រាជធានីភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ខណៈពេលបើកបរទៅមុខសុខៗស្រាប់តែឈប់រួចបើករ៉ឺយ៉ែរថយក្រោយក្នុងបំណងបត់ត្រឡប់ក្រោយវិញ ដោយកង់ខាងស្ដាំជាន់លើចិញ្ចើមផ្លូវ ហើយមិនទាន់បានបត់ផង ស្រាប់តែផុងកង់បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូល ក្នុងទឹកប្រឡាយផ្ងារជើងឡើងតែម្ដង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះ ឈ្នះ ហៅផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចវាលខ្លែងតាឯក ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តស្ទូចមួយគ្រឿងខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣B-២៦០៩ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មិនមានរងរបួសនោះទេ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តស្ទូចមួយគ្រឿងខាងលើបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ អ្នកបើកបរបានប្ដូរចិត្តដោយបានឈប់អែបទៅចិញ្ចើមផ្លូវ ។ បន្ទាប់មក៏បានបើករ៉ឺយែរថយក្រោយសសៀរតាមចិញ្ចើមផ្លូវក្នុងបំណងបត់ត្រឡប់ក្រោយវិញ ស្រាប់តែផុងកង់ក្រោយខាងស្ដាំរួចក៏ក្រឡាប់ផ្ងារជើងចូលទៅក្នុងទឹកប្រឡាយទាំងកម្រោលតែម្ដង។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ខណៈនោះគេស្មានថាអ្នកបើកបររងរបួសធ្ងន់ឬក៏អាចស្លាប់ថែមទៀតផង ប៉ុន្តែសំណាងល្អ អ្នកបើកបរមិនមានរងរបួសនោះឡើយ ក៏បានលូនចេញពីក្នុងកាប៊ីនរថយន្ត ដើរឡើងគោកដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅពិនិត្យកន្លែងកើតហេតុ ដោយឃើញថាមិនមានប៉ះពាល់ដល់អ្នកដទៃ ទើបឲ្យម្ចាស់រករថយន្តស្ទូចផ្សេងទៀតដើម្បីមកស្ទូចយករថយន្តដែលក្រឡាប់នោះទៅធ្វើការជួសជុលដោយខ្លួនឯង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ