រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តដឹកថ្មមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយកិនជាប់ទាំងម៉ូតូ និងអ្នកបើកបរក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធម្ម ហើយក៏ជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស RX៣០០ របស់លោកឧត្តមសេនីយ៍ត្រីពីក្រោយ និងរុញទៅបុករ៉ឺម៉កមួយគ្រឿងទៀតរងការខូចខាត ហើយអ្នកបើកបរបានចុះគេចខ្លួនបាត់ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ទី០១ ខែសីហានេះ នៅចំណុចតាមបណ្តោយផ្លូវលេខ៥៩៨ ខាងត្បូងស្នងការនគរបាលរាជធានីភ្នំពេញក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ភ្លាមៗសមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះឡើយ ដោយដឹងថា ជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ១CC ៥៣៤៤ ដឹកគុយទាវ ។ រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A១៥៣២ បើកបរដោយបុរសម្នាក់បានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តម៉ាកឡិចស៊ីស RX៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ២N.០២៦៧ បើកបរដោយលោកឧត្តមសេនីយ៍ត្រីសេង តេងសេរី អាយុ៤៨ឆ្នាំ មានលំនៅភូមិ ឬស្សីសង្កាត់ស្ទឹងមានជ័យ ២ខណ្ឌមានជ័យ ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះជិះតែម្នាក់ឯង ធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់កន្លែងកើតហេតុ មានរថយន្តដឹកថ្មមួយគ្រឿងធ្វើដំណើរស្របគ្នាមកបុកពីក្រោយហើយកិនម៉ូតូ និងអ្នកបើកបរ ជាប់ក្រោយរថយន្តអូសជាច្រើនម៉ែត្រ បណ្តាលអោយស្លាប់ក្រោមរថយន្ត ។
តាមសាក្សីបានអោយដឹងទៀតថា បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តនោះបានជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីរបស់លោកឧត្តមសេនីយ៍ ដែលបើកនៅពីមុខ បណ្តាលអោយខ្ទេចគូថ ហើយរុញទៅបុករ៉ឺម៉កមួយគ្រឿងទៀត ។ បន្ទាប់ពីបង្កគ្រោះថ្នាក់អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ។ ភ្លាមៗនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះទៅសម្រួលចរាចរណ៍ និងទាញយកសពចេញបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លា ។ ចំណែករថយន្តនគរបាលបញ្ជូនទៅកាន់ការិយាល័យ ដើម្បីដោះស្រាយតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ