ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ទិញ​ទូរស័ព្ទ​បាន​២​ថ្ងៃ​ត្រៀម​បើក​លក់ ស្រាប់តែ​ជួប​រឿង​បែប​នេះ​ទៅ​វិញ (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ទើប​បើក​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិថី​ឈ្នះ ឈ្នះ ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម…

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ទើប​បើក​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិថី​ឈ្នះ ឈ្នះ ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ម្ចាស់​ហាង​ខាងលើ​បើក​តូប​លក់ដូរ​ស្រាប់តែ​បាត់​ទូរស័ព្ទ​ថ្មី​ៗ​ដែល​គាត់​ទើបនឹង​ទិញ​មក​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ត្រៀម​នឹង​ដាក់​លក់ បន្ទាប់​ពី​ធ្វើ​ពិធី​សម្ពោធ​ហាង​តូចតាច​មួយ​នា​ពេល​ខាង​មុខ​រួច ។ ប៉ុន្តែ​នៅ​មិន​ទាន់​ដល់​ថ្ងៃ​សម្ពោធ​យក​ហុងស៊ុយ​និង​លាភ​សំណាង​ផង​ក៏​ត្រូវ​ជួប​រឿង​បែប​នេះ​ទៅ​វិញ ហើយ​គាត់​ក៏​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ជួយ​ស្វែងរក​ក្រុម​ជនសង្ស័យ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​ខាងលើ​នោះ​ឈ្មោះ ពៅ ម៉ា​លី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ក្រុម​ជនសង្ស័យ​មិនដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ឡើយ​។ ក្រុម​ជនសង្ស័យ​បាន​គាស់​ធ្វើ​សកម្មភាព​បើក​ដំបូល និង​ចោះ​ប្រហោង​ទ​ម្លោះ​ពិតាន​ម្នាងសិលា​ទំហំ​ប៉ុន​តួខ្លួន រួច​យក​អង្រឹង​នីឡុង​ចង​ទម្លាក់​តាម​ប្រហោង​ពិ​តាន​នោះ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​បាន​សម្រូត​ចុះ​តាម​អង្រឹង​នោះ​ចូល​ទៅ​ក្នុង​ហាង លុះ​ពេល​លួច​យក​ទូរស័ព្ទ​ជាង​៥០​គ្រឿង​បាន​សម្រេច​ហើយ​ក៏​បាន​ដក​គន្លឹះទ្វារ​រួច​បើកទ្វារ​មុខ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង​។

តាម​ប្រភព​ពី​ស្ត្រី​ជា​ម្ចាស់​ហាង​ខាងលើ​បាន​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​ហាង​រួច គាត់​មិន​ទាន់​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅឡើយ​ទេ ហើយ​គាត់​បាន​ទិញ​ទូរស័ព្ទ​ថ្មី​ៗ​សុទ្ធតែ​ក្នុង​ប្រអប់​មក​ដាក់​ក្នុង​ទូ​ស្តុក​ត្រៀម​ទុក​សម្រាប់​ដាក់​លក់ បន្ទាប់​ពី​ការ​សម្ពោធ​ហាង​នា​ថ្ងៃ​ខាង​មុខ​នេះ ។ ប៉ុន្តែ​មិន​ទាន់​ដល់​ថ្ងៃ​សម្ពោធ​ផង ស្រាប់តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ចូល​លួច​យក​អស់បែប​នេះ​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ មុន​ចូល​គេង​នៅ​ក្នុង​បន្ទប់​ខាងក្រោយ គាត់​បាន​បិទទ្វារ​ហាង​ដោយ​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ត្រឹមត្រូវ​មិន​ហ៊ាន​ធ្វេសប្រហែស​ឡើយ ហើយ​ក៏​មិន​នឹក​ស្មានថា​ត្រូវ​ភ្លាត់ស្នៀត​បែប​នេះ​សោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ក្រោយ​ពី​ភ្ញាក់​ពី​ដំណេក​ធ្វើ​ឲ្យ​គាត់ និង​ក្រុម​គ្រួសារ​មានការ​ភ្ញាក់ផ្អើល​ និង​តក់ស្លុត​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​ប្រទះ​ឃើញ​ទ្វារ​ហាង​របើក និង​ឃើញ​ពិតាន​ម្នាងសិលា​ធ្លោះ​ធ្លាយ ព្រមទាំង​មាន​អង្រឹង​នីឡុង​ចង​ទម្លាក់​ចុះ​តាម​ប្រហោង​ពិ​ដាន​នោះ ហើយ​ទូរស័ព្ទ​ថ្មី​ៗ​ដែល​ទើប​និង​ទិញ​សម្រាប់​ទុកដាក់​លក់​ក៏​បាន​បាត់​អស់រលីង​ពី​ក្នុង​ទូ ។ បន្ទាប់​មក​គាត់​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ជាក់ស្ដែង និង​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនសង្ស័យ​ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា ក្រុម​ជនសង្ស័យ​ទាំងនោះ​ហ៊ាន​ខ្លាំង​ហើយ មុន​នឹង​ធ្វើ​សកម្មភាព គឺ​ក្រុម​ជនសង្ស័យ​បាន​ស៊ើប​យ៉ាង​ច្បាស់លាស់​ថែម​ទៀត​ផង ព្រោះ​នៅ​តាម​ផ្លូវ​នោះ​ក៏​ពុំ​មែន​ងងឹតឈឹង​ដូច​មុន​ឡើយ គឺ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ភ្លឺ​យប់​ឡើង​ចិញ្ចាច​។​ម្យ៉ាង​ក្រុម​ជនសង្ស័យ​ខាងលើ​ក៏​មាន​ជំនាញ​ខ្លាំង​ណាស់​ដែរ​ដោយ​នឹកឃើញ​ប្រើ​វិធី​ឡើង​បើក​ដំបូល និង​ចោះ​ពិតាន​សម្រូត​ខ្លួន​ចោល​ទៅ​ក្នុង​ហាង ហើយ​ពេល​លួច​បាន ក៏​បើក​គន្លឹះទ្វារ​រត់គេច​ខ្លួន​បាត់​បែប​នេះ ។ ទោះបីជា​បែប​ណា សង្ឃឹមថា​នគរបាល​នឹង​វែកមុខ​ក្រុម​ជនសង្ស័យ​ទាំងនេះ​ឃើញ​ទៅ​ចុះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ