ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេអណ្តើក​បោក​ស្ត្រី​​ទៅ​ស្រុក​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​មេអណ្តើក​២​នាក់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារអនីតិជន​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​កាន់​សាលាដំបូង ពាក់ព័ន្ធ​នឹង​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​មេអណ្តើក​២​នាក់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារអនីតិជន​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​កាន់​សាលាដំបូង ពាក់ព័ន្ធ​នឹង​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។ ស្ត្រី​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ សុខា រដ្ឋធានី ហៅ​យ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប និង​ម្នាក់​ទៀត​ឈ្មោះ ថា​ច់ ដា​វី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ។ ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​មុខ វត្ត​មហា​មេត្រី តាម​ផ្លូវ​លេខ​១៧៣ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង ។

ទាក់ទិន​នឹង​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេអណ្តើក​នាំ​មនុស្ស​ឆ្លង​ដែន​មិន​ស្របច្បាប់ បញ្ជូន​ទៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​នេះ លោក​វរ​សេនី​យ៍​ឯក កែវ ធា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា កម្លាំង​ការិយាល័យ​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ខាងលើ នៅ​មុខ​វត្ត​មហាមន្ត្រី ក្នុង​សង្កាត់​បឹង​កេងកង​២ខណ្ឌ​បឹង​កេងកង ខណៈ​ស្ត្រី​ទាំង​២​នាក់​នេះ កំពុង​ធ្វើ​ដំណើរ​ចេញ​ទៅ​នាំ​ស្ត្រី​រង​គ្រោះ ដើម្បី​ឆ្លង​ដែន​តាម​ប្រទេស​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន ។ ជាមួយ​នេះ សមត្ថកិច្ច​ក៏​បាន​រំដោះ​និង​អញ្ជើញ​ជន​រង​គ្រោះ​៤​នាក់​ទៅ​ធ្វើការ​បំភ្លឺ​ជុំវិញ​អ្វី​ដែល​ពួក​នាង​ចង់ទៅ​យកប្តី​ចិន ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ វ៉ា សា​មិ អាយុ​២៤​ឆ្នាំ រៀបរាប់​ថា កាលពី​ខែ​មុន​មាន​ប្អូនជីទួតមួយ​ឈ្មោះ យ៉ា ដែល​គេ​មាន​ប្តី​ជា​ជនជាតិ​ចិន និងរស់នៅ​ប្រទេស​ប្រទេស​ចិន បាន​មក​លេង​ស្រុកខ្មែរ​ជួប​នាង ។ ដោយ​ឃើញ​ជីវ​ភាព​​នាង​មានការ​ខ្វះខាត គេ​ក៏​បាន​សួរ​នាង​ថា​ចង់ទៅ​យកប្តី​ចិន​និង​រស់នៅ​ប្រទេស​ចិន​អត់ ? យកប្តី​ចិន​នឹង​មាន​លុយ​ចាយ​ធូរធារ ហើយ​បើ​កូនកំលោះ​ចិន​គេ​ពេញចិត្ត គេ​ប្រគល់​លុយ​ឲ្យ​ច្រើន​ៗ នាង​នឹង​បាន​លុយ​ផ្ញើ​មក​ឲ្យ​ឪពុក​ម្តាយ​ទៀត​ផង ។

ពេល​ឮ​ថា​បាន​ប្តី​ចិន​និង​ទៅ​រស់នៅ​ប្រទេស​ចិន នាង​ក៏​ឆ្លើយ​ភ្លាម​ថា​«​ចង់ទៅ​» ទើប​អ្វី​ៗ​សម្រេច​តាម​មេអណ្តើក​ទាំងអស់ គ្រាន់តែ​ដំបូង​មេអណ្តើក​តម្រូវ​ឱ្យ​នាង​ធ្វើ​លិខិតឆ្លងដែន ដើម្បី​ត្រៀមចាំ​គេ​នាំ​ចេញពី​ស្រុក​ខ្មែរ ។ លុះ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ឈ្មោះ យ៉ា បាន​មក​ស្រុក​ខ្មែរ និង​នាំ​នាង​ទៅ​ស្នាក់​នៅផ្ទះ​សំណាក់​កា​ពី​តូ​ល បន្ទប់​លេខ​១២ ជាន់​ទី​២ ពេល​នាង​ទៅ​ស្នាក់​នៅ​ទីនោះ​ក៏​បាន​ជួប​ស្ត្រី​រង​គ្រោះ​៣ នាក់​ទៀត ។

ថ្ងៃ​ទី​២៥ ខែកក្កដា ឈ្មោះ យ៉ា បាន​នាំ​ពួក​នាង​ទាំង​៤​នាក់​ទៅ​ដើរ​លេង​ផ្សារ និង​ទិញ​សម្លៀក​បំពាក់​ឲ្យ​គ្រប់​គ្នា ដើម្បី​រៀបចំ​ខ្លួន​ទៅ​យកប្តី​ចិន ក្នុង​នោះ​ក៏​មានឈ្មោះ ថា​ច់ ដា​វី ចូលរួម​ដែរ ។ លុះ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឈ្មោះ យ៉ា បាន​នាំ​ពួក​នាង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​ដល់​មុខ​វត្ត​មហាមន្ត្រី បម្រុង​ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ចេញដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម និង​បន្ត​ទៅ​ប្រទេស​ចិន​ទៀត ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងអស់​គ្នា​តែ​ម្តង​ទៅ ។

ចំណែក​ស្ត្រី​រង​គ្រោះ​៣​នាក់​ទៀត មានឈ្មោះ ស៊ុម ថា​វី អាយុ​១៧​ឆ្នាំ ឈ្មោះ ថន ចាន់​ធី អាយុ​១៦​ឆ្នាំ និង​ឈ្មោះ នី ម៉ី អាយុ​១៧​ឆ្នាំ ក៏​បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​ជា​មេអណ្តើកទាំង​២​នាក់ ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស ទាក់ទិន​ទៅ​នឹង​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់ ។

ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ចំណែក​ជន​រង​គ្រោះ​ដែលចង់បាន​ប្តី​ចិន សមត្ថកិច្ច​ប្រគល់​ឲ្យ​អាណាព្យាបាល​របស់​ពួក​គេ​វិញ ។ មេអណ្តើក​ទាំង​២​នាក់​នោះ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោស​តាម​ច្បាប់ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ