រាជធានីភ្នំពេញ ៖ ក្នុងឱកាសជំរាបលាលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី១៥ មីនា នៅទីស្តីការក្រសួង លោក Prasas PRASASVINITCHAI ឯកអគ្គរាជទូតថៃ បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានពិភាក្សាគ្នាដោយឯកភាពថា នឹងខិតខំដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក។
ភាគីទាំង២ក៏បានបញ្ជាក់ផងដែរថា យើងធ្វើយ៉ាងណាមិនឱ្យបញ្ហារាលដាលទៅលើវិស័យផ្សេងៗទៀតទេ ដូចប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់រួចហើយ គឺខិតខំបង្រួញបញ្ហា ពង្រីកដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ភាគីទាំង២ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីកិច្ចប្រជុំនៅពេលខាងមុខដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ លោកឯកអគ្គរាជទូតថៃបានបញ្ជាក់ថា នៅថ្ងៃទី១៦ មីនា នៅឯប្រទេសថៃក៏មានការប្រជុំផ្ទៃក្នុងអំពីបញ្ហាបើកកិច្ចប្រជុំនៅប្រទេសឥណ្ឌូណេស៊ីខាងមុខដែរ ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង សង្ឃឹមថា កិច្ចប្រជុំនៅប្រទេសឥណ្ឌូណេស៊ីពេលខាងមុខនេះនឹងប្រកបដោយជោគជ័យ ហើយអាចដោះស្រាយបញ្ហាបាន ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា ភាគីថៃនឹងទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅពេលឆាប់ៗខាងមុខ ដើម្បីធ្វើយ៉ាងណាបញ្ចៀសនូវការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីម្តងទៀត ។ លោកឯកអគ្គរាជទូតថៃ ក៏បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការបរទេសកម្ពុជា ដែលបានសម្រួលដល់បេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ៕
ចែករំលែកព័តមាននេះ