ខេត្តកំពត ៖ ឈើអារប្រភេទលេខ១ លេខ២ និងលេខ៣ (ប្រភេទឈើចម្រុះ) ព្រមទាំងឈើគ្រញូង និងធ្នង់មួយចំនួនផងដែរ សរុបចំនួន៨៦,៨២២ម៉ែត្រគូប ដែលគ្រប់គ្រងដោយខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវបានគណៈកម្មការចម្រុះដាក់ប្រកាសឱ្យដេញថ្លៃជាសាធារណៈ កាលពីថ្ងៃទី១៤ មីនា នៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពត តម្លៃមូលដ្ឋានក្នុងចំនួនឈើសរុបជាង៥៩លានរៀល ។ ក្នុងការប្រកាសនេះ មានការចូលរួមពីលោកអ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ សាលាខេត្តតំណាងអភិបាលខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត និងមន្ត្រីរដ្ឋបាលព្រៃឈើកំពតមួយចំនួនផងដែរ ។
ចំពោះអតិថិជនដែលដាក់ពាក្យសុំដេញថ្លៃមាន៣រូប ១-លោកសួន សុខ ជាអាជីវករ ២-លោកសេស យ៉ុង និង៣-លោកហ៊ាង ប្រុង ជាអាជីវករ ។ ក្រោយពីការប្រកាសដាក់ឱ្យដេញថ្លៃពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អតិថិជនទាំង៣រូប បានសរសេរដាក់តម្លៃក្នុងលិខិត ដើម្បីកំណត់ទឹកប្រាក់ដែលខ្លួនហ៊ានទទួល ។ ក្រោយពីការពិនិត្យលទ្ធផលនៃការដាក់តម្លៃលើកទី១ លទ្ធផលឈានមុខគេលើកទី១ ទឹកប្រាក់សរុបចំនួន៧៤.០០០.៧០០រៀល (ចិតសិបបួនលានប្រាំពីររយរៀល) ត្រូវបានទៅលើអតិថិជនឈ្មោះសួន សុខ ។ ក្រោយមកតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យដេញជាលើកទី២ បន្តទៀតការដាក់ឱ្យដេញលើកទី២នេះ ទឹកប្រាក់នៃការដេញថ្លៃឡើងដល់៨១.៤០០.៧៧០រៀល (ប៉ែតសិបមួយលានបួនរយពាន់ប្រាំពីររយចិតសិបរៀល) លទ្ធផលត្រូវបានទៅលើឈ្មោះសួន សុខ ជាអាជីវករនៅផ្សារកែប ។
លោកស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត-កែប បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅដើមឆ្នាំ២០១១នេះ ខណ្ឌរដ្ឋបាលព្រៃឈើកំពត បានដាក់ឱ្យដេញថ្លៃជាលើកទី១ ។ លោកបន្តថា ឈើដែលស្តុបទុកនៅក្នុងទីស្នាក់ការខណ្ឌ និងនៅតាមបណ្តាទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃមួយចំនួន ភាគច្រើនជាឈើចម្រុះប្រភេទឈើងាយនឹងពុកផុយ ដូច្នេះដើម្បីកុំឱ្យខាតបាត់បង់ច្រើននូវឈើទាំងនេះ ទើបលោកស្នើឡើងទៅក្រសួងពាក់ព័ន្ធដើម្បីដាក់ឱ្យមានការដេញថ្លៃប្រមូលថវិកា ពីប្រភពនេះចូលថវិការដ្ឋ ។ លោកបានបញ្ជាក់ថា ឈើដែលស្តុបទុកនេះ កំពុងប្រឈមនឹងការខូចខាតគុណភាពច្រើន បើមិនដាក់ឱ្យដេញថ្លៃទាន់ពេលវេលាទេ វាអាចខូចខាតជាអន្លើ ហើយខាតបង់ដល់ថវិការដ្ឋផងដែរ៕


ចែករំលែកព័តមាននេះ