខ្លះ បាន​ឈប់​សម្រាក រីឯ​ខ្លះ​ទៀត​កំពុង​បន្ត​បង្រៀន​នៅ​តាម​សាលា​ដទៃ​ទៀត​នៅឡើយ ដោយ​បោះបង់​សាលា​«​ដំណាក់​ហ្លួង​» ចោល​នៅ​ក្នុង​ព្រៃ​យ៉ាង​កម្សត់់ ។ នៅ​ពេល​សួរ​ថា កន្លង​មកនេះ​មាន​ពាក្យ​ចាម​អារាម​និយាយ​ត​ៗ​គ្នា​ថា ដី​សាលា​ដំណាក់​ហ្លួង​នេះ ត្រូវ​បាន​គេ​លក់​អស់ហើយ តើ​រឿង​នេះ​ពិត​ឬទេ ? អតីត​គ្រូ​ប្រចាំ​សាលា​ដំណាក់​ហ្លួង​រូប​នេះ ហាក់​រារែក​បន្តិច​ក្នុង​ការ​ផ្ដល់​ចម្លើយ ។

ប៉ុន្តែ​យ៉ាងណា​គាត់​បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ធ្លាប់​ឮ​ពាក្យ​ច​ចាម​អារាម​នេះ​ដែរ តែ​សម្រាប់​ខ្ញុំ​…​ខ្ញុំ​មិន​បានដឹង​រឿង​នេះ​ទេ ។ ព្រោះ​តាំងពី​សាលា​នេះ​បិទទ្វារ ខ្ញុំ​មិន​ដែល​សួរនាំ​ឬ​ដឹង​រឿង​អំពី​សាលា​នេះ​សោះ​…! ហើយ​ខ្ញុំ​ក៏​មិន​ដែល​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​ឬ​ថ្នាក់ដឹកនាំ​ណា ចុះ​ត្រួតពិនិត្យ​ឬ​សួរនាំ អតីត​គ្រូបង្រៀន​នៅ​សាលា​កម្សត់​មួយ​នេះ​ដែរ រហូត​ដល់​ថ្ងៃនេះ តែបើ​មានការ​លក់ដូរ​ដី​សាលា​នេះ​មែន ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ណាស់​» ។

ជុំវិញ​ករណី​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា ខេត្ត លោក យី សុង​គី បាន​ចេញ​មុខ​បំភ្លឺ ដើម្បី​បញ្ចប់​ភាព​មន្ទិល​សង្ស័យ​ទាំងនេះ ពាក់ព័ន្ធ​នឹង​ការ​បោះបង់​សាលា​និង​ការ​លក់ដូរ​ដី​សាលា តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​មួយ​តាម​ទូរស័ព្ទ​ជាមួយ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០១ សីហា​នេះ​ថា «​តាម​ពិត​មិន​មានការ​លក់ដូរ​ដី​សាលា​បឋម​សិក្សា​ដំណាក់​ហ្លួង​ខាងលើ​នេះ​ទេ ហើយ​ខាង​មន្ទីរ​អប់រំ ក៏​មិន​បាន​បោះបង់​សាលា​នេះ​ដែរ​» ។

ពាក់ព័ន្ធ​នឹង​ការ​បិទទ្វារ​សាលា​វិញ លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់​អំពី​មូលហេតុ យ៉ាង​ដូច្នេះ​ថា «​សាលា​បឋម​សិក្សា​ដំណាក់​ហ្លួង​នេះ បាន​បិទទ្វារ​ដោយសារ​តែ​អស់​សិស្ស​រៀន ឬ​សិស្ស​តិច​ពេក​មិន​តុល្យភាព​នឹង​គ្រូ បង្រៀន ។ ពេល​នោះ​យើង​ក៏​សម្រេច​បញ្ជូន​សិស្ស​ដែល​សេសសល់​ឲ្យ​ទៅ​រៀន​នៅ​សាលា​ផ្សេង រហូត​មក​ដល់​ពេល​នេះ សាលា​នេះ​បាន​បិទទ្វារ​ចំនួន​១២​ឆ្នាំ​ហើយ​» ។

លោក​យី សុង​គី បាន​បញ្ជាក់​ថា បន្ទាប់​ពី​បឋម​សិក្សា​នេះ​ត្រូវ​បាន​បិទទ្វារ ក្រោយមក​យើង​បាន​រៀបចំ​គម្រោង​សាងសង់​អគារ «​មជ្ឈមណ្ឌល​យុវជន​ខេត្ត​» នៅ​លើ​ទីតាំង​ដី​សាលា​នេះ ហើយ​គម្រោង​នេះ​យើង​បាន​ស្នើ​សុំ​ទៅ​ក្រសួង​ហើយ តែ​មិន​ទាន់​ធ្លាក់​មក ។ ដូច្នេះ​យើង​សូម​បំភ្លឺ​ជួន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ថា «​ដី​សាលា​បឋម​សិក្សា​ដំណាក់​ហ្លួង ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ សង្កាត់​ខាងលើ​នេះ មិន​មានការ​បោះបង់ ឬ​ការ​លក់ដូរ​ទេ​» ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា «​ពេល​នេះ​ខ្ញុំ​កំពុង​រៀបចំ​គម្រោង​ថែទាំ​ជា​មុន​សិន នៅ​ឆ្នាំ​ក្រោយ​នេះ​(២០២០) ដើម្បី​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ទីតាំង​ដី​សាលា ព្រោះ​ខ្លាច​បាត់ដី ។ ខ្ញុំ​សូម​បញ្ជាក់​ចុង​ក្រោយ​ថា ដី​សាលា​នេះ​ជា​ដី​របស់​រដ្ឋ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​រួច​ហើយ ដូច្នេះ​មិន​អាច​នរណា​លក់ដូរ​បាន​ទេ​» ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ