ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាគឺជាឋានសួគ៌នៃសិទ្ធិសេរីភាព

13 ឆ្នាំ មុន

បន្ទាប់​ពី​បាន​រួច​ផុត​​ជីវិត​​ពី​​​ការ​កា.ប់​សំលាប់​នៃ​បន​ប្រល័យ​ពូជ​ សាសន៍​ប៉ុល ពត ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​ កម្ពុជា​​បាន​ប្រែ​មុខ​មាត់​ថ្មី​ដោយ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​ រដ្ឋា​ភិបាល​ក្នុង​ការ​ស្តារ​​​ កសាង និង​អភិ​វឌ្ឍន៍​ ប្រទេស​ពី​បាត​ដៃ​ទទេ រហូត​ធានា​បាន​​នូវ​ស្ថិរ​ភាព​នយោ​បាយ សន្តិ​សុខ និង​ការ​អភិ​វឌ្ឍ​​រីក​ចំរើន​ស្ទើរ​គ្រប់​វិស័យ ។ ទាំង​នេះ​ គឺ​ជា​សក្ខី​ភាព​ប្រវត្តិ​សាស្ត្រ​ដែល​ខ្មែរ​គ្រប់​រូប​មិន​អាច​បំភ្លេច​​ បាន​នូវ​សាម​គ្គី​ភាព​រវាង​ខ្មែរ​និង​ខ្មែរ ជា​ពិសេស​ឥស្សរ​ជន​​សំខាន់ៗ

បន្ទាប់​ពី​បាន​រួច​ផុត​​ជីវិត​​ពី​​​ការ​កាប់​សំលាប់​នៃ​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​ កម្ពុជា​​បាន​ប្រែ​មុខ​មាត់​ថ្មី​ដោយ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ស្តារ​​​ កសាង និង​អភិ​វឌ្ឍន៍​ ប្រទេស​ពី​បាត​ដៃ​ទទេ រហូត​ធានា​បាន​​នូវ​ស្ថិរ​ភាព​នយោ​បាយ សន្តិ​សុខ និង​ការ​អភិ​វឌ្ឍ​​រីក​ចំរើន​ស្ទើរ​គ្រប់​វិស័យ ។ ទាំង​នេះ​ គឺ​ជា​សក្ខី​ភាព​ប្រវត្តិ​សាស្ត្រ​ដែល​ខ្មែរ​គ្រប់​រូប​មិន​អាច​បំភ្លេច​​បាន​នូវ​សាម​គ្គី​ភាព​រវាង​ខ្មែរ​និង​ខ្មែរ ជា​ពិសេស​ឥស្សរ​ជន​​សំខាន់ៗ​ជា​ច្រើន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​បាន​តស៊ូ​​ជំនះ​គ្រប់​ឧបសគ្គ ប្តូរ​ជីវិត ដើម្បី​នាំ​មក​នូវ​លំនឹង​នយោ​​បាយ​ក្នុង​ប្រទេស និង​ការ​​រស់​ឡើង​វិញនូវ​ប្រពៃ​ណី វប្ប​ធម៌ ក៏​ដូច​ជា​ការ​កើត​មាន​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ការ​គោរព​ និង​ការ​លើក​កំពស់​សិទ្ធិ​សេរី​ភាព ក៏​ដូច​ជា​បាន​ពង្រីក​នូវ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទាំង​ក្នុង​តំបន់ និង​សាកល​លោក ។ ប៉ុន្តែ​​គួរ​ឱ្យ​សោក​ស្តាយ​ជា​ពន់​ពេក​ ក្នុង​ខណៈ​ពេល​ដែលរាជ​រដ្ឋា​ភិបាល​​បាន​និង​កំពុង​គោរព​យា៉ង​ត្រឹម​ត្រូវ​តាម​ច្បាប់​​រដ្ឋ​ធម្មនុ​ញ្ញ​ និង​ប្រកាន់​ខ្ជាប់​នូវ​របប​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​​សំខាន់​បំផុត​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស បែរ​ជា​មាន​ក្រុម​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​មួយ​​ក្រុម​តូច​មើល​រំលង​ពី​ការ​ពិត និង​បាន​បន្ទាប​បន្ថោក​តំលៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា ដើរ​ថយ​ក្រោយ ដោយ​ពួក​គេ​ប្រែ​ក្លាយ​ទិវា​​សិទ្ធិ​មនុស្ស​១០ ធ្នូ ដើម្បី​នាំ​គ្នា​ដើរ​ដង្ហែក្បួន​នៅ​តាម​ដង​ផ្លូវ ទាម​ទារ​ការ​ប្រែ​ក្លាយ​ប្រព័ន្ធ​យុត្តិ​ធម៌ សិទ្ធិ​សេរី​ភាព សេច​ក្តី​ថ្លៃ​ថ្នូរ និង​ការ​រស់​នៅ​សម​រម្យ​របស់​ប្រជា​ពល​រដ្ឋ​ទៅ​វិញ ។

ក្នុង​ចំណោម​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ទាំង​នោះ ក៏​ឃើញ​មាន​គណៈ​កម្មាធិ​ការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​សមា​គម​កា​រពារ​សិទ្ធិ​​មនុស្ស​​របស់​លោក​ធន់ សារ៉ាយ, លោក​សុខ សំអឿន, លោក​ស្រី ពុង ឈីវ​ហ្កិច ជា​មេ​ដឹក​នាំ​ចលនា​តវ៉ា​នោះ​ផង​ដែរ ។ តើ​សម​គួរ​នឹង​ពួក​គេ​បង្កើត​បញ្ហា​រំខាន​សន្តិ​សុខ​ សណ្តាប់​ធ្នាប់ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ ដែល​ជា​ថ្ងៃ​ឈប់​សំរាក​​របស់​ប្រជា​ពល​រដ្ឋ​នោះ​ដើម្បី​អ្វី? ជា​ចំលើយ​បឋមយើង​អាច​គិត​បាន​ថា សកម្ម​ភាព​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​​បំផ្លើស​ការ​ពិត ដើម្បី​ផ្គាប់ផ្គុន​បរទេស​ចង់​បាន​ប្រាក់​ជំនួយ​តែ​ប៉ុណ្ណោះ ឬ​យើង​អាច​និយាយ​ម្យ៉ាង​ទៀត​ថា «បើ​ពួក​គេ​សរសើរ​ពី​ការ​រីក​ចំរើន​នៃ​ការ​គោរព​​សិទ្ធិ​មនុស្ស គឺ​ប្រាកដ​ណាស់​ថា ពួក​គេ​នឹង​ត្រូវ​ខាត​បង់​ប្រាក់​ជំនួយ​ ឬ​អស់​អាជីព ។ ជា​រឿង​ពុំ​គួរ​គប្បី​នោះ​ទេ ដែល​អង្គ​ការ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋា​ភិបាល​មួយ​ក្រុម​តូច​បាន​ឆ្លៀត​ឆក់​យក​ឱកាស​នេះ ដើម្បី​បរិហារ​រិះ​គន់​មក​លើ​រាជ​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ និង​ជុំ​វិញ​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា ។ ពួក​គេ​បាន​អះ​អាង​ថា សកម្ម​ជន​​ការ​​ពារ​សិទ្ធិ​មនុស្ស​​​ត្រូវ​រង​ការ​គំរាម​កំហែង​ និង​ចោទ​ថា ពល​រដ្ឋ​​​ពុំ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​កា​របញ្ចេញ​មតិ​ជា​ដើម ។

ប៉ុន្តែ​កា​រពិត ​នៅ​កម្ពុជាគឺ​ប្រៀប​បាន​ទៅ​នឹង​ឋាន​សួគ៌​នៃ​សិទ្ធិ​​សេរី​ភាព​​ទៅ​ហើយ ពី​ព្រោះ​យោង​​តាម​រដ្ឋ​ធម្មនុ​ញ្ញ​មាត្រា​៣១​បាន​ចែង​ថា ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ សេច​ក្តី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​កតិ​កា​សញ្ញា​ ព្រម​ទាំងអនុសញ្ញា​​ទាំង​ឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​​​មនុស្ស ។ មាត្រា​៤១ គឺប្រជា​​ពល​រដ្ឋ​​ខ្មែរ​មាន​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរី​ភាព​ខាង​សារ​ព័ត៌​មាន ​សេរី​ភាព​​ខាង​ការ​បោះ​ពុម្ព​ផ្សាយ​ សេរី​ភាព​​ខាង​ការ​ប្រជុំ ។ មាត្រា​៤២ គឺ​ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​បង្កើត​សមា​គម និង​គណ​បក្ស​​នយោ​បាយ​ ។ កម្ម​ករ​មាន​សិទ្ធិ​បង្កើត​សហ​ជីព និង​និយោ​ជក​មាន​សិទ្ធិ​បង្កើត​សមា​គម​និយោ​ជក ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​ងារ​នៅ​កម្ពុជា ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​សហ​ជីព​ចំនួន​ប្រមាណ​១​ពាន់​ និង​សហ​ព័ន្ធ​​២៧ និង​មាន​សមា​គម ក៏​ដូច​ជា​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​ជាង​៣​ពាន់ បាន​និង​កំពុង​​ធ្វើ​សកម្ម​ភាព​ការ​ងារ​របស់​ខ្លួន​យ៉ាង​ផុល​ផុស ​ចំណែក​វិទ្យុ​មិន​គាំទ្រ​ និង​គាំទ្រ​រាជ​រដ្ឋា​ភិបាល​ជា​ច្រើន និង​សារ​ព័ត៌​មាន​ វិទ្យុ គេហ​ទំព័រ ​ដែល​មាន​ការ​គាំទ្រ​មក​ពី​ចំរុះ​និន្នា​ការ ។ ក្រៅ​ពី​នេះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជាតែង​តែ​មាន​ការ​បោះ​ឆ្នោត​​ទៀង​ទាត់​រាល់៥​ឆ្នាំ​ម្តង និង​មាន​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា បោះ​ឆ្នោត​ឃុំ​-សង្កាត់ រាជ​ធានី​យ៉ាង​ទៀង​ទាត់ ។

រាជ​រដ្ឋា​ភិបាល​កម្ពុជា ប្រកាន់​យក​របប​សភា​​អាស្រ័យ​ធម្ម​នុញ្ញ ​ដែល​មាន​ពហុ​គណ​បក្ស​នយោ​បាយ​​ចូល​រួម​ប្រកួត​ប្រជែង ដោយ​សេរី​ ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ ។ នៅ​ពេល​យុទ្ធ​នា​ការ​បោះ​ឆ្នោត​ គណ​បក្ស​​នីមួយៗ​បាន​រិះ​គន់​រដ្ឋា​ភិបាល​ដោយ​ឥត​សំចៃ​មាត់ ហើយ​ការ​បោះ​ឆ្នោត​ចាប់​ពី​ពេល​ចាប់​​ផ្តើម​រហូត​ដល់​ការ​ប្រកាស​លទ្ធ​ផល​​ចុង​ក្រោយ​​ពុំ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ការ​សំលាប់​មនុស្ស​កើត​ឡើង​ទេ ដោយ​មាន​អ្នក​សង្កេត​ការណ៍​​ជាតិ-អន្តរ​ជាតិ​រាប់​រយ​នាក់ តាម​ឃ្លាំ​មើល​គ្រប់​ការិយា​​​ល័យ ។ ទាំង​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ប្រទេស​កម្ពុជា ពោរ​ពេញ​ដោយ​ការ​បើក​ចំហ​យ៉ាង​ទូលាយ​នូវ​សិទ្ធិ​សេរី​ភាព​ និង​ប្រជា​ធិប​តេយ្យ ដែល​មិន​អាក្រក់​ដូច​ការ​មួល​បង្កាច់​ដោយ​ក្រុម​សមា​គម​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ បាន​នាំ​មក​នូវ​ទំនុក​ចិត្ត​ដល់​ប្រទេស​ម្ចាស់​ជំនួយ ដែល​ក្នុង​ឆ្នាំ​ចុង​ក្រោយ​​នេះ​ក្រុម​ប្រទេស​ទាំង​នេះ​បាន​ផ្តល់​ទឹក​ប្រាក់​ចំនួន​១.១០០​លាន​ដុល្លារ​អាមេ​រិក​ដល់​កម្ពុជា នេះ​​គឺ​ជា​​ជោគ​ជ័យ​ដ៏​ធំ​ធេង​របស់​រាជ​​រដ្ឋា​ភិបាល ។ ដូច្នេះ​សកម្ម​ភាព​នាំ​គ្នា​ដង្ហែ​ក្បួន​តវ៉ា​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​១០​ធ្នូ  គឺ​ហាក់​បី​ដូច​ជា​ពួកគេ​នាំគ្នា​បំផ្លាញ​សន្តិ​ភាព​នៅកម្ពុជា ឬ​អាច​ចាត់​ទុកថា ជា​ការ​ទាម​ទារ​សិទ្ធិ​សេរី​ភាព​ហួស​ព្រំ​ដែន ដែល​ពួក​គេ​ប្រៀប​បាន​នឹង​ក្រុម​ជន​ឱកាស​និយម ឆ្លៀត​កេង​ផល​ប្រយោជន៍​បុគ្គល​សួន​តួ​តែ​ប៉ុណ្ណោះ គឺ​ពុំ​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ជា​​ធំ​នោះ​ទេ ៕

ដោយ​ ៖ រួមជាតិ