ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ជួប​មន្ត្រី​កូរ៉េ​និង​ជប៉ុន​នៅ​វិមាន​សន្តិភាព

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ​​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ប្រាប់​ឱ្យ​ដឹង​ថា នៅក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយសម្តេច​តេជោនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន នា​ព្រឹកថ្ងៃទី៨ មីនា ​នៅ​វិមាន​សន្តិភាព​នៃ​​ទីស្តី ការ​​នាយក​រដ្ឋ​មន្ត្រី​ លោក Oh Myung អតីត​​ឧបនាយករដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុម​ហ៊ុន Woongjin Energy ​ជា​ប្រធាន​វិទ្យាសាស្ត្រ​​​បច្ចេកវិទ្យាជាន់ខ្ពស់នៃ​​សា​ធារណរដ្ឋ​កូរ៉េ​​​បាន​ជម្រាប​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា លោក​បាន​ជួប​ប្រជុំ​ជាមួយ​លោករដ្ឋ​មន្ត្រី​ក្រសួង​ទូរ​គម​នា​គមន៍ និង​បានជួប​លោកអគ្គ​នាយក​ NIDA ​ដោយ​បាន​កត់សម្គាល់​ឃើញ​ថា កម្ពុជា​មាន​ធន​ធាន​មនុស្ស​ក្មេងៗ​យ៉ាង​ច្រើន​នៅ​វិស័យ​ប្រព័ន្ធ​​​​បច្ចេកវិទ្យាតែម្តង ។

​លោកបាន​ជម្រាប​​​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ថា ប្រទេស​កូរ៉េ​កន្លងមក​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា ។ ប្រព័ន្ធ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​ទាញ​យក​ចំណេញ​ប្រមាណ​ជា​៤០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​បាន​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​ឈាន​មុខ​​ និងជា​កត្តាសំខាន់​សម្រាប់​សេដ្ឋ​កិច្ច​របស់ប្រទេស​កូរ៉េ ​។ ក្នុង​ន័យ​នេះ លោក​បានផ្តោត​អារម្មណ៍​​ជម្រាប​​សម្តេច​ ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​កម្ពុជា​លើវិស័យ​​នេះ ជា​ពិសេស​​រៀបចំ​​គម្រោង​ប្លង់មេ​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​តែ​ម្តង ។

លោក Oh បានជម្រាប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​អំពី​ការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៣​ដែលកំពុងមានសកម្ម​ភាព​​​សព្វ​ថ្ងៃ​នេះ ​ដែលពី​មុន មានគម្រោង​​​បញ្ចប់នៅ​ខែមិថុនា ​ប៉ុន្តែ​គម្រោង​​សាង​សង់​ផ្លូវ​នេះ​​លោកបានធ្វើ​ទស្សន​កិច្ច​នៅ​ថ្ងៃទី៩ មីនា ហើយនឹង​ត្រូវ​បញ្ចប់​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ។ ផ្លូវនេះសាង​សង់​​ដោយ​ក្រុម​ហ៊ុន Woongjin ។ ​ជា​ការ​ឆ្លើយ​តប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បានថ្លែង​អំណរគុណ​ចំពោះ​​លោក Oh Myung ក៏​ដូច​ជា​ក្រុម​ហ៊ុន Woongjin ​ដែលបាន​ជួយ​ដល់​កម្ពុជា​​ក្នុង​ការស្ថាប​នា​ផ្លូវ​ជាតិ​លេខ៣នេះ ។ ផ្លូវនេះ​មានសារសំខាន់​ណាស់​ក្នុង​ការ​ដឹកជញ្ជូន​​ និងបែង​ចែក​អំបិល​ក៏​ដូច​ជា​ពាណិជ្ជ​កម្ម​ផ្សេងៗ​ទៀត​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​បច្ចេកវិទ្យា​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បានស្វាគមន៍​​ និង​សូម​ឱ្យភាគី​កូរ៉េ​​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​កម្ពុជាធ្វើ​សមា​ហ​រណ​កម្ម​ប្រព័ន្ធ​របស់​រដ្ឋ​​ជាមួយ​នឹង​ប្រព័ន្ធ​ឯក​ជន ។ បច្ចេក​វិទ្យា​របស់ឯក​ជន​​ និងប្រព័ន្ធ​បច្ចេក​​វិទ្យា​​របស់​រដ្ឋ​នៅ​ពេលនេះ​មិន​ទាន់បាន​បូក​បញ្ចូលគ្នា​នៅ​ឡើយទេ ហើយ​ក៏ពុំទាន់បាន​ប្រើ​បូករួម ដើម្បី​ប្រើប្រាស់​ឱ្យ​អស់ពីសក្តា​នុពល​ដែរ ​ដូច្នេះ​សូមឱ្យកូរ៉េ​ធ្វើយ៉ាង​ណា​សហការ​ជាមួយ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា NIDA ដើម្បី​សិក្សា​ប្លង់មេ​បូក​បញ្ចូល​គម្រោង​​ទាំងនេះ ដើម្បី​​ទាញ​យក​ប្រយោជន៍​​សក្តា​នុពល​ទាំងអស់ឱ្យ​មាន​ប្រសិទ្ធ​ភាព ​ខ្ពស់បំផុត​អំពីប្រព័ន្ធ​នោះ ។

​ដោយ​ឡែក​​នៅព្រឹកថ្ងៃដដែល​នោះផង​ដែរ ​​នៅ​វិមាន​សន្តិភាព​នៃទីស្តីការ​នាយករដ្ឋ​មន្ត្រី​លោក Imagaw Yukio សមា​ជិក​ក្រុមប្រឹក្សា​​ភិបាល​ទទួល​បន្ទុក​ការបរទេស​​ អង្គ​ការ JSP ជប៉ុន​បាន​ចូល​ជួប​សម្តែង​ការគួរសម​ និងពិភា​ក្សា​​ការ​ងារ​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​​។ លោក Imagawa បានជម្រាប​សម្តេច​តេជោ នាយករដ្ឋមន្ត្រីថា គោលដៅ​ខ្ពស់បំផុត​នៅកម្ពុជា របស់អង្គការ​លោក គឺ​សកម្ម​ភាព​សាង​សង់​អគារ​​សិក្សា​​លើក​ស្ទួយ​វិស័យ​សិល្បៈ​ វិស័យ​សុខភាព អនាម័យ​ និងតន្ត្រីជាដើម ។

​អង្គការរបស់លោក​បានធ្វើការ​ផ្សព្វ​ផ្សាយ​​ពាក់ព័ន្ធ​ទៅ​លើ​បញ្ហា​អនាម័យ  និង​បាន​ធ្វើ​ការ​ចែក​សៀវភៅ​​​នៅកម្ពុជា​ផង​ដែរ ។ លើសពីនោះ អ្វីដែលជាកត្តា​សំខាន់​របស់​អង្គការ​នោះគឺ​ធ្វើ​យ៉ាង​ណា​ជួយដល់​ប្រទេស​​​កម្ពុជា​ផង ជួយ​ដល់​ប្រទេស​ជប៉ុនផង ​និង​តំបន់​ក៏​ដូច​ជា​ពិភព​លោក​ទាំងមូល ។ អ្វី​ដែល​ជា​សកម្ម​ភាព​​របស់អង្គ​ការ​នេះ​គឺ​សកម្ម​ភាព​​ជួយ​ជម្រុញ​ឱ្យ​មាន​​សុខ​សន្តិ ភាពដល់កម្ពុជា​ ដល់​ជប៉ុន​ដល់​តំបន់​ក៏​ដូច​ជា​ពិភពលោក​ទាំងមូល ។

​លោក​អ៊ាង​ សុផល្លែត ​បានរំលឹក​​ពី​ប្រវត្តិ​​របស់​លោក​​ Imagawa ​ថា ​លោកគឺជា​អតីត​​​អ្នក​ការទូត​ប្រចាំ​នៅ​កម្ពុជា​កាលពីឆ្នាំ១៩៦២ លោក​គឺជា​លេខាទី៣ ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅកម្ពុជា ។ លោក​​បាន​មាន​ប្រសាសន៍​ជម្រាបសម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី ថា ឥរិយា​បថ​របស់ថៃ​ទៅ​លើ​បញ្ហា​ប្រា​សាទ​ព្រះ​វិហារ​នោះ គឺ​កាលពីឆ្នាំ​១៩៦២ រូប​លោក​ផ្ទាល់បាន​ដឹង​ថា នៅពេល​នោះ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ទី​ក្រុង​ឡាអេ​បានចេញ​សាល​ក្រម ​កាត់ក្តី​ឱ្យកម្ពុជា​ឈ្នះ ។  ថៃ​នៅ​ពេល​នោះ ក៏​មិន​បានធ្វើ​ការ​ជំទាស់​ ហើយ​ក៏បាន​ទទួលស្គាល់នូវ​សាល​ក្រម​នេះ​ដែរ ។ ប៉ុន្តែ​៤០​ឆ្នាំ​​ជាង​កន្លង​មក​នេះ អ្វី​ដែល​ថៃ​បាន​ធ្វើ​មិនអាច​ទទួលយកបាន​ទេ នោះ​សោត​គឺថៃ​ខុស​១០០% ព្រោះ​ថា នៅ​ពេលតុលា​ការ​អន្តរ​ជាតិ​ទី​ក្រុងឡាអេ ​កាត់ក្តី​​នៅពេលនោះ ក៏មាន​ចៅ​ក្រម​ជា​ជន​ជាតិ​ជប៉ុន​ម្នាក់​ផង​ដែរ ដែល​ចូលរួម​គឺ​ឈ្មោះ​ណាកា កូតូរ៉ូ ដែល​បានកាត់ក្តី​យ៉ាង​ក្បោះ​ក្បាយថា ប្រា​សាទ​ព្រះវិហារ​ និងតំបន់​ជុំ​វិញ​ប្រាសាទនេះ​គឺជា​​ទឹកដី​របស់កម្ពុជា ។
​ជា​ការឆ្លើយតប​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Imagawa ​ដែល​លោក​បានស្វែង​យល់​យ៉ាង​​ច្បាស់​អំពី​ស្ថានភាព​នៅកម្ពុជា ជាពិសេស​ការ​បាក់​បែក​លើ​អគារសិក្សាកម្ពុជា ។ កន្លងមក​អ្វី ដែល​​អង្គ​ការ​របស់​លោក​កំពុង​តែ​ធ្វើនេះ​​គឺជា​សកម្ម​ភាព​ចំគោលដៅ​ ហើយ​សាង​សង់​អគារ​សិក្សា​​ប្រមាណ​ចំនួន​៦៦០​អគារនៅកម្ពុជា គឺជា​ចំនួន​​ធំ ណាស់ ​រួម​ជាមួយ​សកម្ម​ភាព​យ៉ាង​សំខាន់​របស់​អង្គការ JSP នេះ គឺពិតជា​បានជួយ​ដល់​សិស្សា​​​នុសិស្ស​កម្ពុជា​តែ​ម្តង ។

​ទន្ទឹមនេះ​សម្តេច​បន្ត​អំពាវនាវឱ្យ​​ផែន​ការ​ស្រុកសន្ទុក​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ជាស្ថាពរ នោះ​សោតគឺ​​ឱ្យមាន​អនុវិទ្យា​ល័យ​គ្រប់ឃុំ​តែ​ម្តង ។ ​សម្តេច​បាន​ណែ​នាំ​ឱ្យ​មានការ​ពិភាក្សា​​​ជាមួយ​ក្រសួង​អប់រំ​ យុវ​ជន និងកីឡា ដើម្បី​ធ្វើយ៉ាងណា​ស្វែងយល់​អំពី​ការ​ខ្វះ​ខាត​អនុ​វិទ្យា​ល័យ​​មានមួយ​ក្នុងឃុំ ដើម្បី​ផ្តល់​​ព័ត៌​មាន​​ជូនដល់​អង្គការ​ ដើម្បីឱ្យ​អង្គ​ការ​ជួយបំពេញ ​​បន្ថែម​នូវ​កង្វះ​ខាត​នេះ ។

ពាក់ព័ន្ធ​ទៅនឹង​រឿង​​ប្រា​សាទ​ព្រះវិហារ​​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​បាន​ថ្លែងអំណរ​គុណ​ជូន​ចំពោះ​លោក Imagawa ​ដែល​រូប​លោក​ផ្ទាល់​ជាអ្នក​ការទូត​ម្នាក់ ហើយ​បាន​យល់​យ៉ាង​ច្បាស់ អំពី​បញ្ហា​ប្រាសាទព្រះវិហារ​នេះ ។ សម្តេច​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជាកំពុង​​តែ​ស្វះ​ស្វែង​ដោះ​ស្រាយ​​បញ្ហានេះ ដោយសន្តិវិធី ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា ក៏ដោយ​ការ​ចរចា​ត្រូវ​​មានភាគី​ទី៣​ចូលរួមក្នុង​បញ្ហា​នេះ ៕