ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុនបម្រុង​អន្តរជាតិ​មាន​តួនាទី ឬ​មុខងារ​សំខាន់​បែប​ណា​ក្នុង​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០១៩ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ​មាន​ដល់​ជាង ១១ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​កម្រិត​មួយ​ខ្ពស់ ។…

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០១៩ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ​មាន​ដល់​ជាង ១១ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​កម្រិត​មួយ​ខ្ពស់ ។ ទុនបម្រុង​អន្តរជាតិ​ដែល​កម្ពុជា​ក៏​ដូច​បណ្តា​ប្រទេស​ផ្សេង​ទៀត​ត្រូវ​មាន​នេះ​តើ​វា​មាន​តួនាទី និង​មុខងារ​សំខាន់​បែប​ណាខ្លះ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ?

យោង​តាម​សេចក្តី​បំភ្លឺ​របស់​ធនាគារជាតិ​ស្តី​ពី​ទុនបម្រុង​អន្តរជាតិ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ២០១៩ បាន​បង្ហាញ​ថា មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ទុនបម្រុង​អន្តរជាតិ​នៃ​ប្រទេស​មួយ​សំដៅលើ​ទ្រព្យសម្បត្តិ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​ប្រទេស​មួយ​មាន​និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រូបិយ​វត្ថុ សម្រាប់​ប្រើ​ក្នុង​ករណី​ចាំបាច់​ដូច​ជា ៖ ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ជញ្ជីងទូទាត់​ប្រសិនបើ​មាន​តម្រូវការ​, ការ​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរ​ប្រាក់ ដើម្បី​គ្រប់គ្រង​ការ​ប្រែប្រួល​អត្រា​ប្តូរ​ប្រាក់ និង​ការ​រក្សា​បាន​ជំនឿ​ទុកចិត្ត​លើ​រូបិយ​វត្ថុ​និង​សេដ្ឋកិច្ចជាតិ ។ ទុនបម្រុង​អន្តរជាតិ​អាច​មាន​ទម្រង់​ជា​មាស និង​រូបិយប័ណ្ណ​នានា​ដែល IMF ទទួលស្គាល់​ជា​អន្តរជាតិ​ដូច​ជា ប្រាក់​ដុ​លា្ល​រអា​មេ​រិ​ក​, អឺ​រ៉ូ​, ផោន​អង់គ្លេស​, យេ​ន​ជប៉ុន​និង យ៉​ន់​ចិន ។

តាម​សេចក្តី​បំភ្លឺ​ដដែល​លើក​ឡើង​ថា IMF តែងតែ​ផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក រក្សា​កម្រិត​ទុនបម្រុង​អន្តរជាតិ​ឱ្យ​បាន​គ្រប់គ្រាន់ ។ ដើម្បី​កំណត់​កម្រិត​គ្រប់គ្រាន់​នេះ IMF តែងតែ​ធ្វើការ​ប្រៀបធៀប​ទំហំ​ទុនបម្រុង​អន្តរជាតិ​ទៅ​នឹង​ចំនួន​ខែ​នៃ​ការ​នាំ​ចូល​ទំនិញ និង​សេវាកម្ម​នៅ​គ្រា​ខាង​មុខ ។ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា​កម្រិត​គ្រប់គ្រាន់​អប្បបរមា​នៃ​ទុនបម្រុង​អន្តរជាតិ​ដែល​គួរ​មាន​គឺ​ចំនួន ៣ ខែ​នៃ​ការ​នាំ​ចូល​ទំនិញ និង​សេវា​នៅ​គ្រា​ខាង​មុខ ។
សេចក្តី​បំភ្លឺ​គូសបញ្ជាក់​ថា «​ចំពោះ​កម្ពុជា​ទុនបម្រុង​អន្តរជាតិ​បាន​កើន​ឡើងជា​លំដាប់ ហើយ​បច្ចុប្បន្ន​មាន​កម្រិត ៥ ខែ នៃ​កា​នាំ​ចូល​ទំនិញ និង​សេវា ពោល​គឺ​ខ្ពស់​ជាង ៣ ខែ ដែល​ជា​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន ។ ផ្អែក​លើ​សូចនាករ​នេះ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​» ។

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​កាលពី​ថ្មី​ៗ​ថា «​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ ១១,១ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធានា​ការ​នាំ​ចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​ប្រមាណ ៥ ខែ ខ្ពស់​ជាង​កម្រិត​កំណត់​អប្បបរមា​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន ។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​មក​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​» ។

តាម​ធនាគារជាតិ​នៃ​កម្ពុជា ជា​ទូទៅ​ការ​គ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​អាច​ប្រឈម​នឹង​ហានិភ័យ​ដូច​ជា ហានិភ័យ​ទីផ្សារ​, ហានិភ័យ​សន្ទនីយ​ភាព​,​ហានិភ័យ​ឥណទាន និង​ប្រតិបត្តិការ​ជាដើម ហើយ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធិ​ភាព ការ​វិនិយោគ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គោរព​តាម​លំដាប់​អាទិភាព​៖ ទី ១ ការ​រក្សា​ដើមទុន ទី ២ សន្ទនីយ​ភាព និង​ទី ៣ ចំណូល ។ ម្យ៉ាងទៀត​ទុនបម្រុង​អន្តរជាតិ ត្រូវ​បាន​វិនិយោគ​ដោយ​យកចិត្តទុកដាក់​លើ​គោលការណ៍​បរិស្ថាន សង្គម និង​អភិបាលកិច្ច​ដោយ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​លើ​សញ្ញាប័ណ្ណ​សាជីវកម្ម​ដែល​ពាក់ព័ន្ធ និង​ការ​បំពុលបរិស្ថាន អាវុធ​ជាតិ​ផ្ទុះ​និង​គ្រឿង​ស្រវឹង ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ពាក់ព័ន្ធ​ផ្សេង​ៗ​ដូច​ជា​ហានិភ័យ​កេរ្តិ៍ឈ្មោះ​ជាដើម ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ