ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាកសិករនៅឃុំដូនកឹង ស្រុកកំចាយមារ បាននាំគ្នាចាប់យកមុខរបរដាំឈូកធ្វើជាមុខរបរទី២ បន្ទាប់ពីការងារធ្វើស្រែចំការ ដោយសារតែមុខរបរនេះងាយស្រួលធ្វើ ហើយផ្តល់ប្រាក់ចំណូលបានច្រើន។
បើតាមបងស្រី អៀង លាង ជាកសិករនៅភូមិពោធិ៍២ ឃុំដូនកឹង ស្រុកកំចាយមារ ដែលកំពុងប្រឡេះគ្រាប់ឈូកទុកហាល បានប្រាប់កោះសន្តិភាពថា បងស្រីបានប្រកបមុខរបរដាំឈូកនេះ១ឆ្នាំមកហើយ ដោយដាំនៅលើដីស្រែទំហំកន្លះហិកតា ហើយពេលនេះគាត់កំពុងតែប្រមូលផលជាបណ្តើរៗហើយ។
បងស្រីប្រាប់បន្តទៀតថា មុខរបរដាំឈូក ងាយស្រួលជាងមុខរបរធ្វើស្រែ ទាំងការដាំដុះ និងការថែទាំ ជាពិសេសផ្លែឈូកសំបូរទីផ្សារមានប៉ុន្មានក៏គេទិញយកអស់ដែរ ដូច្នេះហើយទើបក្រោយពីប្រមូលផលស្រូវរួច អ្នកភូមិពួកគាត់តែងតែបន្តធ្វើការដាំឈូកនៅលើដីស្រែបន្តទៀត ព្រោះមិនចង់ទុកដីឱ្យនៅទំនេរចោល។
បងស្រីបញ្ជាក់ថា ប្រាក់ចំណូលពីការដាំឈូក មិនអាចដោះស្រាយជីវភាពគ្រួសារគាត់បានទាំងស្រុងនោះទេ ប៉ុន្តែវាក៏ជួយឱ្យជីវភាពគាត់បានធូរស្រាលច្រើនដែរ ហើយបើតម្លៃគ្រាប់ឈូកនៅលើទីផ្សារនឹងនរ នោះពួកគាត់ជាអ្នកដាំក៏កាក់កបគួរសមដែរ។
ជាមួយគ្នានេះ បងស្រី អៀង លាង និងកសិករផ្សេងៗទៀតនៅក្នុងឃុំដូនកឹង បញ្ជាក់ប្រាប់ថា ពួកគាត់ចង់បានទីផ្សារឈូកធំជាងបច្ចុប្បន្ន ហើយតម្លៃក៏សូមឱ្យនឹងនរ កុំឱ្យស្ថិតនៅលើមាត់របស់ឈ្មួញដូចសព្វថ្ងៃនេះ។
ចំណែកលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មានប្រសាសន៍ថា ផ្ទៃដីដាំឈូកនៅទូទាំងខេត្តព្រៃវែងមានចំនួន៣៥០០ហិកតា ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែតម្លៃឈូកចុះថោកខ្លាំង ប្រជាកសិករមួយចំនួនបោះបង់មុខរបរនេះចោល ធ្វើឱ្យចំនួននៃការដាំបានថយចុះជាច្រើន។
ប៉ុន្តែនៅឆ្នាំ២០១៩នេះ តម្លៃគ្រាប់ឈូកកើនឡើងខ្ពស់ ទើបប្រជាកសិករមួយចំនួនធំចាប់ផ្តើមប្រកបមុខរបរនេះវិញ បូករួមទាំងកសិករនៅឃុំដូនកឹងផងដែរ ហើយវិធានការចំពោះមុខ មន្ទីរកសិកម្មខេត្តនឹងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត សិក្សារកវិធីសាស្ត្រ ដើម្បីទប់លំនឹងតម្លៃហាងឆេងឈូកនៅលើទីផ្សារ កុំឱ្យធ្លាក់ចុះខ្លាំង រហូតដល់កសិករដាំលែងចំណេញ ហើយបោះបង់មុខរបរនេះចោលដូចឆ្នាំមុនៗទៀត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ