ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សំខាន់​ពីរ​របស់​កម្ពុជា​ស្នើ​ភាគី​ចិន​វិនិយោគ​បន្ថែម​លើ​វិស័យ​កសិកម្ម ដើម្បី​ព​ង្រី​ការ​នាំ​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សំខាន់​ពីរ​រូប​របស់​កម្ពុជា បាន​ស្នើ​ភាគី​ចិនតា​មរយៈ​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ស្ថានទូត​ចិន​ដែល​ចប់​អាណត្តិ​និង​ត្រលប់​ទៅ​ប្រទេស​ចិន​ក្នុង​ការ​ជួយ សម្របសម្រួល​និង​គៀងគរ​វិនិយោគិន​បន្ថែម​ទៀត ដើម្បី​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​ទៅ​លើ​វិស័យ​ដែល​អាទិភាព​សម្រាប់​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​របស់​ខ្លួន ។ ​«​កម្ពុជា​ចង់​បានការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន លើ​ឧស្សាហកម្ម​កែ​ច្នៃ…

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សំខាន់​ពីរ​រូប​របស់​កម្ពុជា បាន​ស្នើ​ភាគី​ចិនតា​មរយៈ​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ស្ថានទូត​ចិន​ដែល​ចប់​អាណត្តិ​និង​ត្រលប់​ទៅ​ប្រទេស​ចិន​ក្នុង​ការ​ជួយ សម្របសម្រួល​និង​គៀងគរ​វិនិយោគិន​បន្ថែម​ទៀត ដើម្បី​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​ទៅ​លើ​វិស័យ​ដែល​អាទិភាព​សម្រាប់​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​របស់​ខ្លួន ។

​«​កម្ពុជា​ចង់​បានការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន លើ​ឧស្សាហកម្ម​កែ​ច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយសារ​យើង​មាន​កសិផល​មិន​ទាន់​កែ​ច្នៃ​ជា​ច្រើន​ដូច​ជា ផ្លែស្វាយ​ខេត្តកំពង់ស្ពឺ​, ផ្លែ​មៀន​ខេត្ត​ប៉ៃលិន និង​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ទៀត​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ទៅ​កាន់​មន្ត្រី​ទទួល​បន្ទុក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម អម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នៅ​ក្នុង​ជំនួប​មួយ​កាលពី​ស​ប្ដា​ហ៍​មុន ។ ​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​ភាគី​ចិន តាម​រយៈ​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចិន​រូប​នេះ អោយ​វិនិយោគិន​បន្ថែម​ការ​វិនិយោគ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា លើ​វិស័យ​កសិកម្ម ខណៈ​វិសាលភាព​នៃ​វិស័យ​នេះ នៅ​មាន​សក្ដានុពល​ធំធេង ។

លោក​បាន​ប្រសាសន៍​ថា កម្ពុជា​ចង់​បានការ​វិនិយោគ​ពី​ចិន​បន្ថែម​ទៀត លើ​ឧស្សាហកម្ម​កែ​ច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ពីព្រោះ​កម្ពុជា មាន​ផលិតផល​មិន​ទាន់​កែ​ច្នៃ​ជា​ច្រើន ដូច​ជា​ផ្លែស្វាយ​កំពង់ស្ពឺ ផ្លែ​មៀន​ប៉ៃលិន ព្រមទាំង​ផ្លែ​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ទៀត ។ ​លោក​បាន​បន្ត​ថា កម្ពុជា​ចង់ឱ្យ​ភាគី​ចិន ជួយ​សម្រប​សម្រួលការ​នាំ​ចេញ​កសិផល​ខ្មែរ និង​ជួយ​កៀងគរ​ក្រុមហ៊ុន​ចិន ដែល​មាន​ឯកទេស​ត្រឹមត្រូវ មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ។ ក្រៅពី​នេះ ភាគី​កម្ពុជា​រង់ចាំ​ស្វាគមន៍​និង សន្យា​បន្ត​សហការ​ជាមួយ​ភាគី​ចិន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (E-Commerce) ដើម្បី​ជំរុញ​ការ​លក់ និង​នាំ​ចេញ​ផលិតផល​ខ្មែរ ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ។ ​ដោយឡែក​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​បាន​ស្នើ​ឲ្យ​ភាគី​ចិន សហការ​ជាមួយ​ក្រសួង និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ពិនិត្យ និង​ជំរុញ​ចំពោះ​ការ​នាំ​ចេញ​ផលិតផល​ពោត​ពី​កម្ពុជា​បន្ថែម ខណៈ​កម្ពុជា​ផលិត​បាន នូវ​ផលិតផល​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ ។ ​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា « តាម​រយ​:​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រជាជន និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ថែម​ទៀត​ដើម្បី​កសាង និង​អភិវឌ្ឍ​ប្រទេស » ។

​ជា​ការ​ឆ្លើយ​តប លោក​លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ត្រូវ​ចប់​អាណត្តិ​របស់​ខ្លួន​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ បាន​ស្វាគមន៍​នូវ​សំណើរ​របស់​ភាគី​កម្ពុជា ក្នុង​ការ​គៀងគរ រក​វិនិយោគិន​ចិន​បន្ថែម​ទៀត លើ​វិស័យ​កសិកម្ម ។ លោក​សង្ឃឹមថា​មន្ត្រី ទីប្រឹក្សា​ថ្មី ដែល​មក​កម្ពុជា​ជំនួស​លោក​នឹង​អាច​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​អាច​ជំរុញ​អោយ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ។ ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ភាព​ស្អិតរ​មួ​ត​កាន់តែ​ខ្លាំង ទាំង​ការទូត ពាណិជ្ជកម្ម​និង​ការ​វិនិយោគ ជាក់ស្ដែង​ទាំង​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​នៅ​កម្ពុជា ក៏​ចិន​បាន​ឈរ​លំដាប់ថ្នាក់​កំពូល​ដែរ ។

​សូម​រំលឹក​ថា កាលពី​ខែ​មុន​នេះ វិនិយោគិន​ចិន បាន​បណ្ដាក់ទុន​៣០០​លាន​ដុល្លារ​ក្នុង​វិស័យ​កសិកម្ម​នេះ​ដែរ ដោយ​បាន​សង់​ឡ​ស​ម្ងួ​ត​និង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​ខេត្ត​ចំនួន​១១​ទូ​ទាំង​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​ក៏​កំពុង​ត្រូវការ​ឡ​ស​ម្ងួ​ត​និង​ឃ្លាំង​ស្តុក​ស្រូវ​នេះ សម្រាប់​ជួយ​រក្សា​ស្រូវ​របស់​ប្រជា​កសិករ ក្នុងអំឡុងពេល​ប្រមូល​ផល ។ ការ​បណ្ដាក់ទុន​វិនិយោគ​នេះ នឹង​អាច​ធានា​តម្លៃ​ស្រូវ​របស់​កសិករ​កម្ពុជា​អោយ​នៅ​ថេរ និង​អាច​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​ច្រើន​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ