ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​​លើ​តំបន់​មនុស្ស​រស់នៅ… ស្លា.ប់​យ៉ាងតិច​១៧​នាក់​

4 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រុម​សង្គ្រោះ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ដោយសារ​យន្តហោះ​យោធា​ធុន​តូច​មួយ​គ្រឿង​របស់​កងទ័ព​ប៉ា​គី​ស្ថាន បាន​ធ្លាក់​ចំ​តំបន់​មាន​មនុស្ស​រស់នៅ​មួយ នៃ​ទីក្រុង​រ៉ា​វ៉ាល់​ពី​ន​ឌី ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី​អុី​ស្លា​ម៉ា​បា​ដ​។ លោក​FAROOQ…

ប្រទេស​ប៉ា​គី​ស្ថាន ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រុម​សង្គ្រោះ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ដោយសារ​យន្តហោះ​យោធា​ធុន​តូច​មួយ​គ្រឿង​របស់​កងទ័ព​ប៉ា​គី​ស្ថាន បាន​ធ្លាក់​ចំ​តំបន់​មាន​មនុស្ស​រស់នៅ​មួយ នៃ​ទីក្រុង​រ៉ា​វ៉ាល់​ពី​ន​ឌី ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី​អុី​ស្លា​ម៉ា​បា​ដ​។

លោក​FAROOQ BUTT​អ្នកនាំពាក្យ​របស់​ក្រុម​សង្គ្រោះ​ថ្លែង​ថា យើង​ប្រមូល​សាកសព​មនុស្ស​បាន​១៧​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​១២​នាក់​និង​សមាជិក​ក្រុម​យានិក​៥​នាក់​។ ចំណែក​មនុស្ស​១២​នាក់​ទៀត​រង​របួស​។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​១៥​នាក់​។ គ្រោះថ្នាក់​នោះ​កើត​មាន​នា​ពេល​យប់​ក្នុង​តំបន់​ជាយក្រុង​មួយ នៃ​ទីក្រុង​រ៉ា​វ៉ាល់​ពី​ន​ឌី​ដែល​មាន​ទីតាំង​របស់​កងទ័ព​ប៉ា​គី​ស្ថាន​។ តំបន់​នោះ​ត្រូវ​បាន​ឡោម​ព័ទ្ធ​ភ្លាម​ៗ​ដោយ​កងកម្លាំង​ប៉ូលិស ចំណែក​រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​បាន​លើក​ទៅ​កាន់​កន្លែង​យន្តហោះ​ធ្លាក់​។

កងទ័ព​ប៉ា​គី​ស្ថាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា នោះ​ជា​យន្តហោះ​មួយ​គ្រឿង​ប្រើ​សម្រាប់​បណ្ដុះ​បណ្តាល ដែល​កំពុង​បំពេញបេសកកម្ម​បណ្ដុះបណ្ដាល​ជា​ទម្លាប់​មួយ​ពេល​ជួប​គ្រោះថ្នាក់ ហើយ​សមាជិក​៥​នាក់​នៃ​ក្រុម​យានិក ក្នុង​នោះ​មាន​អ្នក​បើក​២​នាក់​បាន​ត្រូវ​ស្លាប់​។ បណ្ដា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រួច​ភ្លើង​ដែល​ឆាបឆេះ​ត្រូវ​បាន​ពន្លត់​។

យោង​តាម​អ្នកកាសែត​ម្នាក់​របស់​AFP​មាន​វត្ត​មាននៅ​កន្លែង​យន្តហោះ​ធ្លាក់​ថា បណ្ដា​បំណែក​យន្តហោះ​ដែល​នៅ​ក្ដៅ​ហុយ ត្រូវ​បានឃើញ​លើដំបូល​ផ្ទះ​មួយ​ដែល​បាក់​។ យន្តហោះ​នោះ​ធ្លាក់​ចំ​ផ្ទះ​ពលរដ្ឋ​ពេល​មនុស្ស​ម្នា​កំពុង​ដេក​លង់លក់​។ មានការ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​ហើយ​ពួក​អ្នក​ភូមិ​ភ័យ​ប្រញាប់​ក្រោកពីដំណេក​។ គេ​ប៉ុនប៉ង​ជួយ​បណ្ដា​អ្នក​ជាប់​ក្នុង​គំនរ​បាក់បែក តែ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​ខ្ពស់​ដែល​គេ​មិន​អាច​ធ្វើ​អ្វី​កើត​។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​សមាជិក​៧​នាក់​នៃ​គ្រួសារ​តែ​មួយ ដែល​ភាគច្រើន​ស្លាប់​ក្នុង​ភ្លើង​។

ប៉ា​គី​ស្ថាន​ជួប​ប្រទះ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ជា​ញឹកញាប់​។ កាលពី​ឆ្នាំ​២០១០​មានការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​AIRBUS 321​មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​AIRBLUE ដែល​ហោះហើរ​រវាង​ក្រុង​កា​រ៉ា​ជី​និង​ក្រុង​អុី​ស្លា​ម៉ា​បា​ដ ក្នុង​តំបន់​កូនភ្នំ​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៥២​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ